លោកអ្នកកំពុងតែនៅក្នុង
- គោលដៅជីវិត
- សេវាកម្មធនាគារ ប្រចាំថ្ងៃ
- ប្រើសេវាធនាគារយើងខ្ញុំ
- កម្មវិធីពិសេស
- ជំនួយ និង ការគាំទ្រ
- តំណភ្ជាប់រហ័ស
លោកអ្នកកំពុងតែនៅក្នុង
We will be right with you.
ដើម្បីជាតម្លៃតបស្នងដល់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលមានទីស្នាក់ការចុះបញ្ជី នៅផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ១២០២១១ (ហៅកាត់ថា "ធនាគារ") ដែលយល់ព្រមផ្តល់ជូននូវ ឥណទានតាមរយៈការប្រើប្រាស់ប័ណ្ណ វីសា ( ហៅកាត់ថា "ប័ណ្ណ") ទៅឲ្យបុគ្គលដែល មានឈ្មោះនៅលើប័ណ្ណ (ហៅកាត់ថា "ម្ចាស់ប័ណ្ណ") ម្ចាស់ប័ណ្ណតទៅនេះសន្យាទទួលខុសត្រូវ និងយល់ព្រមអនុវត្តដោយគោរពទៅតាមបញ្ញត្តិ និងលក្ខខណ្ឌដូចមានចែងខាងក្រោម៖
និយមន័យ
|
1. នៅនៅក្នុងកិច្ចព្រមព្រៀងនេះ ពាក្យ និងឃ្លាដូចមាននៅក្នុងការពន្យល់ខាងក្រោមនេះ នឹងមានអត្ថន័យដូចដែលបានកំណត់ លុះត្រាតែមានការកំណត់ជាក់លាក់ផ្សេងពីនេះ៖
(ក) "ការជូនដំណឹងទុកជាមុន " មានន័យថាជាការជូនដំណឹងជាមុនរយៈពេលបីថ្ងៃ(៣)នៃថ្ងៃធ្វើការ ដែលនឹងត្រូវបានចាត់ទុកថា ជាការជូនដំណឹងដែលមានរយៈពេលគ្រប់គ្រាន់ទៅម្ចាស់ប័ណ្ណ។
(ខ) “កិច្ចព្រមព្រៀងនេះ” មានន័យថាការព្រមព្រៀងរវាងម្ចាស់ប័ណ្ណជាមួយធនាគារ ឲ្យម្ចាស់ប័ណ្ណដោយផ្អែកលើបញ្ញត្តិ និងលក្ខខណ្ឌដូចមានចែងនៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះរួមទាំងបញ្ញត្តិ និងលក្ខខណ្ឌដែលមានចែងនៅក្នុងពាក្យស្នើសុំ ដែលបានចុះហត្ថលេខា និងដាក់ជូនមកកាន់ធនាគារដោយម្ចាស់ប័ណ្ណ នៅពេលធ្វើការស្នើសុំសម្រាប់ការចេញប័ណ្ណវីសា និងរួមបញ្ចូលផងដែរនូវរាល់បញ្ញត្តិ និងលក្ខខណ្ឌផ្សេងទៀតដែលត្រូវបានបន្ថែម ឬកែប្រែផ្សេងពីនេះ នៅពេលណាមួយ។
(គ) “ធនាគារ" មានន័យថាធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានទីស្នាក់ការចុះបញ្ជីនៅផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១១ ព្រះរាជាណាចក្រកម្ពុជា រួមទាំងអ្នកស្នងសិទ្ធិ និងអនុប្បទានិករបស់ធនាគារ។
(ឃ) “ប័ណ្ណ" មានន័យថា ប័ណ្ណវីសាដែលចេញដោយធនាគារទៅតាមប្រភេទ ឬម៉ាកដែលធនាគារអាចណែនាំ ឬជំនួសនៅពេលណាមួយ និងត្រូវរាប់បញ្ចូលទាំងប័ណ្ណដែលបានចេញឲ្យ ដោយរួមបញ្ចូលឈ្មោះជាមួយតតិយជនណាម្នាក់ និងប័ណ្ណរងនៅក្នុងបរិបទដូចដែលបានអនុញ្ញាត។
(ង) "ម្ចាស់ប័ណ្ណ" មានន័យថា បុគ្គលដែលមានឈ្មោះនៅលើប័ណ្ណ និងរួមបញ្ចូល ទាំងម្ចាស់ប័ណ្ណរង និងត្រូវរួមបញ្ចូលទាំងអ្នកទទួលមរតក អ្នកតំណាង និងអ្នកស្នងសិទ្ធិរបស់ពួកគេ។
(ច) “គណនីប័ណ្ណ" មានន័យថាគណនីរបស់ម្ចាស់ប័ណ្ណដូចដែលបរិបទអាចតម្រូវ ដែលប្រើសម្រាប់ដកឥណពន្ធលើការបង់ប្រាក់សម្រាប់ប្រតិបត្តិការទិញទំនិញ ឬសេវាកម្ម និងការដកប្រាក់ទាំងអស់ដែលធ្វើឡើងតាមរយៈការប្រើប្រាស់ប័ណ្ណនេះ និងគ្រប់សោហ៊ុយប្រចាំឆ្នាំ និងកម្រៃសោហ៊ុយផ្សេងៗទៀត និង/ឬ កម្រៃលើការទូទាត់សងយឺត។
(ឆ) “លេខគណនីប័ណ្ណ" មានន័យថាជាលេខគណនី ដែលតំណាងឲ្យគណនី ប័ណ្ណនេះហើយ ដែលត្រូវបានគេបំផុសឡើងនៅលើប័ណ្ណដូចដែលបរិបទអាចតម្រូវ ។
(ជ) “ពាណិជ្ជករ" ត្រូវរួមបញ្ចូលពាណិជ្ជករទាំងអស់ ដែលផ្គត់ផ្គង់ទំនិញ និង/ឬ សេវាកម្ម។
(ឈ) "សមតុល្យថ្មី" មានន័យថា ជាចំនួនទឹកប្រាក់ដែលជំពាក់សរុបដូចបង្ហាញ នៅក្នុងរបាយការណ៍គណនី។
(ញ) “សោហ៊ុយសម្រាប់ការជំនួសប័ណ្ណ" គឺជាសោហ៊ុយដែលបង់ដោយម្ចាស់ប័ណ្ណ សម្រាប់ការចេញប័ណ្ណជំនួស។
(ដ) "របាយការណ៍គណនី" មានន័យថាជាឯកសារសង្ខេប ដែលផ្ដល់ដោយធនាគារទៅឲ្យម្ចាស់ប័ណ្ណ ដែលបង្ហាញពីការធ្វើប្រតិបត្តិការទាំងអស់ ការប្រាក់ សោហ៊ុយ កម្ចី ការទូទាត់ ការកែតម្រូវទាំងអស់ (ប្រសិនបើមាន) និងចំនួនទឹកប្រាក់អប្បបរមា។
(ថ) "វីសា មានន័យថាជាក្រុមហ៊ុនវីសា វើលវ៉ាយដ៍ (Visa Worldwide Pte.) ដែលមានការិយាល័យស្ថិតនៅអាគារលេខ ៧១ Robinson Road, #0៨-0១, ប្រទេសសឹង្ហបុរី 0៦៨៨៩៥។
ការចេញប័ណ្ណ
|
2. កាតកិច្ចទូទាត់បំណុលរបស់ម្ចាស់ប័ណ្ណ
ម្ចាស់ប័ណ្ណ ដែលក្នុងនាមជាម្ចាស់ប័ណ្ណដើម និងម្ចាស់ប័ណ្ណរងទាំងអស់ត្រូវ ទទួលខុសត្រូវជារួម និងដោយឡែកចំពោះការទូទាត់រាល់ប្រតិបត្តិការទាំងអស់ ការប្រាក់ កម្រៃផ្សេងៗ និងការចំណាយទាំងអស់កើតឡើងក្រោមគណនីប័ណ្ណ តាមរយៈការប្រើប្រាស់ប័ណ្ណ ប៉ុន្តែមិនកំណត់ត្រឹមកម្រៃ ដែលមិនអាចទូទាត់សងត្រឡប់ទៅវិញ ពន្ធអាករនានាដែលមានចែងក្នុងច្បាប់ រហូតដល់បានធ្វើការទូទាត់ គ្រប់ចំនួនមកឲ្យធនាគារ។
ម្ចាស់ប័ណ្ណ នៅតែមានកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួននៅក្នុងករណីមានការចេញប័ណ្ណថ្មី ឬមានការជំនួសប័ណ្ណដោយធនាគារ និងនៅក្នុងករណីបញ្ចប់ការប្រើប្រាស់ប័ណ្ណដោយហេតុផលណាមួយក៏ដោយ។ ដោយមិនចាំបាច់ជូនដំណឹងទុកជាមុនដល់ម្ចាស់ប័ណ្ណ ធនាគាររក្សាសិទ្ធិ និងមានសិទ្ធិគ្រប់គ្រាន់ដើម្បី៖
(ក) យល់ព្រម ឬបដិសេធចេញប័ណ្ណដល់ម្ចាស់ប័ណ្ណ ទោះបីជាម្ចាស់ប័ណ្ណ បំពេញលក្ខខណ្ឌនានាក្នុងការចេញប័ណ្ណ ដែលបានកំណត់ដោយធនាគារក៏ដោយ
(ខ) អនុម័ត ឬបដិសេធប្រតិបត្តិការណាមួយទោះបីជាប្រតិបត្តិការនោះស្ថិតនៅ ក្នុងកម្រិតឥណទានដែលអាចផ្ដល់ឲ្យក៏ដោយ
