លោកអ្នកកំពុងតែនៅក្នុង
- គោលដៅជីវិត
- សេវាកម្មធនាគារ ប្រចាំថ្ងៃ
- ប្រើសេវាធនាគារយើងខ្ញុំ
- កម្មវិធីពិសេស
- ជំនួយ និង ការគាំទ្រ
- តំណភ្ជាប់រហ័ស
លោកអ្នកកំពុងតែនៅក្នុង
We will be right with you.
I. និយមន័យ
នៅពេលអ្នកអាន បញ្ញត្តិ និងលក្ខខណ្ឌនេះ សូមធ្វើការកត់សម្គាល់នូវអត្ថន័យដូចខាងក្រោម៖
(ក) 'អ្នក', 'របស់អ្នក', 'ម្ចាស់គណនី', 'អតិថិជន' មានន័យថាបុគ្គលដែលមានឈ្មោះក្នុងគណនី និងរួមបញ្ចូលសន្តតិជន ឬអ្នកតំណាងផ្ទាល់ខ្លួនរបស់បុគ្គលនោះ។
(ខ) 'បុគ្គល' រួមមានសាជីវកម្ម ក្រុមហ៊ុន ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត សង្គម សមាគម សហជីព ស្ថាប័ន និងអាជីវកម្មផ្សេងទៀត ស្ថាប័នច្បាប់ និងទីភ្នាក់ងារ និងអាជ្ញាធររដ្ឋាភិបាល ក្នុងស្រុក ឬ បរទេស។
(គ) 'យើង', 'របស់យើង', 'យើង' និង 'ធនាគារ' សំដៅលើធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី និងសន្តតិជន និងអ្នកតំណាង។
(ឃ) 'គណនី' មានន័យថាគណនីណាមួយដែលបានបើកជាមួយធនាគារក្រោមឈ្មោះរបស់អ្នក៖ គណនីចរន្ត គណនីចរន្តរូបិយប័ណ្ណបរទេស (FCCA) គណនីបញ្ញើមានកាលកំណត់ គណនីបញ្ញើមានកាលកំណត់រូបិយប័ណ្ណបរទេស (FCFD) និងគណនីផ្សេងទៀតដែលធនាគារបានណែនាំនៅពេលណាមួយ ដែលបានបើកក្រោមឈ្មោះរបស់អ្នក និងដែលបញ្ញត្តិ និងលក្ខខណ្ឌទូទៅ និងដោយឡែក នៃគណនីនីមួយៗត្រូវកំណត់នៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ។
(ង) ' ថ្ងៃធ្វើការ' មានន័យថា ថ្ងៃណាមួយដែលធនាគារនៅកម្ពុជា និងធនាគារបើកសម្រាប់ប្រតិបត្តិការធនាគារ។
(ច) 'ថ្ងៃទូទាត់' មានន័យថា ថ្ងៃធ្វើការណាមួយដែលមិនរាប់បញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក។
(ឆ) 'បទប្បញ្ញត្តិ' មានន័យថា បទប្បញ្ញត្តិ បទបញ្ជា សេចក្តីណែនាំផ្លូវការ សំណើរដ្ឋាភិបាល ក្រមនៃការអនុវត្ត ឬគោលការណ៍ណែនាំ (ទោះជាករណីនីមួយៗមាន ឬមិនមានអានុភាពអនុវត្តតាមច្បាប់ក៏ដោយ) ដែលចេញដោយស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារ នាយកដ្ឋាន អាជ្ញាធរពន្ធដារ ឬអាជ្ញាធរផ្សេងទៀត ឬអង្គភាពក្នុងយុត្តាធិការណាមួយ និង/ឬបុគ្គល ឬ ស្ថាប័នផ្សេងទៀតដែលមានយុត្តាធិការលើធនាគារ ហើយដែលអាចដាក់ចេញឱ្យអនុវត្តនៅពេលណាមួយ (រួមទាំងនិងមិនកម្រិតត្រឹម ការតម្រូវអោយមានប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម តម្រូវការរបស់រដ្ឋាភិបាល ការដាក់ទណ្ឌកម្ម ឬការគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស។ )។
(ជ) ឯកវចនៈរួមបញ្ចូលពហុវចនៈ និងបញ្ច្រាស់មកវិញ។ ភេទ រួមបញ្ចូលគ្រប់ភេទទាំងអស់។
(ឈ) ប្រសិនបើបទប្បញ្ញត្តិណាមួយនៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ បាន ឬក្លាយជាអសុពលភាព មិនស្របច្បាប់ ឬ មិនអាចអនុវត្តបានក្រោមច្បាប់ណាមួយ នោះបញ្ញត្តិដទៃទៀតនៅតែបន្តមានសុពលភាព និង បន្តអនុវត្តពេញលេញ។
(ញ) ធនាគារមានសិទ្ធិបោះបង់ក្នុងការអនុវត្តប្រការណាមួយក្នុងករណីណាមួយ ប៉ុន្តែការបោះបង់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ធនាគារក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនលើប្រការដដែលនោះ ក្នុងករណី ឬពេលវេលាណាមួយផ្សេងទៀតឡើយ។
(ដ) បញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវចងកាតព្វកិច្ច និងអនុវត្តចំពោះទាយាទ អ្នកតំណាងបុគ្គល ប្រតិបត្តិករ និងសន្តតិជនដែលទទួលសិទ្ធិ។
II. បញ្ញត្តិ និង លក្ខខណ្ឌនៃការអនុវត្តទូទៅ
១. ការបើកគណនី
១.១ ការបើកគណនី ស្ថិតក្រោមការយល់ព្រមពីធនាគារ និងពាក្យស្នើសុំត្រូវភ្ជាប់ជាមួយការណែនាំដ៏ត្រឹមត្រូវស្របតាម និងនៅពេលដែលធនាគារតម្រូវ។
១.២ អ្នក ត្រូវផ្តល់ឱ្យធនាគារនូវរាល់ឯកសារ ព័ត៌មាន និងការផ្តល់សិទ្ធិ ដែលតម្រូវក្នុងការបើកគណនី និងរក្សាគណនីរបស់អ្នកជាមួយធនាគារ។ ឯកសារនេះ រាប់បញ្ចូលទាំងព័ត៌មានដែលតម្រូវដោយធនាគារសម្រាប់គោលបំណងបំពេញតាមគោលការណ៍ "ស្គាល់អតិថិជនរបស់អ្នក" តម្រូវការនៃការប្រឆាំងការសម្អាតប្រាក់និងប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម រួមទាំងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលតម្រូវឱ្យធនាគារអនុវត្តតាម។
១.៣ ធនាគារមានសិទ្ធិកំណត់ទឹកប្រាក់អប្បបរមាដើម្បីបើកគណនី តាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់ (ទឹកប្រាក់អប្បបរមានេះអាចនឹងប្រែប្រួលនៅពេលណាមួយតាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់)។
