ប័ណ្ណឥណទាន គឺជាមធ្យោបាយដែលមានសុវត្ថិភាព និងងាយស្រួលក្នុងការទិញទំនិញប្រចាំថ្ងៃ ឬដកប្រាក់តាមចំនួនកំណត់នៃឥណទាន។ ប័ណ្ណឥណទាន គឺងាយស្រួលយកតាមខ្លួននិងមានសុវត្ថិភាពជាងសាច់ប្រាក់។ ប្រសិនបើបាត់បង់ ឬត្រូវបានគេលួច អតិថិជនអាចលុបចោលប័ណ្ណ និងទទួលបានប័ណ្ណជំនួសថ្មីដោយចំណាយតិច។ ប័ណ្ណខ្លះ ភ្ជាប់មកជាមួយបុព្វសិទ្ធិពិសេស និងការផ្តល់ជូនផ្តាច់មុខ។
ម្ចាស់ប័ណ្ណឥណទាន ធ្វើការទិញឥឡូវនេះ រួចសងត្រឡប់នៅពេលក្រោយ ទៅតាមកាលបរិច្ឆេទនៃរបាយការណ៍ធនាគារបន្ទាប់។ របាយការណ៍សមតុល្យប្រចាំខែ ផ្តល់ជូនម្ចាស់ប័ណ្ណនូវភាពងាយស្រួលក្នុងការពិនិត្យឡើងវិញនូវការទិញពីមុន និងរាយការណ៍ទៅធនាគារ ប្រសិនបើមានភាពមិនប្រក្រតីណាមួយ។
បន្ទាប់ពីរបាយការណ៍វិក្កយបត្រ ត្រូវបានចេញ ម្ចាស់ប័ណ្ណមានរយៈពេលមួយរយៈ ដែលហៅថារយៈពេលអនុគ្រោះ ដែលក្នុងអំឡុងពេលនោះ អតិថិជនអាចទូទាត់សមតុល្យដោយគ្មានការប្រាក់។ ដរាបណា អតិថិជនទូទាត់វិក្កយបត្រទាន់ពេល អតិថិជនអាចចៀសវាងការប្រាក់និងការគិតការបង់ថ្លៃយឺត។ វា គឺដូចជាឥណទានគ្មានការប្រាក់ សម្រាប់រយៈពេលអនុគ្រោះ។
បន្ទាប់ពីរយៈពេលអនុគ្រោះបានបញ្ចប់ ម្ចាស់ប័ណ្ណត្រូវតែបង់អប្បបរមា នៃវិក្កយបត្រដែលមិនទាន់បានទូទាត់។ ការខកខានមិនបានបង់ទឹកប្រាក់អប្បបរមា នឹងបណ្តាលឲ្យមានការគិតថ្លៃសេវាក្នុងការទូទាត់សងយឺត។ វិក្កយបត្រដែលនៅសល់ នឹងត្រូវគិតថ្លៃការប្រាក់ ដែលបង្គរជាប្រចាំថ្ងៃរហូតដល់វាត្រូវបានទូទាត់សង។