(គ) បញ្ចប់ការប្រើប្រាស់ប័ណ្ណរបស់ម្ចាស់ប័ណ្ណនៅពេលណាមួយក៏បាន
(ឃ) បង្កើន ឬបន្ថយកម្រិតឥណទាន
(ង) បដិសេធក្នុងការចេញប័ណ្ណម្តងទៀត ចេញប័ណ្ណថ្មី ប័ណ្ណជំនួសឬ ពន្យារសុពលភាពរបស់ប័ណ្ណ និង
(ច) កែតម្រូវ ផ្លាស់ប្តូរ កំណត់ ឬលុបចោលសេវាកម្ម និង អត្ថប្រយោជន៍នានាដែលទាក់ទងនឹងប័ណ្ណ និងគណនីរបស់ម្ចាស់ប័ណ្ណ។
ធនាគារមិនទទួលខុសត្រូវចំពោះការទាមទារថ្លៃចំណាយ ឬការទាមទារសំណង ជម្ងឺចិត្តណាមួយ ដែលធ្វើឡើងដោយម្ចាស់ប័ណ្ណ ប្រសិនបើធនាគារមិនអនុម័ត ប្រតិបត្តិការណាមួយពីគណនីរបស់ម្ចាស់ប័ណ្ណ និង/ឬ ប្រសិនបើពាណិជ្ជករមិនទទួលយកប័ណ្ណ ទោះបីប្រតិបត្តិការនោះស្ថិតនៅក្នុងចំនួនកម្រិត ដែលអាចផ្ដល់ឲ្យក៏ដោយ។ ធនាគារអាចកម្រិតចំនួនប្រតិបត្តិការប្រចាំថ្ងៃ និង/ ឬ ចំនួនទឹកប្រាក់ ប្រតិបត្តិការប្រចាំថ្ងៃ។
ប្រសិនបើធនាគាររកឃើញថា មានសកម្មភាពគួរឲ្យសង្ស័យ ឬខុសប្រក្រតីណាមួយ ទាក់ទងនឹងគណនី ធនាគារអាចស្នើសុំឲ្យម្ចាស់ប័ណ្ណទាក់ទងមកកាន់ធនាគារ និង/ ឬ ផ្អាកជាបណ្តោះអាសន្ននូវសិទ្ធិទាំងអស់ក្នុងការប្រើប្រាស់ប័ណ្ណ លុះត្រាតែធនាគារពិនិត្យរួចរាល់។ ធនាគារអាចអនុម័តប្រតិបត្តិការនានា ដែលមានចំនួនទឹកប្រាក់សរុបលើសពីចំនួនកម្រិតតាមឆន្ទានុសិទ្ធិរបស់ធនាគារ។ ម្ចាស់ប័ណ្ណត្រូវទទួលបន្ទុកលើគ្រប់ហានិភ័យ ដែលកើតមានឡើងទាក់ទងនឹងប្រតិបត្តិការរបស់គណនី។
3. ហត្ថលេខាលើប័ណ្ណ និងការអនុលោមតាមច្បាប់
(ក) នៅពេលទទួលបានប័ណ្ណ ម្ចាស់ប័ណ្ណត្រូវចុះហត្ថលេខាភ្លាមៗនៅលើប័ណ្ណ (ដោយប្រើហត្ថលេខាដែលដូចគ្នាទៅនឹងហត្ថលេខា ដែលបង្ហាញនៅក្នុង ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណ) និងនៅលើឯកសារ/លិខិតស្តីពីការទទួលស្គាល់នៃការទទួលបានណាមួយ ដែលតម្រូវដោយធនាគារ និងត្រូវធ្វើការបញ្ជូនត្រលប់មកកាន់ធនាគារវិញនូវឯកសារទាំងនោះ។ ហត្ថលេខារបស់ម្ចាស់ប័ណ្ណនៅលើប័ណ្ណ ឬនៅលើរបាយការណ៍ទិញទំនិញ របាយការណ៍ប្រតិបត្តិការ សក្ខីប័តឥណទាន របាយការណ៍ដកប្រាក់ និង/ឬរបាយការណ៍ស្តីពីបន្ទុកផ្នែកហិរញ្ញវត្ថុ និង/ឬការប្រើប្រាស់ប័ណ្ណឥណទាន និង/ឬការបញ្ជូនត្រលប់មកវិញ នូវឯកសារ/លិខិតស្តីពីការទទួលស្គាល់នៃការទទួលបាននឹងបង្កើតជាភស្តុតាងចងភ្ជាប់ និងគ្មានមន្ទិលដែលបញ្ជាក់អំពីការបង្កើតកិច្ចព្រមព្រៀងនេះរវាងម្ចាស់ប័ណ្ណជាមួយនឹងធនាគារ។
(ខ) ប័ណ្ណនេះគឺមិនអាចត្រូវបានផ្ទេរ និងត្រូវប្រើប្រាស់ដោយម្ចាស់ប័ណ្ណតែប៉ុណ្ណោះ។ ប័ណ្ណនេះ មិនអាចត្រូវបានគេដាក់ធ្វើជាវត្ថុធានាសម្រាប់គោលបំណងណាមួយឡើយ។
(គ) ម្ចាស់ប័ណ្ណអាចបញ្ចប់ការប្រើប្រាស់ប័ណ្ណនេះ នៅពេលណាមួយក៏បាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់ធនាគារ និងបញ្ជូនត្រលប់មកធនាគារវិញ នូវប័ណ្ណដែលត្រូវបានកាត់ត្រង់បន្ទះម៉ាញេទិក និងបន្ទះឈីប (ករណីប័ណ្ណដែលមានបន្ទះឈីបតូចមួយបង្កប់នៅក្នុងនោះ) ដើម្បីជាការការពារ។ ម្ចាស់ប័ណ្ណ ត្រូវបន្តទទួលខុសត្រូវចំពោះគ្រប់ប្រតិបត្តិការទាំងអស់ ដែលបានកើតឡើងតាមរយៈការប្រើប្រាស់ប័ណ្ណនេះ មុនពេលដែលធនាគារ ទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរ ស្ដីពីការបញ្ចប់ការប្រើប្រាស់រួមជាមួយប័ណ្ណដែលត្រូវបានកាត់។
(ឃ) ការប្រើប្រាស់ប័ណ្ណនេះក៏ត្រូវគោរពតាមលក្ខខណ្ឌទូទៅ វិធាន និង បញ្ញត្តិ របស់ធនាគារ និងបញ្ញត្តិ លក្ខខណ្ឌ និងបទប្បញ្ញត្តិដ៏ទៃទៀតទាំងអស់ ដែលគ្រប់គ្រងលើគណនីផ្សេងទៀតរបស់ម្ចាស់ប័ណ្ណ រួមបញ្ចូលទាំងបទប្បញ្ញត្តិ ណាមួយរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការគ្រប់គ្រងការប្តូរប្រាក់ផងដែរ។ ម្ចាស់ប័ណ្ណ ត្រូវគោរពតាមច្បាប់ នឹងបទប្បញ្ញត្តិដែលពាក់ព័ន្ធគ្រប់ពេលវេលា និងធានាការគោរពទៅតាមគ្រប់បទប្បញ្ញត្តិស្តីពីការគ្រប់គ្រង ការប្តូរប្រាក់ របស់ធនាគារជាតិនៃកម្ពុជា និងធានាថានឹងមិនប្រើប្រាស់ប័ណ្ណសម្រាប់ សកម្មភាពមិនស្របច្បាប់ណាមួយដូចជា ប៉ុន្តែមិនកំណត់ត្រឹមការលេងល្បែងភ្នាល់តាមបណ្តាញអ៊ីនធើណេត(ដែលឃ្លាទាំងនេះត្រូវបានគេស្គាល់ជាទូទៅ)។
ការប្រើប្រាស់ប័ណ្ណ
|
4. ការហាមឃាត់ក្នុងការប្រើប្រាស់ប័ណ្ណ
ម្ចាស់ប័ណ្ណ យល់ព្រមថានឹងមិនប្រើប័ណ្ណក្នុងគោលបំណងមិនស្របច្បាប់ណាមួយឡើយ រួមបញ្ចូលទាំងការបំពានបទប្បញ្ញត្តិស្តីពីការប្តូរការវិនិយោគ និងការប្រើប្រាស់រូបិយប័ណ្ណ។
5. ប្រតិបត្តិការទិញ(ទំនិញ/សេវាកម្ម)
ម្ចាស់ប័ណ្ណ អាចប្រើប្រាស់ប័ណ្ណដើម្បីធ្វើប្រតិបត្តិការទិញ នៅក្នុងហាងរបស់ពាណិជ្ជករណាមួយ។ ម្ចាស់ប័ណ្ណ ត្រូវផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវតាមការស្នើសុំរបស់ធនាគារ សម្រាប់គោលបំណងអនុម័តលើប្រតិបត្តិការរបស់ធនាគារ។ ធនាគារមានសិទ្ធិ ដកឥណពន្ធពីគណនីប័ណ្ណតាមចំនួនទឹកប្រាក់ ដែលម្ចាស់ប័ណ្ណបានធ្វើប្រតិបត្តិការ។ ធនាគារមិនទទួលខុសត្រូវចំពោះគុណភាព ឬការបញ្ជូនទំនិញ និង/ឬសេវាកម្ម ដែលបានធ្វើការទូទាត់តាមរយៈប្រតិបត្តិការទិញឡើយ។ រាល់វិវាទទាំងអស់ដែលទាក់ទងនឹងប្រតិបត្តិការទិញជាបញ្ហារវាងម្ចាស់ប័ណ្ណ និងពាណិជ្ជករតែប៉ុណ្ណោះ។ ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវរាល់ការទាមទារ ការទូទាត់ និងបញ្ហាពាក់ព័ន្ធនានា ដោយផ្ទាល់ជាមួយពាណិជ្ជករ។