១.៤ ធនាគារ អាចបដិសេធក្នុងការភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់គណនីណាមួយ ដែលមានស្មារតីមិនប្រក្រតីចំពោះមុខធនាគារក្នុងការគ្រប់គ្រងខ្លួនឯង ឬគណនីរបស់ខ្លួនបាន។
២. សំណើរបស់អតិថិជន
២.១ រាល់ការបញ្ជា ទាក់ទងនឹងគណនីមួយៗ ត្រូវតែផ្តល់ដោយអតិថិជន ឬអ្នកតំណាងអតិថិជន ស្របតាមការផ្តល់ការអនុញ្ញាត ឬការផ្ទេរសិទ្ធិយ៉ាងតឹងរ៉ឹង នៅអំឡុងពេលក្នុងការធ្វើប្រតិបត្តិការលើគណនី។ ការបញ្ជាទាំងនោះត្រូវធ្វើជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ និង/ឬវិធីសាស្រ្តផ្សេងទៀត ដែលយល់ព្រមដោយធនាគារនៅពេលណាមួយ។
២..២ រាល់ការបញ្ជា ដែលទទួលបានដោយធនាគារមិនអាចលុបចោល ដកវិញ ឬកែប្រែឡើយ លុះត្រាតែមានការយល់ព្រមតាមឆន្ទានុសិទ្ធិពីធនាគារ ។
២.៣ ធនាគារអាចជ្រើសរើសមិនធ្វើសកម្មភាពតាមការបញ្ជារបស់អតិថិជន នៅពេលដែលចំនួនទឹកប្រាក់សរុបដើម្បីធ្វើការទូទាត់លើសពីសមតុល្យនៅក្នុងគណនី ប៉ុន្តែប្រសិនបើធនាគារអនុវត្តតាមការបញ្ជានេះ ធនាគារអាចជ្រើសការអនុវត្តតាមការបញ្ជាទាំងអស់ ឬដោយផ្នែក ឬតាមការបញ្ជាណាមួយ ដោយមិនយោងលើពេលវេលាដែលទទួលបានការបញ្ជារបស់អតិថិជននោះទេ។
២.៤ ហត្ថលេខាគំរូ និង សិទ្ធិក្នុងការចុះហត្ថលេខារបស់អតិថិជន ឬហត្ថលេខីដែលទទួលសិទ្ធិ ដែលបានផ្តល់ជូនមកធនាគារជាលាយលក្ខណ៍អក្សរត្រូវមានសុពលភាពរហូត លើកលែងតែធនាគារទទួលបានលិខិតដកហូតសិទ្ធិជា លាយលក្ខណ៍អក្សរពីអតិថិជនវិញ។
២.៥ ធនាគារ មានសិទ្ធិផ្ទៀងផ្ទាត់ហត្ថលេខា ដោយធ្វើការប្រៀបធៀបជាមួយនឹងហត្ថលេខាគំរូដែលបានកត់ត្រាជាមួយ ធនាគារ។ ធនាគារមានសិទ្ធិមិនទូទាត់មូលប្បទានប័ត្រណាមួយ ករណីដែលហត្ថលេខារបស់អតិថិជន ឬអ្នកតំណាងដែលបានទទួលសិទ្ធិពីអតិថិជន (ក្នុងករណីណាមួយ) ខុសពីហត្ថលេខាគំរូដែលបានរក្សាទុកនៅជាមួយធនាគារ តាមសេចក្តីសម្រេចតែមួយគត់របស់ធនាគារ ដែលជាសេចក្តីសម្រេចចុងក្រោយ និងស្ថាពរ។
២.៦ អតិថិជនត្រូវជូនដំណឹងទៅធនាគារជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរព័ត៌មានណាមួយរបស់ខ្លួន រួមទាំងការផ្លាស់ប្តូរអាណត្តិ ការផ្លាស់ប្តូរ ឬការប្រែប្រួលហត្ថលេខារបស់ខ្លួន ឬ ហត្ថលេខារបស់អ្នកតំណាង ឬការផ្លាស់ប្តូរអ្នកតំណាងក្នុងបញ្ជីហត្ថលេខីដែលទទួលសិទ្ធិ ឬរបៀបនៃការចុះហត្ថលេខា (ប្រសិនបើមាន) ការផ្លាស់ប្តូរនៅក្នុងស្ថាប័នរបស់អតិថិជន (រួមទាំងការផ្លាស់ប្តូរដៃគូអាជីវកម្ម ការផ្លាស់ប្តូរលក្ខន្តិកៈក្រុមហ៊ុន (ប្រសិនបើមាន)) ការផ្លាស់ប្តូរ អាសយដ្ឋាន ឬព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។ ធនាគារមានសិទ្ធិដំណើរការផ្លាស់ប្តូរតាមការជូនដំណឹង ក្នុងពេលវេលាសមស្របមួយ ក្នុងអំឡុងពេលយ៉ាងតិចប្រាំពីរ (៧) ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីពេលបានទទួលបានការបញ្ជា ('អំឡុងពេលផ្លាស់ប្តូរ')។ ធនាគារមិនទទួលខុសត្រូវចំពោះអតិថិជន ចំពោះសកម្មភាព ឬភាពអសកម្មដែលធ្វើឡើងដោយផ្អែកលើការបញ្ជា ឬ អាណត្តិ ឬ ការតំណាងសិទ្ធិដែលមានស្រាប់ នៅក្នុងអំឡុងពេលផ្លាស់ប្តូរឡើយ។
២.៧ ប្រសិនបើអតិថិជន បានដាក់ពាក្យស្នើសុំបើកគណនីផ្សេងទៀតជាបន្តបន្ទាប់ ធនាគារអាច (ប៉ុន្តែមិនមានកាតព្វកិច្ច) យកព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំថ្មី ដើម្បីជំនួសព័ត៌មានពីមុនដែលផ្តល់ដោយអតិថិជនបាន។
២.៨ ធនាគារអាចបដិសេធមិនធ្វើសកម្មភាពតាមការបញ្ជាណាមួយ ប្រសិនបើ ការបញ្ជានោះមិនសមស្របនឹងច្បាប់ បទដ្ឋាន ឬ បទប្បញ្ញត្តិផ្សេងទៀតជាធរមាន។
២.៩ ប្រសិនបើមានភាពមិនច្បាស់លាស់ ឬភាពមិនស៊ីសង្វាក់គ្នា ឬ ភាពមិនស្របគ្នារវាងការបញ្ជាផ្សេងៗរបស់អតិថិជន ធនាគារអាចជ្រើសរើសមិនអនុវត្តតាមការបញ្ជានោះ រហូតដល់ភាពមិនច្បាស់លាស់ ឬភាពមិនស្របគ្នាត្រូវបានដោះស្រាយតាមតម្រូវការរបស់ធនាគារ ឬធនាគារអាចជ្រើសរើសអនុវត្តតែការបញ្ជារបស់ហត្ថលេខីដែលទទួលសិទ្ធិទាំងអស់ បើទោះបីជាអាណត្តិ ឬការបញ្ជាដែលមានស្រាប់កំណត់ផ្សេងពីនេះក៏ដោយ។
៣. ប្រាក់បញ្ញើ
៣.១ ដោយមិនប៉ះពាល់ដល់ប្រការ ៣.២ ធនាគារត្រូវទទួលយកប្រាក់បញ្ញើណាមួយដែលបានដាក់ដោយអតិថិជន ហើយរៀបចំដាក់ប្រាក់បញ្ញើនោះទៅក្នុងគណនីតាមការពេញចិត្តរបស់អតិថិជន។ ការគ្រប់គ្រងគណនីនេះ ត្រូវកំណត់នៅក្នុងបញ្ញត្តិ និង លក្ខខណ្ឌជាក់លាក់ក្នុងផ្នែក (គ) ដែលពាក់ព័ន្ធ។
៣.២ ធនាគារ អាចបដិសេធការដាក់ប្រាក់ណាមួយ ឬកំណត់ចំនួនទឹកប្រាក់ដែលអាចដាក់ប្រាក់បញ្ញើ និងប្រគល់មកវិញទាំងអស់ ឬមួយផ្នែក នៃចំនួនទឹកប្រាក់ដែលត្រូវដាក់នៅធនាគារ នៅពេលណាដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជន និងតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន និង ដោយពុំទទួលខុសត្រូវ ឬការផ្តល់ព័ត៌មាន ឬផ្តល់ហេតុផលណាមួយដល់អតិថិជនឡើយ។
៣.៣ រាល់ការដាក់ប្រាក់ដែលធ្វើឡើងដោយអតិថិជនត្រូវធ្វើឡើងតាមមធ្យោបាយ ឬ រូបិយបណ្ណដែលអនុញ្ញាតដោយ ធនាគារ។ អតិថិជន ត្រូវអនុវត្តតាមនីតិវិធីដែលកំណត់ដោយធនាគារនៅពេលណាមួយ និងតាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់។ បង្កាន់ដៃទទួលប្រាក់បញ្ញើនឹងត្រូវបញ្ជាក់ដោយត្រារបស់ធនាគារ ឬបោះពុម្ពចេញពីម៉ាស៊ីនកុំព្យូទ័ររបស់ធនាគារ ឬដោយមន្ត្រីរបស់ធនាគារ។
៣.៤ ប្រាក់បញ្ញើជាសាច់ប្រាក់ អាចដកបាននៅថ្ងៃធ្វើការបន្ទាប់ពីថ្ងៃដាក់ប្រាក់។
៤. ការទូទាត់មូលប្បទានប័ត្រ
៤.១ រាល់មូលប្បទានប័ត្រ និង ឧបករណ៍ទូទាត់ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ដែលដាក់មកធនាគារ ត្រូវទទួលបានដោយធនាគារសម្រាប់ទូទាត់ ក្នុងតួនាទីជាភ្នាក់ងារទូទាត់។ ធនាគារអាច៖
(ក) បញ្ជូនមូលប្បទានប័ត្រនីមួយៗ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀតសម្រាប់ទូទាត់ ទៅកាន់អ្នកចេញប័ណ្ណ បហារិត អ្នកយល់ព្រម ឬអ្នកទទួលប្រាក់ផ្សេងទៀត ឬតាមរយៈភ្នាក់ងារទូទាត់ណាមួយរបស់ខ្លួន ដោយយោងតាម និងអនុលោមតាមវិធាន និងបទប្បញ្ញត្តិរៀងៗខ្លួន និងសម្រាប់ការទូទាត់ជាសាច់ប្រាក់ មូលប្បទានប័ត្រធនាគារឬផ្សេងទៀត។
(ខ) បដិសេធក្នុងការទូទាត់ ប្រមូល ឬផ្តល់ការជូនដំណឹងអំពីការមិនបង់ប្រាក់ ឬ មិនទូទាត់សងមូលប្បទានប័ត្រ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀត នៅថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យជាតិដែលបានកំណត់។
៤.២ រាល់ការផ្ទេរប្រាក់ ទោះជាទទួលបានតាមរយៈការផ្ញើសារអេឡិចត្រូនិច ទូរលេខ ឬមធ្យោបាយអេឡិចត្រូនិច ឬ ឧបករណ៍ដែលអាចជួញដូរបានណាមួយ មិនអាចដកវិញបានទេ រហូតដល់ផ្ទេរប្រាក់ត្រូវបានទទួលដោយធនាគារ។ នៅពេលដែលការផ្ទេរប្រាក់នោះត្រូវបានលុបចោលដោយមូលផលណាក៏ដោយ ហើយទឹកប្រាក់នៅក្នុងគណនីរបស់អតិថិជននឹងត្រូវបានកាត់ភ្លាមៗ នោះធនាគារនឹងដកការប្រាក់ដែលត្រូវបានគណនា ឬបញ្ចូលទៅក្នុងគណនីនោះមកវិញដែរ។
៤.៣ ធនាគារអាចបដិសេធមិនទទួលយកប្រាក់បញ្ញើ ឬមូលប្បទានប័ត្រ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលចេញដោយភាគីទីបី។ នៅពេលដែលធនាគារទទួលយក ការទទួលយកនោះ នឹងមិនមានភ្ជាប់ទទួលខុសត្រូវរបស់ធនាគារឡើយ ហើយអតិថិជននឹងទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវ និងសុពលភាពលើរាល់បិដ្ឋិលេខ។ បិដ្ឋិលេខជាច្រើនលើមូលប្បទានប័ត្រ ឬ ឧបករណ៍អាចជួញដូរបានផ្សេងទៀតដែលធ្វើឡើងតាមបញ្ជារបស់ភាគីទីបីនឹងមិនត្រូវបានទទួលយកដោយធនាគារទេ លុះត្រាតែមានការព្រមព្រៀងជាមុនជាមួយធនាគារ។
៤.៤ មូលប្បទានប័ត្រ និង ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលទទួលបានសម្រាប់ការទូទាត់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អតិថិជន បន្ទាប់ពីធនាគារបានទទួលការទូទាត់រួចរាល់តែប៉ុណ្ណោះ។
៤.៥ មូលប្បទានប័ត្រដែលចេញជាមួយធនាគារក្នុងស្រុក អាចត្រូវបានទូទាត់តែនៅថ្ងៃទូទាត់មូលប្បទានប័ត្រដែលជាថ្ងៃធ្វើការដែលបានកំណត់ប៉ុណ្ណោះ។
៤.៦ មូលប្បទានប័ត្រដែលចេញជាមួយធនាគារក្នុងស្រុក នឹងត្រូវបានបញ្ចូលទៅក្នុងគណនី ប៉ុន្តែមិនអាចទូទាត់បាននោះទេ លុះត្រាតែមានទឹកប្រាក់នៅក្នុងគណនីដែលចេញមូលប្បទានប័ត្រនោះ។ ធនាគារនឹងដកនូវមូលប្បទានប័ត្រពីគណនី ប្រសិនបើមូលប្បទានប័ត្រទាំងនេះមិនត្រូវបានទូទាត់ ឬមិនមានទឹកប្រាក់គ្រប់គ្រាន់។
៤.៧ ប្រការ ៤.៤ ប្រការ ៤.៥ និង ប្រការ ៤.៦ ត្រូវអនុវត្តដូចគ្នាចំពោះរាល់មូលប្បទានប័ត្រដែលដាក់ជាមួយធនាគារ មិនថាតាមបញ្ជរ ឬតាមរយៈសេវាម៉ាស៊ីនដាក់មូលប្បទានប័ត្រ ឬតាមរយៈមធ្យោបាយណាមួយ។
៤.៨ ធនាគាររក្សាសិទ្ធិក្នុងការដកប្រាក់ពីគណនីរបស់អតិថិជននៅពេលទទួលបានមូលប្បទានប័ត្រដាក់មកធនាគារ ប៉ុន្តែធនាគារអាចប្រគល់មូលប្បទានប័ត្រមកអតិថិជនវិញដោយមិនទូទាត់។