6. ប្រតិបត្តិការដកប្រាក់
ម្ចាស់ប័ណ្ណ អាចធ្វើប្រតិបត្តិការដកប្រាក់តាមរយៈគ្រឹះស្ថានទទួលការទូទាត់ (គ្រឹះស្ថានដែលមានការសហការ/ចុះកិច្ចព្រមព្រៀងជាមួយវីសា)។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រតិបត្តិការដកប្រាក់ សូមមើលលើខិត្តប័ណ្ណព័ត៌មានស្ដីអំពីថ្លៃសេវាកម្ម និងកម្រៃផ្សេងៗ។ រាល់ប្រតិបត្តិការដកប្រាក់ទាំងអស់ ដែលធ្វើឡើងតាមរយៈប័ណ្ណ ត្រូវធ្វើឡើងដោយម្ចាស់ប័ណ្ណតែម្នាក់គត់។ ម្ចាស់ប័ណ្ណ លះបង់សិទ្ធិទាមទារការបង្ហាញឯកសារគាំទ្រ ដែលទាក់ទងនឹងប្រតិបត្តិការណាមួយរបស់ប័ណ្ណ និងទទួលស្គាល់ថា របាយការណ៍របស់ធនាគារត្រូវបានសន្មតជាស្រេចមុនថាត្រឹមត្រូវ។ ធនាគាររក្សាសិទ្ធិក្នុងការកម្រិតចំនួនទឹកប្រាក់របស់ប្រតិបត្តិការដកប្រាក់នីមួយៗ និង/ឬចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការដកប្រាក់តាមរយៈប័ណ្ណក្នុងមួយថ្ងៃទៅចំនួនទឹកប្រាក់ដែលបានកំណត់ និង/ឬដែលបានកែប្រែតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយមិនចាំបាច់ជូនដំណឹងទុកជាមុនដល់ម្ចាស់ប័ណ្ណ។
7. ការបញ្ចប់ និង/ឬការផ្អាកការប្រើប្រាស់ប័ណ្ណ
(ក) ប័ណ្ណនេះ គឺជាទ្រព្យសម្បត្តិរបស់ធនាគារគ្រប់ពេលវេលា ហើយនឹងត្រូវបាន ប្រគល់មកឲ្យធនាគារវិញភ្លាមតាមសំណើរបស់ធនាគារ។ ធនាគារអាចដក ផ្អាក និង/ឬបញ្ចប់ការប្រើប្រាស់ប័ណ្ណ និង/ឬសេវាកម្មណាមួយតាមឆន្ទានុសិទ្ធិ របស់ខ្លួន ដោយប្រើការជូនដំណឹងទុកជាមុនតាមដែលធនាគារយល់ថាសមរម្យ និងដោយមិនគិតអំពីថាតើមានការបំពានលក្ខខណ្ឌបានកើតឡើងឬអត់។ ម្ចាស់ប័ណ្ណ ក៏យល់ព្រមថា ធនាគារគឺមិនមានកាតព្វកិច្ចក្នុងការបង្ហាញពី មូលហេតុសម្រាប់ការបញ្ចប់ ឬផ្អាកការប្រើប្រាស់ប័ណ្ណនោះទេ។
(ខ) ដោយមិនគិតពីកាលបរិច្ឆេទនៃការធ្វើប្រតិបត្តិការ ម្ចាស់ប័ណ្ណត្រូវបន្តទទួល ខុសត្រូវចំពោះការប្រើប្រាស់ប័ណ្ណ ទោះបីជាប័ណ្ណត្រូវបានបញ្ជូនត្រឡប់ មកធនាគារវិញក៏ដោយ។
(គ) ក្នុងករណីដែលមានការបញ្ចប់ការប្រើប្រាស់ប័ណ្ណ ទោះបីធ្វើឡើងដោយម្ចាស់ប័ណ្ណ ឬដោយធនាគារ ធនាគារនឹងមិនត្រូវបង្វិលសងនូវថ្លៃសេវា ប្រចាំឆ្នាំទាំងអស់ ឬមួយផ្នែកទៅឲ្យម្ចាស់ប័ណ្ណវិញឡើយ។
8. ករណីបាត់ប័ណ្ណ ឬប័ណ្ណត្រូវបានចោរលួច
(ក) ម្ចាស់ប័ណ្ណ នឹងនៅតែត្រូវទទួលខុសត្រូវចំពោះធនាគារនូវរាល់ទំនិញ និង សេវាកម្មទាំងអស់ដែលបានផ្គត់ផ្គង់ដោយពាណិជ្ជករ និងការដកប្រាក់ដែលកើតឡើងតាមរយៈការប្រើប្រាស់ប័ណ្ណ ទោះបីជាការប្រើប្រាស់នោះត្រូវបាន ឬមិនត្រូវបានអនុញ្ញាតដោយម្ចាស់ប័ណ្ណក៏ដោយ។ ម្ចាស់ប័ណ្ណ ត្រូវមានកាតព្វកិច្ចក្នុងការប្រើប្រាស់ប័ណ្ណ ដោយមានការយកចិត្តទុកដាក់ ថែរក្សា ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីបង្ការការបាត់បង់ ការលួច ឬការប្រើប្រាស់ ដោយការក្លែងបន្លំ។ ម្ចាស់ប័ណ្ណត្រូវធានាសង និងមិនឲ្យធនាគារមានការទទួលខុសត្រូវណាមួយចំពោះការបាត់បង់ ការខូចខាត និងចំពោះថ្លៃចំណាយ ផ្សេងៗ (ទាំងផ្នែកច្បាប់ ឬផ្សេងពីនេះ) ដែលកើតឡើងពីការបំពាន ឬមិនគោរពតាមកាតព្វកិច្ចខាងលើរបស់ម្ចាស់ប័ណ្ណ។ កាតព្វកិច្ចក្នុងការប្រើប្រាស់ ដោយការមានការយកចិត្តដាក់ ថែរក្សា និងការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីបង្ការការបាត់បង់ ការលួច ឬការប្រើប្រាស់ដោយការក្លែងបន្លំរួមមាន៖
ម្ចាស់ប័ណ្ណត្រូវតែធ្វើការរាយការណ៍ជាបន្ទាន់មកធនាគារ និងមន្រ្តីប៉ូលីស មានសមត្ថកិច្ចអំពីការបាត់បង់ និង/ឬករណីមានការលួចប័ណ្ណ និងត្រូវផ្តល់ នូវឯកសារ/លិខិតបញ្ជាក់ជាលាយលក្ខណ៍អក្សរមកកាន់ធនាគារ រួមជា មួយនឹងរបាយការណ៍របស់ប៉ូលីសចំនួនមួយច្បាប់ ក្នុងអំឡុងពេលប្រាំពីរ(៧)ថ្ងៃ គិតចាប់ពីថ្ងៃដែលមានការបាត់បង់ និង/ឬការលួច។ ម្ចាស់ប័ណ្ណនឹងនៅតែត្រូវទទួលខុសត្រូវចំពោះធនាគារនូវរាល់ទំនិញ និងសេវាកម្មទាំងអស់ដែលបានផ្គត់ផ្គង់ដោយពាណិជ្ជករ និងការដកប្រាក់ដែលកើតឡើងតាមរយៈការប្រើប្រាស់ប័ណ្ណដោយបុគ្គលណាម្នាក់ មុនពេលដែលធនាគារទទួល បានការជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់អំពីការបាត់បង់ ឬការលួច។
9. សិទ្ធិក្នុងការទូទាត់
ធនាគារមានសិទ្ធិកាត់យកចំនួនទឹកប្រាក់ណាមួយ ដែលមាននៅក្នុងគណនីរបស់ម្ចាស់ប័ណ្ណ ដែលមាននៅធនាគារ ដើម្បីទូទាត់សងសមតុល្យជំពាក់ណាមួយ ដោយផ្តល់ការជូនដំណឹងទុកជាមុនចំនួនប្រាំពីរថ្ងៃ (៧) ប្រតិទិន។
10. ការបន្តប័ណ្ណជាថ្មី
នៅពេលដែលប័ណ្ណអស់សុពលភាព ធនាគារអាចនឹងចេញប័ណ្ណជំនួសថ្មីឲ្យម្ចាស់ប័ណ្ណ ប៉ុន្តែធនាគារក៏មានសិទ្ធិបដិសេធមិនចេញប័ណ្ណជំនួសថ្មីឲ្យម្ចាស់ប័ណ្ណផងដែរ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ និងដោយមិនចាំបាច់បង្ហាញ ពីមូលហេតុ។
ចំនួនកម្រិតឥណទាន
|
11. ការលើសចំនួនកម្រិត