៤.៩ រាល់មូលប្បទានប័ត្រធនាគារ លិខិតសន្យា រូបិយាណត្តិ និងការបញ្ជាទិញផ្សេងទៀតសម្រាប់ការទូទាត់ (ពីពេលនេះតទៅហៅថា 'ឧបករណ៍ទូទាត់') ដែលធនាគារបានទទួលសម្រាប់ដាក់ក្នុងគណនី ត្រូវស្ថិតនៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌដូចខាងក្រោម៖
(ក) នៅពេលដែលការទូទាត់ត្រូវបានធ្វើឡើងទៅក្នុងគណនី រាល់ទឹកប្រាក់ដែលបានដាក់ក្នុងគណនី គឺបណ្តោះអាសន្ន ហើយអាចនឹងត្រូវដកមកវិញ លុះត្រាតែការទូទាត់នេះត្រូវបានទទួលដោយធនាគារ។
(ខ) ធនាគាររក្សាសិទ្ធិ ក្នុងការទទួលយកឧបករណ៍ទូទាត់ណាមួយ សម្រាប់តែធ្វើបេឡានិច័យប៉ុណ្ណោះ។ ធនាគារអាចបញ្ជូនឧបករណ៍ទូទាត់ ទៅធនាគារដែលជាកន្លែងទូទាត់ដោយផ្ទាល់ ឬទៅភ្នាក់ងារណាដែលជ្រើសតាំង ដើម្បី ប្រមូលឧបករណ៍ទូទាត់តាមរយៈភ្នាក់ងាររងមួយ ឬច្រើនដែលជ្រើសតាំងដោយភ្នាក់ងារនោះ។ ភ្នាក់ងារទូទាត់/ភ្នាក់ងាររងណាមួយអាចត្រូវចាត់ទុកថាជាភ្នាក់ងាររបស់អតិថិជន។
(គ) សិទ្ធិរបស់ធនាគារ ក្នុងការទាមទារសំណងពីអតិថិជនលើឧបករណ៍ទូទាត់ណាមួយ មិនត្រូវប៉ះពាល់ដោយ (១) ការបាត់បង់ ការបំផ្លិចបំផ្លាញ ឬ មិនមានទឹកប្រាក់លើឧបករណ៍ទូទាត់ណាមួយឡើយ (២) ដំណាក់កាលនីតិវិធីណាមួយធ្វើឡើងដោយធនាគារ ឬ (គ) ការចុះការព្រមព្រៀងណាមួយ (ដែលត្រូវបានអនុញ្ញាតដោយអតិថិជន) ជាមួយភាគីទីបីណាមួយ។
(ឃ) ធនាគារ នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការពន្យារពេលក្នុងការទូទាត់ចូលគណនី ទោះជាការបាត់បង់ ឬការពន្យារនោះ កើតឡើងពី (ប៉ុន្តែមិនកំណត់ចំពោះ) (i) ការបញ្ឈប់ការទូទាត់។ (ii) ការបាត់បង់តាមរយៈសារអេឡិចត្រូនិច (iii) ការយឺតយ៉ាវ ឬ ការខកខាននៃការធ្វើបង្ហាញការទូទាត់ ការទាមទារ ការទូទាត់ ឬការផ្តល់សេចក្តីជូនដំណឹងអំពីការមិនទូទាត់ ឬ (iv) ឧបករណ៍ទូទាត់ ប័ណ្ណប្រាក់ ឬរបាយការណ៍មិនមានទឹកប្រាក់គ្រប់គ្រាន់ក៏ដោយ។
(ង) អតិថិជនបានបោះបង់ការតវ៉ា ការបង្ហាញ និងការជូនដំណឹងអំពីឧបករណ៍ទូទាត់ណាមួយដែលមិនមានប្រាក់គ្រប់គ្រាន់ និងតទៅនេះលះបង់សិទ្ធិក្នុងការទាមទារសំណង ឬទូទាត់សងពីធនាគារ។
៤.១០ ការដាក់មូលប្បទានប័ត្រ និងឧបករណ៍អាចជួញដូរបានផ្សេងទៀតមិនអាចដកសំរាប់ប្រើប្រាស់បានឡើយ លុះត្រាតែធនាគារបានទទួលការទូទាត់រួចរាល់តែប៉ុណ្ណោះ។
៤.១១ អតិថិជនត្រូវចេញសងការចំណាយជូនធនាគារដែលជាភ្នាក់ងារទូទាត់ លើការចំណាយ ការបាត់បង់ ការខូចខាត ឬការទទួលខុសត្រូវផ្សេងទៀតដែលអាចកើតឡើងលើ ឬប៉ះពាល់ដល់ធនាគារ ដោយមូលហេតុណាមួយ តាមរយៈការយល់ព្រមទូទាត់ ឬមូលប្បទានប័ត្រមិនមានសាច់ប្រាក់គ្រប់គ្រាន់ ដែលអតិថិជនតម្កល់ទុកសម្រាប់ការទូទាត់។
៤.១២ ធនាគារមានសិទ្ធិគិត ថ្លៃសេវា ឬកម្រៃជើងសារធម្មតារបស់ខ្លួនក្នុងនាមជាភ្នាក់ងារទូទាត់ និងត្រូវបានអនុញ្ញាតឱ្យកាត់ថ្លៃសេវាទាំងនោះពីគណនីនោះបាន។
៥. ការដកប្រាក់
៥.១ ការបញ្ជាដើម្បីដកប្រាក់ដោយអតិថិជន ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ឬតាមរបៀបដែលធនាគារកំណត់។ អតិថិជនត្រូវអនុវត្តតាមនីតិវិធីដូចដែលធនាគារបានកំណត់ណាពេលណាមួយ និង តាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់។ អតិថិជន អាចដកប្រាក់ប្រចាំថ្ងៃ ទៅតាមចំនួនដែលកំណត់ដោយធនាគារ។
៥.២ នៅពេលធនាគារទទួលបានការបញ្ជាដកប្រាក់ស្របតាមទម្រង់របស់ធនាគារ អតិថិជនត្រូវទទួលខុសត្រូវលើការបញ្ជានេះ មិនថាគណនីដែលពាក់ព័ន្ធនោះ មានសមតុល្យសំរាប់ទូទាត់ ឬផ្សេងពីនេះ។ ធនាគារមិនមានកាតព្វកិច្ច អនុវត្តតាមសំណើដកប្រាក់ណាមួយឡើយ ប្រសិនបើក្នុងគណនីរបស់អតិថិជនមានទឹកប្រាក់មិនគ្រប់គ្រាន់ ហើយមិនមានការព្រមព្រៀងច្បាស់លាស់ណាមួយផ្សេងពីនេះ ។
៥.៣ នៅពេលដែលការបញ្ជាផ្ទេរប្រាក់ត្រូវបានប្រគល់ទៅឱ្យធនាគារ នោះអតិថិជនមិនអាចលុប ដក ឬកែប្រែការបញ្ជានោះបានទេ លុះត្រាតែធនាគារយល់ព្រមផ្សេងពីនេះតាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់។
៥.៤ នៅក្នុងករណីដែលធនាគារទទួលបានការបញ្ជាសម្រាប់ការទូទាត់មួយចំនួន ឬប្រតិបត្តិការផ្សេងទៀត ដែលទឹកប្រាក់សរុបលើសពីចំនួនសមតុល្យមាននៅក្នុងគណនីមួយ ឬហួសពីចំនួនទឹកប្រាក់ដែលបានអនុញ្ញាត នោះធនាគារនឹងមានសិទ្ធិតាមឆន្ទានុសិទិ្ធរបស់ខ្លួនក្នុងការជ្រើសរើសប្រតិបត្តិការណាមួយត្រូវអនុវត្តជាបន្តបន្ទាប់ ដោយមិនយោងទៅលើកាលបរិច្ឆេទនៃការផ្ញើរចេញ ឬពេលវេលានៃការទទួលបានការបញ្ជាឡើយ។
៥.៥ ការបញ្ជារបស់អតិថិជនត្រូវតែអនុវត្តស្របតាម ផ្នែកមួយហៅថា 'ការបញ្ជារបស់អតិថិជន' នៅក្នុងបញ្ញត្តិ និង លក្ខខណ្ឌនេះ។