ម្ចាស់ប័ណ្ណ ត្រូវពិនិត្យជាប្រចាំនូវសមតុល្យជំពាក់សរុបរបស់ខ្លួន ដើម្បីកុំឲ្យសមតុល្យលើសចំនួនកម្រិតនៅពេលណាក៏ដោយ។ អ្នកប្រើប្រាស់ប័ណ្ណត្រូវទទួលខុសត្រូវ ក្នុងការទូទាត់នូវគ្រប់ប្រតិបត្តិការ និងថ្លៃសេវាផ្សេងៗ ដែលបណ្តាលឲ្យសមតុល្យជំពាក់លើសចំនួនកម្រិត។ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធចំពោះប្រតិបត្តិការ ដកសិទ្ធិ និងអត្ថប្រយោជន៍ទាក់ទងនឹងប័ណ្ណរបស់ម្ចាស់ប័ណ្ណណាមួយ និង/ឬគិតថ្លៃសេវាចំពោះការលើសចំនួនកម្រិតឥណទានតាមការកំណត់របស់ធនាគារ និងដោយមិនចាំបាច់មានការជូនដំណឹងទុកជាមុន ប្រសិនបើមានការ ប្រើប្រាស់លើសចំនួនកម្រិតឥណទានកើតឡើង។ ទោះជាធនាគារបានអនុញ្ញាតប្រតិបត្តិការ ដែលនាំឲ្យសមតុល្យជំពាក់លើសចំនួនកម្រិត មិនមានន័យថា ធនាគារកំពុងបង្កើនកម្រិតឥណទានរបស់ម្ចាស់ប័ណ្ណនោះទេ។ ធនាគារអាចទាមទារឲ្យម្ចាស់ប័ណ្ណធ្វើការទូទាត់ភ្លាមៗនូវទឹកប្រាក់ ដែលលើសចំនួនកម្រិតឥណទាន។ ការប្រើប្រាស់ប័ណ្ណឲ្យលើសចំនួនកម្រិតឥណទាន ដោយមិនមានការយល់ព្រមទុកជាមុនពីធនាគារ នឹងត្រូវបានចាត់ទុកថាជាសកម្មភាពក្លែងបន្លំរបស់ម្ចាស់ប័ណ្ណ។
12. ការបង្កើន ឬបន្ថយកម្រិតឥណទាន
ម្ចាស់ប័ណ្ណ ត្រូវផ្តល់សិទ្ធិដោយគ្មានលក្ខខណ្ឌដល់ធនាគារក្នុងការអនុម័ត បង្កើន ឬបន្ថយកម្រិតឥណទាន មិនថាដោយផ្អែកតាមការស្នើសុំពីម្ចាស់ប័ណ្ណ ឬដោយផ្អែកលើប្រវត្តិរបស់គណនីប័ណ្ណនាពេលកន្លងមកក៏ដោយ។ ធនាគារតម្រូវឲ្យមានពាក្យស្នើសុំជាលាយលក្ខណ៍អក្សរពីម្ចាស់ប័ណ្ណមុននឹងធនាគារធ្វើការបង្កើន ឬបន្ថយចំនួនកម្រិតណាមួយតាមការស្នើសុំរបស់ម្ចាស់ប័ណ្ណ។
ថ្លៃសេវាកម្ម និងកម្រៃផ្សេងៗ
|
13. ម្ចាស់ប័ណ្ណយល់ព្រមបង់ថ្លៃសេវាកម្ម និងកម្រៃផ្សេងៗដូចខាងក្រោម៖
(ក) ថ្លៃសេវាប្រចាំឆ្នាំសម្រាប់ប័ណ្ណឥណទានដើម និងប័ណ្ណឥណទានរងនីមួយៗ នៅពេលចេញប័ណ្ណ ឬនៅពេលបន្តសុពលភាពប័ណ្ណ ឬពន្ធអាករផ្សេងៗ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច
(ខ) កម្រៃសេវាសម្រាប់ការចេញប័ណ្ណជំនួស
(គ) កម្រៃផ្សេងៗ សម្រាប់ការផ្តល់ច្បាប់ថតចម្លងនៃរបាយកាណ៍ទិញទំនិញ ឬ របាយការណ៍ដកប្រាក់ និងឯកសារគាំទ្រ ឬសេវាកម្មណាមួយដែលធនាគារ ផ្តល់ជូនម្ចាស់ប័ណ្ណលុះត្រាតែមានការចែងផ្សេងពីនេះដោយធនាគារ។
(ឃ) ថ្លៃសេវាកម្ម និងកម្រៃផ្សេងៗទៀតដែលធនាគារដាក់ចេញនៅពេលណាមួយ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ដោយផ្ដល់ការជូនដំណឹងទុកជាមុនទៅម្ចាស់ប័ណ្ណម្ភៃមួយ (២១) ថ្ងៃប្រតិទិនមុនកាលបរិច្ឆេទចាប់ផ្តើមមានប្រសិទ្ធភាពនៃការអនុវត្ត។
ចំនួនថ្លៃសេវាកម្ម និងកម្រៃផ្សេងៗដែលត្រូវបង់ ត្រូវជាចំនួនដែលធនាគារបានកំណត់ ហើយការកំណត់នេះត្រូវចាត់ទុកជាការកំណត់ចុងក្រោយ និងគ្មានមន្ទិល និងមិនត្រូវបានជំទាស់ ឬចោទសួរ។ ថ្លៃសេវាទាំងនោះ អាចនឹងត្រូវបានកាត់ចេញពីគណនីប័ណ្ណ។
14. របាយការណ៍ប្រតិបត្តិការ និងរូបិយប័ណ្ណសម្រាប់ការទូទាត់
(ក) ធនាគារមានសិទ្ធិចាត់ទុក៖
(ខ) បំណុលទាំងអស់ ប្រសិនបើបង្កើតឡើងដោយប្រើរូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណសម្រាប់ធ្វើការទូទាត់នឹងត្រូវ៖
អត្រាប្ដូរប្រាក់ កម្រៃសេវារដ្ឋបាល និងកម្រៃផ្សេងៗដែល “វីសា” អាចគិត ថ្លៃត្រូវជាអត្រា ដែលអាចត្រូវបានជូនដំណឹង ដោយធនាគារទៅម្ចាស់ប័ណ្ណ និងអាចត្រូវបានកែប្រែដោយធនាគារពីពេលមួយទៅពេលមួយ បន្ទាប់ពី មានការជូនដំណឹងដល់ម្ចាស់ប័ណ្ណម្ភៃមួយថ្ងៃ (២១) ប្រតិទិនមុនពេល កាលបរិច្ឆេទចាប់ផ្តើមមានប្រសិទ្ធិភាពនៃការអនុវត្ត។
15. ប្រធានស័ក្តិ
ដោយមិនប៉ះពាល់ដល់បញ្ញត្តិ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ម្ចាស់ប័ណ្ណ យល់ស្របមិនឲ្យធនាគារទទួលខុសត្រូវនៅក្នុងករណី ដែលធនាគារមិនអាចអនុវត្តបាននូវគ្រប់កាតព្វកិច្ចទាំងអស់ ឬដោយផ្នែកណាមួយរបស់ខ្លួន ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ពីកំហុសឧបករណ៍អេឡិចត្រូនិក ឬមេកានិក ប្រព័ន្ធដំណើរការទិន្នន័យខ្សែប្រតិបត្តិការ បញ្ហាអគ្គិសនី ជម្លោះឧស្សាហកម្ម សកម្មភាពណាមួយដែលហួសពីការគ្រប់គ្រងរបស់ធនាគារ ឬដោយ សារតែករណីប្រធានស័ក្ដិ។ ការមិនអាចបង់សងត្រលប់មកឲ្យធនាគារវិញនូវទឹកប្រាក់ដែលត្រូវបង់ដោយម្ចាស់ប័ណ្ណ ដោយសារមូលហេតុខ្វះមូលនិធិ នឹងមិនត្រូវបានចាត់ទុកជាករណីប្រធានស័ក្តិឡើយ ទោះក្នុងករណីណាក៏ដោយ។ នៅក្នុងករណីដែលធនាគារមិនអាចផ្ដល់ដល់ម្ចាស់ប័ណ្ណនូវរបាយការណ៍គណនីដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ សម្រាប់រយៈពេលណាមួយ ក៏ការទទួលខុសត្រូវរបស់ម្ចាស់ប័ណ្ណចំពោះកម្រៃ រាប់បញ្ចូលទាំងកម្រៃការប្រាក់ និងកម្រៃសេវាផ្សេងៗទៀតនឹងនៅតែត្រូវបន្តរហូតដល់ពេលកំណត់សង ហើយសម្រាប់គោលបំណងក្នុងការគណនាការប្រាក់ ដែលត្រូវបង់មកឲ្យធនាគារ ឬដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការទូទាត់ការប្រាក់ និងប្រាក់ដើម ធនាគារអាចជ្រើសរើសថ្ងៃណាមួយក្នុងខែធ្វើជាកាលបរិច្ឆេទរបស់របាយការណ៍គណនីប្រចាំខែ។
របាយការណ៍គណនី
|
16. ការបញ្ជូនរបាយការណ៍គណនី និងកាតព្វកិច្ចរបស់ម្ចាស់ប័ណ្ណ
(ក) របាយការណ៍គណនីរបស់គណនីប័ណ្ណនឹងត្រូវបានប្រគល់ទៅឲ្យម្ចាស់ប័ណ្ណ ក្នុងមួយខែម្តង ឬក៏នៅចន្លោះពេលណាមួយដែលធនាគារយល់ថា សមរម្យ ទៅកាន់អាសយដ្ឋានចុងក្រោយរបស់ម្ចាស់ប័ណ្ណដែលមានក្នុងកំណត់ត្រារបស់ធនាគារ ហើយភាគីទាំងពីរយល់ស្របថា របាយការណ៍គណនីទាំងអស់ នឹងត្រូវចាត់ទុកថាបានទទួលដោយម្ចាស់ប័ណ្ណក្នុងអំឡុងពេលប្រាំ (៥) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទរបស់របាយការណ៍គណនី។