៥.៦ ធនាគារអាចដកប្រាក់ពីគណនីរបស់អ្នក ទោះជាគណនីនេះមានសមតុល្យគ្រប់គ្រាន់ឬមិនគ្រប់គ្រាន់ក៏ដោយ ប្រសិនបើការទូទាត់ ឬការដកប្រាក់ត្រូវបានធ្វើឡើងតាមរយៈទម្រង់ស្នើសុំដកប្រាក់ដែលបំពេញបានត្រឹមត្រូវ ឬមូលប្បទានប័ត្រដែលចុះហត្ថលេខា ស្របជាមួយនឹងឯកសារដែលមាននៅក្នុងកំណត់ត្រារបស់ធនាគារ និង/ឬការផ្តល់នូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នក ឬហត្ថលេខីដែលទទួលបានអនុញ្ញាតពីអ្នក តាមការស្នើសុំរបស់ ធនាគារ។
៥.៧ ទោះបីជាមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនីរបស់អ្នកក៏ដោយ ធនាគារមិនមានកាតព្វកិច្ចធ្វើទៅតាមការបញ្ជាណាមួយដែលទាក់ទងនឹងការបង់ប្រាក់ ឬសំណើដកប្រាក់របស់អ្នក ប្រសិនបើ៖
(ក) ហត្ថលេខា ខុសពីហត្ថលេខាគំរូដែលបានផ្តល់ឱ្យធនាគារ ឬមិនបានចុះហត្ថលេខាតាមលក្ខខណ្ឌប្រតិបត្តិការដែលបានអនុញ្ញាត ឬ មិនបានស្នើសុំដកប្រាក់ស្របតាមទម្រង់ហត្ថលេខាដែលតម្រូវនៅពេលស្នើសុំធ្វើប្រតិបត្តិការនោះ។
(ខ) មូលប្បទានប័ត្រ/ឧបករណ៍ហិរញ្ញវត្ថុដែលបានផ្តល់ជូន លើសពីប្រាំមួយ (៦) ខែ ឬ ហួសពីរយៈពេលដែលបានបញ្ជាក់នៅលើមូលប្បទានប័ត្រ/ឧបករណ៍ហិរញ្ញវត្ថុ ចាប់ពីកាលបរិច្ឆេទនៃមូលប្បទានប័ត្រ/ឧបករណ៍ហិរញ្ញវត្ថុបានចេញ។
(គ) ក្នុងករណីមូលប្បទានប័ត្រដែលពាក្យ 'អ្នកកាន់' ត្រូវបានលុបចោល។
(ឃ) សមតុល្យនៅក្នុងគណនីត្រូវបានគេបង្អាកដោយហេតុផលណាមួយ។
(ង) ធនាគារបានទទួល ឬមានកាតព្វកិច្ចគោរពតាមការតម្រូវរបស់បទប្បញ្ញត្តិ សេចក្តីសម្រេចតុលាការ ឬបទដ្ឋាននៃយុត្តាធិការពាក់ព័ន្ធណាមួយ ឬសំណើមិនឲ្យទូទាត់ប្រាក់ ឬសំណើដកប្រាក់ ឬដើម្បីទូទាត់ទៅស្ថាប័នរដ្ឋាភិបាល ឬទីភ្នាក់ងារណាមួយ ឬធនាគារត្រូវអនុវត្តតាមដីការបស់តុលាការ ឬដំណើរនីតិវិធីតាមច្បាប់ផ្សេងទៀត ដែលតម្រូវឱ្យធនាគារបង្កកគណនី ឬមិនអនុញ្ញាតឱ្យដកប្រាក់។
(ច) ការប្រតិបត្តិតាមបញ្ជាទំាងនេះ នឹងនាំឱ្យធនាគារបំពាន ឬ មិនអនុលោមតាមការដាក់ទណ្ឌកម្ម ការតម្រូវរបស់ រដ្ឋាភិបាល ដីការបស់តុលាការនៃយុត្តាធិការពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស ការតម្រូវទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និង/ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលធនាគារចាំបាច់ ឬត្រូវអនុវត្តតាម។ និង
(ឆ) ធនាគារក៏មានសិទ្ធិធ្វើការទូទាត់ និងដកប្រាក់តាមលំដាប់ ឬអាទិភាពណាមួយតាមការកំណត់របស់ធនាគារ។
៥.៨ ធនាគារមិនមានកាតព្វកិច្ចក្នុងការហៅទូរសព្ទ ឬជូនដំណឹងដល់អ្នកអំពីការកើតឡើងនៃហេតុការណ៍ណាមួយដែលរៀបរាប់ក្នុងប្រការ ៥.៧ ខាងលើ ឬ នៅពេលដែលគណនីរបស់អ្នកត្រូវបានដកប្រាក់លើសសមតុល្យនោះទេ។
៥.៩ ការកែណាមួយលើមូលប្បទានប័ត្រ ឬសំណើដកប្រាក់ផ្សេងទៀត ត្រូវតែបញ្ជាក់ដោយហត្ថលេខាពេញលេញរបស់ហត្ថលេខី ដែលស្របតាមហត្ថលេខាគំរូ។ ធនាគារមិនមានកាតព្វកិច្ចទូទាត់មូលប្បទានប័ត្រ ឬអនុវត្តតាមសំណើដកប្រាក់ណាមួយឡើយ នៅពេលដែលការកែប្រែនោះ ត្រូវបញ្ជាក់ដោយហត្ថលេខាសង្ខេប ឬហត្ថលេខាមិនពេញលេញ និងមិនស្របតាមហត្ថលេខាគំរូ។
៦. ការបញ្ជាអចិន្រ្តៃយ៍
ទោះបីជាមានការទទួលយកការបញ្ជាអចិន្ត្រៃយ៍ពីអតិថិជនក៏ដោយ ធនាគារនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចណាមួយក្នុងការអនុវត្តតាមការបញ្ជានោះឡើយ ប្រសិនបើគណនីមិនមានសមតុល្យគ្រប់គ្រាន់នៅកាលបរិច្ឆេទកំណត់ដើម្បីឲ្យធនាគារធ្វើការទូទាត់។ ធនាគារនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចក្នុងការអនុវត្តការបញ្ជាអចិន្ត្រៃយ៍ណាមួយឡើយ ប្រសិនបើមូលនិធិក្នុងគណនីត្រូវបានទទួលនៅកាលបរិច្ឆេទណាមួយ ក្រោយកាលបរិច្ឆេទដែលបានកំណត់ដើម្បីឲ្យធនាគារធ្វើការទូទាត់។ ទោះបីជាមានកិច្ចព្រមព្រៀងណាមួយរវាងធនាគារ និងអតិថិជនដូចរៀបរាប់ខាងលើក៏ដោយ ធនាគារនឹងមិនទទួលខុសត្រូវចំពោះអតិថិជនឡើយ ប្រសិនបើធនាគារសម្រេចបដិសេធ ឬមិនអនុវត្តតាមការបញ្ជាអចិន្ត្រៃយ៍ដែលទទួលបានពីអតិថិជន។
៧. កន្លែងទូទាត់
ប្រាក់ទាំងអស់នៅក្នុងគណនីនឹងត្រូវទូទាត់តែនៅសាខារបស់ធនាគារក្នុងប្រទេសកម្ពុជា ដែលគណនីបានបើក ឬនៅសាខាណមួយ ឬកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា ឬទីតាំងដែលកំណត់ដោយធនាគារ តាមឆន្ទានុសិទ្ធិដាច់ខាតរបស់ខ្លួនតែមួយគត់។
៨. របាយការណ៍គណនី