(ខ) បន្ទាប់ពីទទួលបានរបាយការណ៍គណនី ម្ចាស់ប័ណ្ណត្រូវពិនិត្យមើលគ្រប់ទិន្នន័យទាំងអស់ក្នុងរបាយការណ៍គណនីនោះ។
(គ) តាមរយៈនេះ ម្ចាស់ប័ណ្ណព្រមព្រៀង និងទទួលរ៉ាប់រងយ៉ាងជាក់លាក់ជាមួយធនាគារថា ម្ចាស់ប័ណ្ណនឹងជូនដំណឹងមកកាន់ធនាគារ ជាលាយ លក្ខណ៍អក្សរអំពីកំហុស ភាពមិនស្របគ្នា ឬភាពមិនត្រឹមត្រូវណាមួយនៅក្នុងរបាយការណ៍គណនីក្នុងអំឡុងពេលដប់បួន (១៤) ថ្ងៃគិតចាប់ពីថ្ងៃដែលម្ចាស់ប័ណ្ណទទួលបានរបាយការណ៍គណនី ឬថ្ងៃដែលត្រូវបានចាត់ទុកថារបាយការណ៍គណនី ត្រូវបានទទួលបាន។ ប្រសិនបើម្ចាស់ប័ណ្ណមិនបានជូនដំណឹងមកកាន់ធនាគារ ជាលាយលក្ខណ៍អក្សរអំពីកំហុស ភាពមិនស្របគ្នា ឬភាពមិនត្រឹមត្រូវណាមួយនៃទិន្នន័យដែលមានក្នុងរបាយការណ៍គណនី នោះម្ចាស់ប័ណ្ណនឹងត្រូវបានចាត់ទុកថាបានទទួលស្គាល់នូវរាល់កំណត់ត្រាទិន្នន័យទាំងអស់ ដែលមានក្នុងរបាយការណ៍គណនីថាពិតជាត្រឹមត្រូវ និងចាត់ទុកជាភស្តុតាង ដែលសម្រេចចុងក្រោយ និងគ្មានមន្ទិល និងចងភ្ជាប់ម្ចាស់ប័ណ្ណទៅនឹងកាតព្វកិច្ច ហើយបន្ទាប់ពីនេះ ម្ចាស់ប័ណ្ណមិនអាចប្ដឹងតវ៉ាមកធនាគារថា របាយការណ៍គណនីនោះ មានកំហុស មិនស្របគ្នា ឬមិនត្រឹមត្រូវនោះឡើយ។
(ឃ) ធនាគារនឹងមិនមានកាតព្វកិច្ចចេញជូនម្ចាស់ប័ណ្ណ នូវរបាយការណ៍គណនីណាមួយ ឬច្បាប់ថតចម្លងនៃរបាយការណ៍គណនីទាំងនោះ ឬបង្កាន់ដៃទិញទំនិញ ឬរបាយការណ៍ប្រតិបត្តិការ ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការ ដែលបានកើតឡើងលើសពីរយៈពេលដប់ពីរ (១២) ខែ គិតចាប់ពីថ្ងៃនៃសំណើសុំរបស់ម្ចាស់ប័ណ្ណ។
(ង) ទោះជាចំនួនសមតុល្យអប្បបរមាដែលត្រូវបង់ និងកាលបរិច្ឆេទដែលត្រូវបង់ ត្រូវបានបង្ហាញក្នុងរបាយការណ៍គណនីក៏ដោយ ក៏សមតុល្យដែលជំពាក់សរុប ដែលមានក្នុងគណនីរបស់ម្ចាស់ប័ណ្ណរួមទាំងកម្រៃការប្រាក់ និងកម្រៃសម្រាប់ការទូទាត់សងយឺត នឹងក្លាយទៅជាទឹកប្រាក់ដែលជំពាក់ និងត្រូវទូទាត់សងត្រឡប់មកវិញ នៅពេលហេតុការណ៍ដូចខាងក្រោមកើតឡើង៖
នៅពេលមានការបញ្ចប់ការប្រើប្រាស់ប័ណ្ណ គណនីប័ណ្ណរបស់ម្ចាស់ប័ណ្ណ រាប់បញ្ចូលទាំងកម្រៃការប្រាក់ និងកម្រៃសេវាទាំងអស់ផ្សេងទៀតដែលជំពាក់ ដោយម្ចាស់ប័ណ្ណ នឹងត្រូវទូទាត់សងភ្លាមៗមកឲ្យធនាគារ។ ដើម្បីជៀសវាងការភ័ន្តច្រឡំ ម្ចាស់ប័ណ្ណ និងធនាគារយល់ព្រមទាំងស្រុងថា គ្រប់បញ្ញត្តិដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ នឹងនៅបន្តអនុវត្ត និងមានប្រសិទ្ធិភាព ទោះបីជាមានការបញ្ចប់ការប្រើប្រាស់ប័ណ្ណក៏ដោយ។ បន្ទាប់ពីការបញ្ចប់ការប្រើប្រាស់ ប័ណ្ណធនាគារអាចបន្តដកឥណពន្ធ នូវចំនួនទឹកប្រាក់(រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមកម្រៃការប្រាក់ និងកម្រៃសេវាផ្សេងៗដែលកើតមានឡើង) ពីគណនីប័ណ្ណរបស់ម្ចាស់ប័ណ្ណ ហើយចំនួនទឹកប្រាក់ដែលបានកាត់ទាំងនោះ នឹងក្លាយជាចំនួនទឹកប្រាក់ជំពាក់ និងត្រូវធ្វើការទូទាត់សងភ្លាមៗមកឲ្យធនាគារ។
អត្រាការប្រាក់
|
17. នៅពេលដែលធនាគារ បានអនុម័តពាក្យស្នើសុំប័ណ្ណឥណទានរបស់ម្ចាស់ប័ណ្ណដើម ធនាគារនឹងណែនាំម្ចាស់ប័ណ្ណពីអត្រាភាគរយប្រចាំឆ្នាំ ដែលប្រើដើម្បីគណនាការប្រាក់លើគណនីប័ណ្ណឥណទាន។ របាយការណ៍គណនីនីមួយៗបង្ហាញនូវ "ចំនួនសមតុល្យដែលជំពាក់" និង "កាលបរិច្ឆេទកំណត់សង" សម្រាប់របាយការណ៍គណនីនោះ។ ដើម្បីទទួលបានសារៈប្រយោជន៍នៃរយៈពេលដែលមិនគិតការប្រាក់ ម្ចាស់ប័ណ្ណត្រូវទូទាត់សង "ចំនួនសមតុល្យដែលជំពាក់" ឲ្យគ្រប់ចំនួនមកឲ្យធនាគារតាម "កាលបរិច្ឆេទកំណត់សង" សម្រាប់របាយការណ៍គណនីនីមួយៗ។
ការគណនាការប្រាក់
|
18. ម្ចាស់ប័ណ្ណយល់ព្រមទូទាត់សងនូវការប្រាក់ ដែលមាននៅក្នុងគណនីប័ណ្ណ។ ការប្រាក់ត្រូវបានគណនាដូចខាងក្រោម៖
(ក) ប្រតិបត្តិការទិញទំនិញ៖ ប្រសិនបើម្ចាស់ប័ណ្ណ មិនបានទូទាត់សងនូវចំនួនសមតុល្យដែលជំពាក់គ្រប់ចំនួននៅកាលបរិច្ឆេទ ឬមុនកាលបរិច្ឆេទកំណត់ ម្ចាស់ប័ណ្ណត្រូវបង់ការប្រាក់មកឲ្យធនាគារ។ ការប្រាក់គឺត្រូវបានគណនា ចាប់ពីកាលបរិច្ឆេទរបស់របាយការណ៍គណនី រហូតដល់កាលបរិច្ឆេទដែលការទូទាត់សងបានបង់។
(ខ) ប្រតិបត្តិការដកប្រាក់៖ ការប្រាក់គឺត្រូវបានគណនាចាប់ពីកាលបរិច្ឆេទធ្វើ ប្រតិបត្តិការដកប្រាក់ ... និងត្រូវបានដកឥណពន្ធពីគណនីប័ណ្ណរហូតដល់ កាលបរិច្ឆេទដែលការទូទាត់សងបានបង់។
កម្រៃលើការទូទាត់សងយឺត
19. ប្រសិនបើម្ចាស់ប័ណ្ណខកខានមិនបានធ្វើការទូទាត់សងចំនួនសមតុល្យអប្បបរមា ដែលជំពាក់តាមកាលបរិច្ឆេទកំណត់នោះ កម្រៃលើការទូទាត់សងយឺត នឹងត្រូវបានគិតសម្រាប់ខែនីមួយៗ ដែលចំនួនសមតុល្យអប្បបរមាដែលជំពាក់មិនត្រូវបានទូទាត់។ កម្រៃលើការទូទាត់សងយឺតនេះត្រូវបានដាក់អនុវត្តដើម្បីជាការប៉ះប៉ូវជម្ងឺចិត្តដល់ធនាគារ និងមិនមែនជាការពិន័យ ហើយនឹងត្រូវតែទូទាត់សងមកឲ្យធនាគារនៅមុន ក៏ដូចជាក្រោយដីកា ឬសេចក្ដីសម្រេចណាមួយរបស់តុលាការ។ នៅពេលបញ្ចប់ការប្រើប្រាស់ប័ណ្ណ កម្រៃលើការទូទាត់សងយឺតនឹងនៅតែបន្ត។
ការបិទគណនីប័ណ្ណ
|
20. ធនាគារនឹងបិទគណនីប័ណ្ណរបស់ម្ចាស់ប័ណ្ណភ្លាមៗ នៅពេលទទួលបានការស្នើសុំបិទគណនីពីម្ចាស់ប័ណ្ណ ឬនៅពេលមានការបញ្ចប់ការប្រើប្រាស់ប័ណ្ណ ឬក៏នៅពេលណាមួយ ដែលធនាគារយល់ថាសមស្របបន្ទាប់ពីផ្តល់ការជូនដំណឹងទុកជាមុនទៅម្ចាស់ប័ណ្ណដោយមិនគិតថ្លៃសេវាកម្ម និងកម្រៃផ្សេងៗចំពោះម្ចាស់ប័ណ្ណ។