៨.១ លុះត្រាតែមានចែងផ្សេងពីនេះ នៅក្នុងបញ្ជាដែលគ្រប់គ្រងសេវាកម្មធនាគារអេឡិចត្រូនិករបស់ធនាគារ ឬ លុះត្រាតែតែមានការរៀបចំផ្សេងពីនេះដោយធនាគារ របាយការណ៍គណនីនឹងត្រូវបានផ្តល់ជូនជារៀងរាល់ខែ ដែលអតិថិជនអាចទទួលពីសាខាដែលគណនីត្រូវបានបើក។ ម្ចាស់គណនីត្រូវពិនិត្យមើលប្រតិបត្តិការដែលបានកត់ត្រានៅក្នុងរបាយការណ៍គណនី និងជូនដំណឹងមកធនាគារករណីមានកំហុស ភាពមិនប្រក្រតី ភាពមិនត្រឹមត្រូវ ការទាមទារ ឬការកាត់ប្រាក់ដែលមិនមានការអនុញ្ញាត។ ប្រសិនបើធនាគារមិនទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីកំហុស ឬភាពមិនត្រឹមត្រូវទាក់ទងនឹងការកត់ត្រាប្រតិបត្តិការដកប្រាក់ ឬដាក់ប្រាក់នៅក្នុងរបាយការណ៍ក្នុងរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃចុងក្រោយនៃខែចេញរបាយការណ៍នោះទេ ធនាគារចាត់ទុកថា ម្ចាស់គណនីទទួលយករាល់ការកត់ត្រាទាំងអស់នៅក្នុងរបាយការណ៍គណនី និងចាត់ទុកថាជារបាយការណ៍នេះត្រឹមត្រូវ និងស្ថាពរ។
៨.២ ប្រតិបត្តិការដែលបានធ្វើឡើងបន្ទាប់ពីពេលវេលាកំណត់របស់ធនាគារសម្រាប់ការបោះពុម្ពរបាយការណ៍នឹងត្រូវបានរួមបញ្ជូលទៅក្នុងរបាយការណ៍គណនីនៃខែបន្ទាប់។
៨.៣ លើសពីនេះ ធនាគាររក្សាសិទ្ធិដើម្បីបន្ថែម និង/ឬផ្លាស់ប្តូព័ត៌មានប្រតិបត្តិការនៅក្នុងរបាយការណ៍គណនី និងសន្លឹកប្រតិបត្តិការ សន្លឹកប្រតិបត្តិការបញ្ចូលប្រាក់ និងកំណត់ត្រា ប្រសិនបើមានការបញ្ចូលព័ត៌មានមិនត្រឹមត្រូវ ឬបាត់ ឬចំនួនទឹកប្រាក់មិនត្រឹមត្រូវនៅក្នុងឯកសារទាំងនោះ ដោយមិនមានការជូនដំណឹងជាមុនដល់អ្នក។ ធនាគារនឹងជូនដំណឹងដល់អ្នកនៅពេលបន្ទាប់នោះ។
៨.៤ ធនាគារអាចលុបចោល ទាញយកប្រតិបត្តិការមកវិញ ទាមទារឲ្យសងវិញ ឬកាត់ប្រាក់ចេញពីគណនី បង្អាក់ទឹកប្រាក់មួយចំនួនមិនឲ្យដកចេញ ឬចាត់ទុកគណនីអ្នកជាគណនីដែលដកប្រាក់លើសសមតុល្យ ព្រមទាំងធ្វើការកែតម្រូវទៅលើរបាយការណ៍គណនី ធ្វើការបញ្ជាក់គណនីប្រសិនបើ៖
(ក) ធនាគារត្រូវកែតម្រូវកំហុស ឬការខកខានណាមួយ។
(ខ) ធនាគារតម្រូវឱ្យប្រគល់ប្រាក់ត្រលប់ទៅឱ្យអ្នកបង់ប្រាក់ ឬបហារិត។
(គ) ធនាគារមិនបានទទួលមូលនិធិដែលបានទូទាត់ និងមូលនិធិគ្មានលក្ខខណ្ឌពេញលេញ ឬទាន់ពេលវេលា។ និង
(ឃ) នៅពេលដែលធនាគារមានមូលហេតុសមរម្យដើម្បីធ្វើសកម្មភាពនោះ ទោះជាមូលហេតុណាមួយក៏ដោយ។
៩. កាតព្វកិច្ចរបស់អតិថិជន
៩.១ អតិថិជនត្រូវ៖
(ក) ត្រួតពិនិត្យសមតុល្យគណនីរបស់អ្នកគ្រប់ពេល ហើយជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមអំពីការកាត់ប្រាក់ ឬ ការដកប្រាក់ដែលមិនមានការអនុញ្ញាត ឬអំពីបញ្ហាណាមួយ ដែលទាក់ទងនឹងគណនីរបស់អ្នក ដែលមាន ការសង្ស័យ។
(ខ) ជូនដំណឹងភ្លាមមកធនាគារជាលាយលក្ខណ៍អក្សរ អំពីការផ្លាស់ប្តូរស្ថានភាពណាមួយរបស់អ្នក ដែលអាចធ្វើឲ្យការប្រកាស និង/ឬ ការអះអាងណាមួយ (រួមទាំងដោយមិនកំណត់ចំពោះការប្រកាស ឬ ការអះអាងដែលទាក់ទងនឹងពន្ធ ឬបទល្មើសធ្ងន់ធ្ងរណាមួយឡើយ) ដែលធ្វើឡើងដោយអ្នកនៅលើពាក្យស្នើសុំបើកគណនី ឯកសារស្នើសុំ បញ្ញត្តិ និង លក្ខខណ្ឌ និង/ឬ ព័ត៌មាន និង/ឬ ឯកសារផ្សេងទៀតផ្សេងទៀតទាំងអស់ដែលបានដាក់ជូន ឬ ផ្តល់ដោយអ្នក ឬ ក្នុងនាមអ្នកទៅកាន់ធនាគារ ក្លាយជាព័ត៌មានមិនពិត មិនត្រឹមត្រូវ ឬធ្វើឲ្យភន្តច្រឡំ។
(គ) ចុះហត្ថលេខា និង បញ្ជាក់លើសន្លឹកឯកសារបញ្ជាក់ណាមួយ រួមទាំងឯកសារក្នុងគោលបំណងធ្វើសវនកម្ម (ប្រសិនបើត្រូវបានស្នើសុំ) ហើយជូនដំណឹងភ្លាមមកធនាគារអំពីការផ្លាស់ប្តូរណាមួយទាក់ទងនឹងអាសយដ្ឋាន ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
(ឃ) ពិនិត្យប្រតិបត្តិការកាត់ប្រាក់ និង ការបញ្ចូលប្រាក់ទាំងអស់នៅក្នុងរបាយការណ៍គណនី របាយការណ៍ និងកំណត់ត្រាប្រតិបត្តិការធនាគារ និង រាយការណ៍ពីការខកខាន ឬ កំហុសក្នុងការកាត់ប្រាក់ ឬបញ្ចូលប្រាក់ ឬធ្វើឡើងដោយមិនមានការអនុញ្ញាត ឬកត់ត្រាមិនត្រឹមត្រូវនៅក្នុងរបាយការណ៍គណនី និង/ឬ កំណត់ត្រាប្រតិបត្តិការ។ អ្នក ត្រូវបដិសេធចំពោះប្រតិបត្តិការកាត់ប្រាក់ ឬបញ្ចូលប្រាក់ ឬ ការខកខាន ឬភាពមិនត្រឹមត្រូវណាមួយក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីទទួលបានរបាយការណ៍គណនី ឬ កំណត់ត្រាប្រតិបត្តិការ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ (ធនាគាររក្សាទុកជាកំហុសដែលទទួលស្គាល់ដោយអតិថិជននៅក្នុងតុលាការដែលត្រូវបានធ្វើឡើងដោយធនាគារ) ៖