ប័ណ្ណរង
|
21. ធនាគារអាចចេញប័ណ្ណរងទៅឲ្យបុគ្គលណាម្នាក់ ដែលត្រូវបានតែងតាំងជាម្ចាស់ប័ណ្ណរងដោយម្ចាស់ប័ណ្ណដើម និងបានទទួលការយល់ព្រមពីធនាគារក្នុងការអនុញ្ញាតឲ្យម្ចាស់ប័ណ្ណរងប្រើប្រាស់ប័ណ្ណរងនោះ ដោយគោរពតាមបញ្ញត្តិ និង លក្ខខណ្ឌដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ។ នៅពេលមានការបញ្ចប់ការប្រើប្រាស់ប័ណ្ណក្រោមកាលៈទេសៈណាមួយ ឬដោយមានស្នើសុំពីម្ចាស់ប័ណ្ណដើម នោះការប្រើប្រាស់ប័ណ្ណរងទាំងឡាយ នឹងត្រូវបានបញ្ចប់ដូចគ្នា។ ការបញ្ចប់ការប្រើប្រាស់ប័ណ្ណរង នឹងមិនធ្វើឲ្យការប្រើប្រាស់ប័ណ្ណដទៃទៀតត្រូវបានបញ្ចប់នោះទេ ប្រសិនបើមានការទូទាត់សងគ្រប់ចំនួននូវសមតុល្យថ្មីសម្រាប់គណនីប័ណ្ណ របស់ម្ចាស់ប័ណ្ណរងនោះ ហើយម្ចាស់ប័ណ្ណដើមត្រូវទូទាត់សង មិនឲ្យតិចជាងចំនួនសមតុល្យអប្បបរមា ដែលមានក្នុងគណនីប័ណ្ណតាមកាលបរិច្ឆេទ ឬមុនកាលបរិច្ឆេទកំណត់ដែលបានបញ្ជាក់។ ទោះបីជាប័ណ្ណរងអាចមានលេខគណនីប័ណ្ណផ្សេង ហើយរបាយការណ៍គណនីត្រូវបានចេញឲ្យដាច់ដោយឡែក សម្រាប់ម្ចាស់ប័ណ្ណរងក៏ដោយ ក៏ម្ចាស់ប័ណ្ណដើមត្រូវទទួលខុសត្រូវរួមគ្នា និងដោយឡែកចំពោះធនាគារសម្រាប់ការប្រើប្រាស់ប័ណ្ណដើម និងប័ណ្ណរងរួម បញ្ចូលទាំងការចំណាយទាំងអស់ ដែលកើតតាមរយៈការប្រើប្រាស់ប័ណ្ណដើម ប័ណ្ណរងដែលបានចេញឲ្យតាមពាក្យស្នើសុំនេះ ឬតាមពាក្យស្នើសុំណាមួយ ក្រោយពីនេះដែលធ្វើឡើងដោយម្ចាស់ប័ណ្ណដើម និង/ឬម្ចាស់ប័ណ្ណរង។ ទោះបីជាមានការចែងក្នុងនេះ ដែលផ្ទុយគ្នាក៏ដោយ ក៏ម្ចាស់ប័ណ្ណរង នឹងមិនត្រូវទទួលខុសត្រូវចំពោះធនាគារសម្រាប់បំណុល ឬការចំណាយរបស់ម្ចាស់ ប័ណ្ណដើម និង/ឬម្ចាស់ប័ណ្ណរងដទៃទៀត ដោយរួម និង/ឬដោយឡែកដែលកើតឡើងតាមរយៈការប្រើប្រាស់ប័ណ្ណដើម និងប័ណ្ណរងដទៃទៀតនោះទេ។
ការបង់ប្រាក់ជាមុន
|
22. ក្នុងករណីដែលម្ចាស់ប័ណ្ណបង់ប្រាក់ឲ្យធនាគារនូវចំនួនទឹកប្រាក់ណាមួយ ដែលលើសពីចំនួនសមតុល្យថ្មី ("ការបង់ប្រាក់ជាមុន") ធនាគារអាចមានសិទ្ធិ ធ្វើការបញ្ជាក់ពីប្រភពនៃមូលនិធិនៃការបង់ប្រាក់ជាមុននោះគ្រប់ពេលវេលាតាមឆន្ទានុសិទ្ធិដាច់ខាតរបស់ខ្លួន។ នៅពេលដែលធនាគារពេញចិត្តនឹងការបញ្ជាក់នោះ ដោយមិនប៉ះពាល់ដល់សិទ្ធិដ៏ទៃផ្សេងទៀតរបស់ធនាគារដូចដែលមានចែងនៅ ក្នុងកិច្ចព្រមព្រៀងនេះ ធនាគារអាចយកទឹកប្រាក់បង់មុននោះដាក់ជាកាតព្វកិច្ច ទូទាត់សងរបស់ម្ចាស់ប័ណ្ណ សម្រាប់ការទិញទំនិញ/សេវាកម្ម និងប្រតិបត្តិការផ្សេងៗ ដែលកើតឡើងតាមរយៈការប្រើប្រាស់ប័ណ្ណ។ ក្នុងអំឡុងពេលដែលធនាគារពុំទាន់សម្រេច អំពីការផ្ទៀងផ្ទាត់ប្រភពមូលនិធិនៃការបង់ប្រាក់ជាមុន៖
ក្នុងករណីទឹកប្រាក់បង់មុននោះមានប្រភពមកពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេង ដែលធ្វើឡើងតាមរយៈ "ការផ្ទេរប្រាក់" ឬមធ្យោបាយផ្សេងពីនេះ ហើយទឹកប្រាក់នោះ ធ្វើឲ្យមានទឹកប្រាក់លើសនៅក្នុងគណនីប័ណ្ណ នោះធនាគារដោយផ្អែកតាម ឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ធ្វើការបង្វិលត្រលប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុនោះវិញនូវចំនួនទឹកប្រាក់ដែលលើស នៅក្នុងគណនី ប័ណ្ណនោះ។ ចំនួនទឹកប្រាក់ដែលលើសនៅក្នុងគណនីប័ណ្ណ នឹងមិនត្រូវបានបង្វិលឲ្យម្ចាស់ប័ណ្ណវិញនោះទេ ប៉ុន្តែនឹងត្រូវបានប្រើដើម្បីទូទាត់សងចំនួនទឹកប្រាក់ ដែលជំពាក់នៅក្នុងគណនីប័ណ្ណ ដោយសារការទិញទំនិញ/សេវាកម្ម ឬប្រតិបត្តិការផ្សេងៗ ដែលកើតឡើងតាមរយៈការប្រើប្រាស់ប័ណ្ណ។
ថ្លៃចំណាយផ្នែកច្បាប់ និងសំណង
|
23. ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវបង់សងធនាគារ នូវថ្លៃចំណាយផ្នែកច្បាប់ទាំងអស់ (រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមការចំណាយផ្នែកច្បាប់ សម្រាប់មេធាវី) កម្រៃសេវា និងការចំណាយផ្សេងៗ ដែលធនាគារអាចនឹងចំណាយដើម្បីការអនុវត្ត ឬដើម្បី ស្វែងរកនីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឬចំណាយដើម្បីការទទួលបាន ឬដើម្បីស្វែងរកនីតិវិធី ដើម្បីទទួលបានការទូទាត់សងនូវចំនួនទឹកប្រាក់ទាំងអស់ ឬមួយផ្នែកណាមួយ ដែលជំពាក់ដោយម្ចាស់ប័ណ្ណ។ ម្ចាស់ប័ណ្ណ ក៏យល់ព្រមមិនឲ្យធនាគារ មានការទទួលខុសត្រូវណាមួយ និងយល់ព្រមធានាសងធនាគារចំពោះការបាត់បង់ ការខូចខាត និងថ្លៃចំណាយផ្សេងៗ (ផ្នែកច្បាប់ ឬផ្សេងពីនេះ) ដែលធនាគារអាចនឹងត្រូវចំណាយដោយផ្អែកលើបញ្ញត្តិ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ឬនៅក្នុងការអនុវត្តសិទ្ធិរបស់ធនាគារ។
ធនាគារមិនទទួលខុសត្រូវចំពោះអំពើរបស់ពាណិជ្ជករ និងអំពើរបស់តតិយជន