(i) ការបញ្ជូលព័ត៌មាននៅក្នុងរបាយការណ៍គណនី ឬកំណត់ត្រាប្រតិបត្តិការនេះ នឹងត្រូវបានចាត់ទុកថាត្រឹមត្រូវ និងស្ថាពរ ដោយអ្នកមិនអាចប្រឆាំងបាន ថារបាយការណ៍គណនី ឬកំណត់ត្រាប្រតិបត្តិការនេះមានព័ត៌មានបញ្ចូលប្រាក់ទាំងអស់ដែលគួរតែមាននៅក្នុងឯកសារ ហើយមិនមានព័ត៌មានកាត់ប្រាក់ណាមួយ ដែលមិនគួរមាននៅក្នុងឯកសារទាំងនេះឡើយ។
(ii) អ្នកនឹងត្រូវបានចងភ្ជាប់កាតព្វកិច្ចជាមួយរបាយការណ៍គណនី និងកំណត់ត្រាប្រតិបត្តិការ។និង
(iii) ធនាគារនឹងរួចផុតពីការទាមទារសំណងទាំងអស់ទាក់ទងនឹងរាល់ឥណពន្ធ ឬឥណទានដែលបង្ហាញនៅក្នុងរបាយការណ៍គណនី និងកំណត់ត្រាប្រតិបត្តិការ។
៩.២ ប្រសិនបើអ្នកមានសៀវភៅមូលប្បទានប័ត្រចេញឱ្យអ្នក ហើយអ្នកត្រូវមានកាតព្វកិច្ច៖
(ក) ជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារភ្លាម ប្រសិនបើអ្នកមិនបានទទួលសៀវភៅមូលប្បទានប័ត្ររបស់អ្នក (ដែលអ្នកបានស្នើសុំឱ្យបញ្ជូនមក) ក្នុងរយៈពេលពីរ (២) សប្តាហ៍គិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំនោះ។
(ខ) ដើម្បីជូនដំណឹងមកធនាគារភ្លាម និងបញ្ជាបញ្ឈប់ការទូទាត់ប្រាក់លើមូលប្បទានប័ត្រ ប្រសិនបើមូលប្បទានប័ត្រណាមួយរបស់អ្នកត្រូវបានបាត់ ឬត្រូវបានលួច ឬភ្លេចបាត់។ និង
(គ) មិនគួររក្សាទុកសៀវភៅមូលប្បទានប័ត្រ ចេញមូលប្បទានប័ត្រ ឬដំណើរការគណនីក្នុងលក្ខណៈដែលអាចជួយសម្រួលដល់ការលួច ការក្លែងបន្លំ ការផ្លាស់ប្តូរ ឬ ការក្លែងក្លាយ និង គួរអនុវត្តតាមបទប្បញ្ញត្តិ និង លក្ខខណ្ឌចែងលើគម្របសៀវភៅមូលប្បទានប័ត្រ និងក្នុងកិច្ចព្រមព្រៀងណាមួយលើសេវាកម្មដែលផ្តល់ដោយធនាគារដែលជាចំណុចមួយគួរបង្កើនការប្រុងប្រយ័ត្ន។
១០. គណនីក្នុងនាមក្រុមហ៊ុន
ជាគណនីដែលបានបើកក្នុងឈ្មោះក្រុមហ៊ុន ធនាគារអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរហត្ថលេខីទទួលសិទ្ធិ ប៉ុន្តែធនាគារមិនមានកាតព្វកិច្ចការទទួលយកការផ្លាស់ប្តូរនេះទេ លុះត្រាតែការផ្លាស់ប្តូរបានទទួលការអនុញ្ញាតត្រឹមត្រូវពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឬ តាមរយៈឯកសារ ឬ លិខិតណាមួយដែលតម្រូវនៅក្នុងកិច្ចព្រមព្រៀងសហការ ឬ លក្ខន្តិកៈក្រុមហ៊ុន ឬ ច្បាប់គ្រប់គ្រងលើក្រុមហ៊ុន។
១១. ការគិតថ្លៃ/កម្រៃជើងសារ និងអត្រាប្តូរប្រាក់បរទេស
១១.១ ធនាគាររក្សាសិទ្ធិក្នុងការកំណត់ថ្លៃសេវា ការផាកពិន័យ (រួមទាំងថ្លៃសេវាផ្លូវច្បាប់លើមូលដ្ឋានសំណងពេញលេញ និងថ្លៃតែម) និង/ឬ កម្រៃជើងសារតាមអត្រាធម្មតាលើសេវាកម្មណាមួយដែលផ្តល់ដោយធនាគារ។ ធនាគារអាចដកចំនួនទឹកប្រាក់ពីគណនីរបស់អតិថិជនសម្រាប់ថ្លៃសេវា កម្រៃ ឬ ចំនួនទឹកប្រាក់ជំពាក់ផ្សេងទៀតដែលត្រូវបង់ទៅធនាគារ។
១១.២ ធនាគារអាចផ្លាស់ប្តូរអត្រាធម្មតា និង/ឬ ចំនួនថ្លៃសេវា ឬ កម្រៃដែលត្រូវបង់ដោយអតិថិជន នៅពេលណាតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់ និងដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់អតិថិជន។
១១.៣ រាល់ការទូទាត់ដោយអតិថិជនទៅធនាគារត្រូវធ្វើឡើងដោយឥតគិតថ្លៃ និងច្បាស់លាស់ និងដោយគ្មានការកាត់កង ពន្ធ ឬ អាករប្រហាក់ប្រហែលឡើយ។ អតិថិជនត្រូវបង់បន្ថែមពន្ធ ឬអាករលើចំនួនទឹកប្រាក់ផ្សេងទៀតដែលត្រូវបង់ ហើយអតិថិជនយល់ព្រមទទួលខុសត្រូវផ្តល់សំណងដល់ធនាគារលើការទូទាត់ ប្រសិនបើធនាគារត្រូវប្រមូល និងធ្វើការទូទាត់ពន្ធ ឬអាករតាមច្បាប់តម្រូវ។
១១.៤ (ក) អតិថិជនយល់ព្រមថាធនាគារមានសិទ្ធិ (ប៉ុន្តែមិនមានកាតព្វកិច្ច) ដើម្បីប្តូររូបិយបណ្ណមួយទៅជារូបិយប័ណ្ណមួយផ្សេងទៀតតាមអត្រាប្តូរប្រាក់របស់ធនាគារ សម្រាប់កាលៈទេសៈណាក៏ដោយ ដោយមិនមានការជូនដំណឹងដល់អតិថិជន រួមទាំងនិងមិនកម្រិតត្រឹម ករណីរួមមានដូចខាងក្រោម៖
(i) ការប្តូរចំនួនទឹកប្រាក់ណាមួយទៅជារូបិយប័ណ្ណផ្សេងទៀត នៅក្នុងគណនីណាមួយចំពោះឥណទានរបស់អ្នក ឬ ចំនួនទឹកប្រាក់ណាមួយដែលធនាគារត្រូវបង់ទៅអ្នក សម្រាប់គោលបំណងនៃការអនុវត្តតាមការបញ្ជា ការបញ្ចូលប្រាក់ក្នុងគណនីណាមួយ ឬការអនុវត្តសិទ្ធិរបស់ធនាគារក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ។ ឬ
(ii) ការប្តូររូបិយប័ណ្ណលើចំនួនទឹកប្រាក់ណាមួយធនាគារបានទទួល ជារូបិយប័ណ្ណណាមួយដូចនឹងរូបិយប័ណ្ណនៅក្នុង ឬ រូបិយប័ណ្ណដែលត្រូវទូទាត់ ករណីបើមាន (មិនថាជាទឹកប្រាក់ដើម្បីបញ្ចូលទៅក្នុងគណនីណាមួយ ឬ ក្នុងការទូទាត់ទឹកប្រាក់ជំពាក់ធនាគារ)។