24. (ក) ធនាគារនឹងមិនទទួលខុសត្រូវ ចំពោះការបដិសេធមិនទទួលប័ណ្ណដោយពាណិជ្ជករ ឬដោយគ្រឹះស្ថានដែលជាសមាជិក ឬចំពោះការខូចខាត ឬការបាត់បង់ទំនិញ ដែលផ្គត់ផ្គង់ទៅឲ្យម្ចាស់ប័ណ្ណដោយពាណិជ្ជករណាម្នាក់នោះឡើយ។ រាល់បញ្ហាមិនពេញចិត្ត ឬពាក្យបណ្តឹងរបស់ម្ចាស់ប័ណ្ណ ត្រូវដោះស្រាយដោយផ្ទាល់រវាងម្ចាស់ប័ណ្ណ ជាមួយពាណិជ្ជករ ឬគ្រឹះស្ថានដែលពាក់ព័ន្ធ ហើយមិនមានការតវ៉ាណាមួយចំពោះពាណិជ្ជករ ឬគ្រឹះស្ថានដែលជាសមាជិក នឹងត្រូវបានយកមកតវ៉ាជាមួយធនាគារ ឬទាមទារឲ្យធនាគារទទួលខុសត្រូវនោះឡើយ។ ជាងនេះទៅទៀតម្ចាស់ប័ណ្ណយល់ព្រមទទួលខុសត្រូវចំពោះទឹកប្រាក់ទាំងនោះ និងមិនត្រូវធ្វើការកាត់ ឬមិនទូទាត់សងមកឲ្យធនាគារ ដោយសារបញ្ហាដែលកើតមានដូចខាងលើ ឬ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ទំនិញ និង សេវាកម្ម ដែលទទួលបានដោយការប្រើប្រាស់ប័ណ្ណនឹងមិនអាចដោះដូរ ឬប្ដូរជាសាច់ប្រាក់វិញបានទេ ប៉ុន្តែពាណិជ្ជករអាចចេញសក្ខីប័ត្រឥណទាន សម្រាប់គោលបំណងនេះ។ បន្ទាប់ពីទទួលបានសក្ខីប័ត្រឥណទាន ធនាគារនឹងដាក់ទឹកប្រាក់ ដែលមានចំនួនដូចគ្នាទៅនឹង សក្ខីប័តឥណទានចូលទៅក្នុងគណនីប័ណ្ណរបស់ម្ចាស់ប័ណ្ណ។ មុនពេលដែលធនាគារទទួលបានសក្ខីប័ត្រឥណទាន ម្ចាស់ប័ណ្ណនឹងនៅតែត្រូវទទួលខុសត្រូវ ចំពោះទឹកប្រាក់ដែលជំពាក់ទាំងអស់។
(ខ) ដើម្បីជាការបញ្ជាក់បន្ថែម និងដោយមិនធ្វើឲ្យសាបរលាបនូវអ្វីដែលបានរៀបរាប់ខាងលើ ធនាគារនឹងមិនទទួលខុសត្រូវ ទោះជាមូលហេតុណាក៏ដោយ ចំពោះការខូចខាត ឬការបាត់បង់ដែលម្ចាស់ប័ណ្ណទទួលរង ទោះ ជាក្នុងកាលៈទេសៈណា មិនថាមាន ឬមិនមានពាក់ព័ន្ធ ឬកើតឡើងពីការអនុវត្តកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលប៉ុន្តែមិនកំណត់ត្រឹម ការមិនទទួលប័ណ្ណដោយពាណិជ្ជករ ឬបុគ្គលណាម្នាក់ដោយមូលហេតុណាមួយ ការបដិសេធចំពោះការដកប្រាក់ដោយ ធនាគារណាមួយ ឬគ្រឹះស្ថានណាមួយ ការបដិសេធមិនចេញប័ណ្ណថ្មី ការដាក់កំហិត ឬការលុបចោលនៃកម្រិតឥណទាន ឬសេវាផ្សេងៗ ឬការចុះលេខប័ណ្ណនៅក្នុងបញ្ជីលុបចោលណាមួយ ឬក្នុងកាលៈទេសៈណាមួយដែលធនាគារ ត្រូវធ្វើដើម្បីការពារសិទ្ធិរបស់ខ្លួនដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។
វិសោធនកម្ម
|
25. ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ (មិនថាតាមរយៈការបន្ថែម ការលុប ការកែសម្រួល ការកែប្រែ ឬផ្សេងពីនេះ) (តទៅនេះហៅថា "វិសោធនកម្ម”) ផ្នែកណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌនៅពេលណាមួយដោយផ្ដល់ការជូនដំណឹងទុកជាមុនរយៈពេលម្ភៃមួយ (២១) ថ្ងៃនៃថ្ងៃធ្វើការ ហើយវិសោធនកម្មទាំងនោះនឹងត្រូវមានប្រសិទ្ធិភាព នៅកាលបរិច្ឆេទដែលធនាគារកំណត់។ ផ្អែកតាមឆន្ទានុសិទ្ធិដាច់ខាត និងតែមួយគត់របស់ធនាគារ ធនាគារអាចធ្វើការជូនដំណឹង អំពីវិសោធនកម្មតាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងក្រោម៖
(ក) ដោយការបិត ឬផ្សាយលិខិតជូនដំណឹង ដែលបញ្ជាក់ពីការផ្លាស់ប្តូរ និងកាលបរិច្ឆេទចាប់ផ្តើមមានប្រសិទ្ធិភាពនៃការផ្លាស់ប្ដូរនោះ ក្នុងបរិវេណរបស់ធនាគារនិង/ឬ
(ខ) ដោយការបោះពុម្ពផ្សាយតែម្តងគត់អំពីការផ្លាស់ប្តូរ និងកាលបរិច្ឆេទចាប់ផ្តើមមានប្រសិទ្ធិភាពនៃការផ្លាស់ប្តូរតាមរយៈសារព័ត៌មានណាមួយ ឬច្រើនទៅតាមការជ្រើសរើសរបស់ធនាគារ និង/ឬ
(គ) ដោយការបញ្ចូលព័ត៌មានអំពីការផ្លាស់ប្ដូរ និងកាលបរិច្ឆេទចាប់ផ្តើមមានប្រសិទ្ធិភាពនៃការផ្លាស់ប្ដូរ នោះទៅក្នុងរបាយការណ៍គណនីរបស់គណនីប័ណ្ណ និង/ឬ
(ឃ) ដោយការផ្ញើលិខិតជូនដំណឹងស្តីពីការផ្លាស់ប្តូរ និងកាលបរិច្ឆេទចាប់ផ្តើមមានប្រសិទ្ធិភាពនៃការផ្លាស់ប្ដូរនោះតាមរយៈសារជាអក្សរ ឬសារអេឡិចត្រូនិក ទៅកាន់ម្ចាស់ប័ណ្ណឬដោយការផ្សាយនៅលើគេហទំព័រ របស់ ធនាគារ។
ការបញ្ជូនព័ត៌មានអំពីការផ្លាស់ប្តូរទៅម្ចាស់ប័ណ្ណ ដោយមធ្យោបាយទំនាក់ទំនង ណាមួយខាងលើ នឹងត្រូវចាត់ទុកថាត្រូវបានទទួលដោយ ឬត្រូវបានផ្ដល់ជូនទៅកាន់ម្ចាស់ប័ណ្ណ។
ការបង្ហាញព័ត៌មាន
|
26. ម្ចាស់ប័ណ្ណតទៅនេះអនុញ្ញាតឲ្យធនាគារ បង្ហាញព័ត៌មានរបស់ខ្លួនទៅឲ្យភ្នាក់ងារអ្នកផ្តល់សេវា សវនករ អ្នកប្រឹក្សាផ្នែកច្បាប់ អ្នកជំនាញផ្តល់ដំបូន្មាន អ្នកផ្ដល់វត្ថុដាក់ធានា និងអ្នកធានាទាំងអស់របស់ធនាគារ ទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា និងទៅឲ្យក្រុមហ៊ុនមេតាមដែលធនាគារយល់ឃើញថាសមស្របទៅតាម ឆន្ទានុសិទ្ធិដាច់ខាត និងតែមួយគត់របស់ធនាគារ ដោយពុំបាច់មានការបញ្ជាក់ពីម្ចាស់ប័ណ្ណ។
ឯកសារបន្ថែម
|
27. ម្ចាស់ប័ណ្ណយល់ព្រមចុះហត្ថលេខាលើឯកសារបន្ថែម តាមដែលធនាគារអាចធ្វើការស្នើសុំនៅពេលណាមួយ ហើយម្ចាស់ប័ណ្ណក៏ព្រមព្រៀង និងយល់ស្របថា តាមការជ្រើសរើសរបស់ធនាគារ ឯកសារបន្ថែមទាំងនោះអាចនឹងត្រូវចាត់ទុកថាមានប្រសិទ្ធិភាពប្រតិសកម្ម។
ការផ្អាកគណនី
|
28. ដើម្បីអាចឲ្យធនាគាររក្សាការពារប្រយោជន៍របស់ខ្លួន និងដើម្បីរក្សាការទទួលខុសត្រូវរបស់ភាគីណាមួយ រួមទាំងម្ចាស់ប័ណ្ណឲ្យនៅដដែលក្នុងពេលដែលមានដីកាកោះហៅ ឬការកោះហៅឲ្យចូលខ្លួនពីតុលាការ ឬដើម្បីបង្ហាញពីការក្ស័យធន ឬអសាធនភាពរបស់ម្ចាស់ប័ណ្ណ ឬដើម្បីមូលហេតុផ្សេងទៀតដូចដែលធនាគារយល់ថាសមស្រប ធនាគារអាចនឹងធ្វើការកំណត់ និង/ឬរក្សាទុកទឹកប្រាក់ដែលធនាគារបានទទួល ទទួលបានមកវិញ ឬទឹកប្រាក់ដែលបានមកពីការលក់ ឬដាក់ទឹកប្រាក់ទាំងនោះជាការធានាបំណុលរបស់ម្ចាស់ប័ណ្ណចំពោះធនាគារ តាមដែលធនាគារយល់ថា សមស្រប ដោយមិនចាំបាច់មានកាតព្វកិច្ចអន្តរការណាមួយ មកលើធនាគារ ដើម្បីឲ្យធនាគារអនុវត្តដូចខាងលើ ឬអនុវត្តការទូទាត់បំណុលនៃចំនួនទឹកប្រាក់ដែលម្ចាស់ប័ណ្ណត្រូវទូទាត់សង និងជំពាក់ធនាគារ។
អ្នកស្នងតំណែង
|
29. កិច្ចព្រមព្រៀងនេះត្រូវមានអានុភាព និងចងភ្ជាប់កាតព្វកិច្ចទៅលើអ្នកទទួលមរតក អ្នកតំណាង និងអ្នកស្នងតំណែងរបស់ម្ចាស់ប័ណ្ណ និងអ្នកស្នងតំណែង និងអនុប្បទានិករបស់ធនាគារ។
ការស្ថាបនាឡើងវិញរបស់ធនាគារ
|
30. កាតកិច្ច និងការទទួលខុសត្រូវរបស់ម្ចាស់ប័ណ្ណ ត្រូវបន្តមានសុពលភាព និងចងភ្ជាប់ សម្រាប់គ្រប់គោលបំណងទាំងអស់ ទោះជាមានការផ្លាស់ប្តូរណាមួយ ដោយសារការរួមបញ្ចូល ការស្ថាបនាឡើងវិញ ឬផ្សេងពីនេះ ដែលអាចត្រូវបានធ្វើឡើងដោយការឯកភាពរបស់ធនាគារ ឬរបស់ក្រុមហ៊ុនណាមួយ ដែលទទួលបន្តនូវអាជីវកម្មរបស់ធនាគារសម្រាប់ពេលណាមួយ ហើយកាតព្វកិច្ច និងការទទួលខុសត្រូវទាំងនោះ នឹងត្រូវបានអនុវត្តដូចគ្នាទៅឲ្យក្រុមហ៊ុនដែលបន្តអាជីវកម្មនោះសម្រាប់ពេលនោះ។
ការលើកលែងការទទួលខុសត្រូវ
|
31. ធនាគារនឹងមិនទទួលខុសត្រូវចំពោះម្ចាស់ប័ណ្ណ សម្រាប់ការបាត់បង់ណាមួយ (រួមទាំងការបាត់បង់ផលប្រយោជន៍ ការចំណាយផ្សេងៗ ការបាត់បង់កិច្ចសន្យា ឬប្រាក់ចំណេញ ឬការបាត់បង់ផ្សេងទៀត ដែលកើតឡើងដោយសារការបាត់បង់ទាំងនោះ ទោះដោយផ្ទាល់ ឬប្រយោល) ដែលទទួលរងដោយម្ចាស់ប័ណ្ណ (ទោះជាដោយសារការធ្វេសប្រហែស (ជារួម ឬផ្សេងពីនេះ) ឬការខកខាន ឬការបំពានលក្ខខណ្ឌរបស់ធនាគារ) ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប័ណ្ណរបស់ម្ចាស់ប័ណ្ណ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមការខូចខាត ឬការបាត់បង់ពាក់ព័ន្ធ នឹងរបាយការណ៍គណនីណាមួយ ការបកស្រាយ ឬការជាប់ទាក់ទងទៅនឹង ឬដែលកើតពីការមិនបន្ត ឬលុបចោលប័ណ្ណ ឬការដកហូត ការផ្អាក ឬការដាក់កំហិតនៃការប្រើប្រាស់ប័ណ្ណ។
ភាពឯកជន
|
32. ម្ចាស់ប័ណ្ណបញ្ជាក់ថាខ្លួនបានអាន យល់ និងយល់ព្រមគោរពតាមបញ្ញត្តិដែលមាន នៅខាងក្រោមនេះ ដែលអាចពាក់ព័ន្ធនឹងដំណើរការប្រមូល/ ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់ប័ណ្ណ។ ដើម្បីជៀសវាងការភ័ន្តច្រឡំ ម្ចាស់ប័ណ្ណយល់ស្របថា សេចក្តីជូនដំណឹងអំពីភាពឯកជននេះ ត្រូវបានចាត់ទុកថាត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងនេះ។
(ក) នៅក្នុងករណីដែលម្ចាស់ប័ណ្ណផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដែលទាក់ទងទៅនឹងតតិយជនរាប់បញ្ចូលទាំងព័ត៌មាន ដែលទាក់ទងទៅនឹងសាច់ញាតិ និងបុគ្គលស្ថិតក្នុងបន្ទុក (ក្នុងលក្ខខណ្ឌ ដែលម្ចាស់ប័ណ្ណជាឯកបុគ្គល) ឬព័ត៌មានដែលទាក់ទងទៅនឹងអភិបាល ភាគទុនិក មន្ត្រីអ្នកធានា ជាឯកបុគ្គល និងអ្នកផ្ដល់វត្ថុដាក់ធានារបស់ម្ចាស់ប័ណ្ណ(ក្នុងលក្ខខណ្ឌដែលម្ចាស់ប័ណ្ណជាក្រុមហ៊ុន) សម្រាប់គោលបំណងនៃការបើកឬប្រតិបត្តិការគណនី/ឥណទានរបស់ម្ចាស់ប័ណ្ណជាមួយធនាគារ ឬសម្រាប់ការជាវផលិតផល និងសេវាកម្មរបស់ធនាគារម្ចាស់ប័ណ្ណ៖
(ខ) ក្នុងករណីដែលម្ចាស់ប័ណ្ណបង្គាប់ធនាគារ ឲ្យអនុម័តប្រតិបត្តិការឆ្លងប្រទេសណាមួយ (រួមទាំងការធ្វើការទូទាត់សង ឬទទួលការទូទាត់សង) ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងប្រតិបត្តិការឆ្លងប្រទេស (រួមទាំងព័ត៌មានដែលទាក់ទងនឹងបុគ្គល ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆ្លងដែននោះ) អាចនឹងទទួលពី ឬបញ្ជូនទៅក្រៅប្រទេស ដែលវាអាចត្រូវបានទទួល/ទាញយកបាន (មិនថាដោយផ្ទាល់ ឬដោយប្រយោល) ដោយនិយ័តករ ឬអាជ្ញាធរមានសមត្ថកិច្ចនៅក្រៅប្រទេស ដើម្បីអនុវត្តភារកិច្ចស្របច្បាប់របស់ពួកគេ (ឧទាហរណ៍ដូចជាការបង្ការ ឧក្រិដ្ឋកម្មជាដើម)។ នៅក្នុងការបង្គាប់ឲ្យធនាគារ និង/ឬភ្នាក់ងាររបស់ធនាគារ បង្កើតប្រតិបត្តិការឆ្លងប្រទេសក្នុងនាមម្ចាស់ប័ណ្ណ នោះម្ចាស់ប័ណ្ណយល់ស្របទៅនឹង ការបង្ហាញព័ត៌មានផ្សេងៗដោយធនាគារក្នុងនាមម្ចាស់ប័ណ្ណ និងបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆ្លងប្រទេសខាងលើ។
(គ) ដើម្បីជួយក្នុងការសម្រេចចិត្ត ធនាគារអាចប្រើប្រាស់សេវារបស់ភ្នាក់ងារធ្វើរបាយការណ៍ឥណទាន នៅពេលដែលធនាគារត្រូវការ៖
(ឃ) ទោះបីក្រោយពេលម្ចាស់ប័ណ្ណ បានផ្តល់ព័ត៌មានផ្សេងៗមកឲ្យធនាគារក៏ដោយ ម្ចាស់ប័ណ្ណនឹងនៅតែមានជម្រើសក្នុងការលុបចោល ការអនុញ្ញាតផ្តល់ខាងលើវិញផងដែរ។ នៅក្នុងករណីនោះ ធនាគារនឹងមានសិទ្ធិក្នុងការមិនផ្តល់ជូន ឬឈប់បន្តការផ្តល់ជូនផលិតផល សេវាកម្មគណនី និង/ឬឧបករណ៍សម្រួលឥណទានផ្សេងៗ ដែលត្រូវបានភ្ជាប់នឹងព័ត៌មានទាំងនោះ។
(ង) ធនាគាររក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនេះ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ។
(ច) លក្ខខណ្ឌនេះ នឹងមិនមានការប៉ះពាល់ដល់លក្ខខណ្ឌផ្សេងទៀត ដែលផ្តល់សម្រាប់ការបង្ហាញព័ត៌មាន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះឡើយ។
តំណលីងនេះ ត្រូវបានផ្តល់ជូន សម្រាប់ភាពងាយស្រួលរបស់លោកអ្នកតែប៉ុណ្ណោះ ហើយមិនត្រូវបានចាត់ទុក ឬ បកស្រាយថា មានការយល់ព្រម ឬ ការផ្ទៀងផ្ទាត់ លើតំណលីងគេហទំព័រ ឬ មាតិកាទាំងអស់នោះ ដោយធនាគារ ស៊ីអាយអិមប៊ី ឡើយ។
ធនាគារ ស៊ីអាយអិមប៊ី មិនធានា ចំពោះរាល់ទិន្នន័យ និង ព័ត៌មាន នៅលើគេហទំព័រ ដែលលោកអ្នកនឹងចូលទៅកាន់នេះឡើយ។
តើលោកអ្នកមានបំណងដំណើរការដែរឬទេ?