(ខ) អតិថិជនយល់ព្រមថា អតិថិជននឹងទទួលខុសត្រូវ រាល់ការខាតបង់ ការចំណាយ (រាប់បញ្ចូលទាំងមិនកំណត់ត្រឹម កម្រៃជើងសារធម្មតា និង/ឬ ថ្លៃសេវាដែលបានកំណត់) និង ហានិភ័យដែលបណ្តាលមកពីការប្តូររូបិយប័ណ្ណ បរទេស។ អតិថិជនយល់ព្រម និងទទួលស្គាល់បន្ថែមទៀតថា ការប្តូររូបិយប័ណ្ណបរទេសណាមួយអាចនាំឱ្យអតិថិជនទទួលបាន មានចំនួនតិចជាងចំនួនប្រាក់ដែលបានដាក់បញ្ចូល។
១២. ការយល់ព្រមសម្រាប់ការផ្តល់ព័ត៌មាន
១២.១ អតិថិជនផ្តល់សិទ្ធិដល់ធនាគារ ដោយគ្មានលក្ខខណ្ឌ និងមិនអាចតវ៉ាបាន និងយល់ព្រមក្នុងការផ្តល់ព័ត៌មានណាមួយរបស់អតិថិជន និង គណនីរបស់ខ្លួន ទៅកាន់ក្រុមហ៊ុនមេ ឬក្រុមហ៊ុនដែលកាន់កាប់ចុងក្រោយរបស់ធនាគារ បុត្រសម្ព័ន្ធណាមួយរបស់ធនាគារ (រួមទាំងសាខា) ទៅកាន់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរណាមួយ នគរបាល និងមន្ត្រីសាធារណៈដែលកំពុងធ្វើការស៊ើបអង្កេត សាខា ឬស្នាក់ការកណ្តាលរបស់ធនាគារទាំងក្នុង ឬក្រៅប្រទេសកម្ពុជា សវនកររបស់ធនាគារ និងបុគ្គល ឬអង្គការណាមួយ មិនថានៅក្នុង ឬក្រៅប្រទេសកម្ពុជាដែលបានផ្តល់សេវាអេឡិចត្រូនិក ឬសេវាផ្សេងទៀតដល់ធនាគារ បុគ្គលណាមួយ ឬអង្គការមិនថានៅក្នុង ឬក្រៅប្រទេសកម្ពុជា ដែលធនាគារបានធ្វើទំនាក់ទំនងក្នុងគោលបំណងអនុវត្ត ឬ ដើម្បីអនុវត្តសេវាកម្ម ឬមុខងារប្រតិបត្តិការរបស់ធនាគារ ដែលសេវាកម្ម ឬមុខងារប្រតិបត្តិការនោះត្រូវបានផ្តល់សេវាពីខាងក្រៅ បុគ្គលណាមួយដែលអនុញ្ញាតឱ្យផ្តល់ព័ត៌មាន ឬផ្តល់ទៅបុគ្គលផ្សេងទៀត ឬស្ថាប័នផ្សេងទៀតដែលត្រូវដោយបទប្បញ្ញត្តិ ច្បាប់ ឬបទដ្ឋាននានា ដែលតម្រូវដោយនិយតករក្នុងស្រុក ឬក្រៅប្រទេស ឬអាជ្ញាធរពន្ធដារណាមួយដែលអ្នកជាប់បន្ទុកពន្ធ នៅក្នុងយុត្តាធិការណាមួយ/ឬយុត្តាធិការពាក់ព័ន្ធ។ ដោយមិនត្រូវប៉ះពាល់ដល់ចំនុចដែលបានរៀបរាប់ខាងលើ អតិថិជនអនុញ្ញាតបន្ថែមលើការផ្តល់ព័ត៌មានរបស់ខ្លួន ដូចខាងក្រោម៖
(ក) ទៅការិយាល័យឥណទាន ឬអង្គការ ឬសាជីវកម្មផ្សេងទៀត ឬសមាជិកណាមួយ ក្នុងគោលបំណងរួមបញ្ចូលទាំងមិនកម្រិតត្រឹម ការវាយតម្លៃលទ្ធភាពឥណទានរបស់អតិថិជន។ និង
(ខ) ពាក់ព័ន្ធនឹងការធ្វើអនុប្បទាន ការផ្ទេរ ឬ នវកម្មដោយធនាគារលើគណនីដូចបានចែងក្នុងប្រការ ១៥.២។
១២.២ នៅពេលដែលធនាគារផ្តល់ឥណទានណាមួយដល់អតិថិជននៅពេលណា ឬ ធនាគារទទួលយក ឬទទួលខុសត្រូវចំពោះភាគីទីបីតាមការស្នើសុំរបស់អតិថិជន អតិថិជនយល់ព្រមឱ្យធនាគារផ្តល់ព័ត៌មានទាក់ទងនឹងគណនី ឬ ព័ត៌មានពាក់ព័ន្ធផ្សេងទៀតនៃគណនីទៅកាន់អ្នកធានា ឬបុគ្គលផ្សេងទៀតដែលទទួលខុសត្រូវ ឬផ្តល់ធានាលើគណនីនេះ និង/ឬ បុគ្គលផ្សេងទៀតនៅពេលណាក៏បានដែលចាំបាច់ត្រូវផ្តល់ព័ត៌មាន ដើម្បីអនុវត្តដោយបង្ខំរបស់ធនាគារលើប្រាតិភោគ ដោយមិនមានការជូនដំណឹងជាមុន ។
១២.៣ ការយល់ព្រមនេះនឹងបន្តរហូតដល់ការបញ្ចប់ការប្រើប្រាស់នៃគណនីណាមួយ ឬទាំងអស់ របស់អតិថិជន និង/ឬការបញ្ចប់ទំនាក់ទំនងរវាងអតិថិជន និងធនាគារដោយហេតុផលណាមួយ។
១៣. ការបិទគណនី និងគណនីនៅស្ងៀម ឬគ្មានសកម្មភាព
១៣.១ ធនាគារអាចបិទគណនីដោយមិនបង្ហាញពីហេតុផលណាមួយ ដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃទៅអតិថិជន (ឬរយៈពេលណាមួយដែលធនាគារអាចកំណត់បាន)។
១៣.២ អតិថិជនអាចបិទគណនី និងបញ្ចប់សេវាកម្មធនាគារផ្សេងទៀត ដោយផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងតិចសាមសិប (៣០) ថ្ងៃដល់ធនាគារ ការជូនដំណឹងបែបនេះត្រូវធ្វើឡើងដោយបុគ្គលដែលទទួលសិទ្ធិ ហើយអតិថិជនត្រូវចាត់វិធានការក្រោយការបញ្ចប់ណាមួយតាមការតម្រូវរបស់ធនាគារ។
១៣.៣ ប្រសិនបើអតិថិជនមានបំណងចង់បិទគណនីណាមួយ អតិថិជនត្រូវផ្តល់ការបញ្ជាជាលាយលក្ខណ៍អក្សរដល់ធនាគារ ឬក្នុងទម្រង់ និង/ឬវិធីសាស្រ្តផ្សេងទៀតដែលបានព្រមព្រៀងដោយធនាគារនៅពេលមួយ និងត្រូវអនុវត្តតាមនីតិវិធីដែលធនាគារកំណត់ទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់ ព្រមទាំងបង់ចំនួនទឹកប្រាក់ដែលជំពាក់ និងត្រូវបង់ឱ្យធនាគារ។
១៣.៤ នៅពេលបិទគណនី ដោយមិនប៉ះពាល់ដល់ប្រការ ១៨ ធនាគារនឹងរួចផុតពីការទទួលខុសត្រូវទាំងស្រុងរបស់ខ្លួនពីគណនីនោះបាន ដោយធ្វើការទូទាត់ទៅអតិថិជនតាមទម្រង់ណាមួយដែលធនាគារអាចកំណត់ ទៅតាមរូបិយប័ណ្ណ និង សមតុល្យនៃគណនីនោះ។
១៣.៥ ដោយមិនត្រូវប៉ះពាល់ដល់ចំណុចទូទៅដែលបានរៀបរាប់ខាងលើ ធនាគារមានសិទ្ធិ (ដោយគ្មានការទាមទារ ឬការជូនដំណឹង) បិទគណនី និង/ឬ បញ្ចប់ទំនាក់ទំនងរវាងធនាគារជាមួយអ្នកភ្លាម នៅពេលមានព្រឹត្តិការណ៍ណាមួយខាងក្រោមកើតឡើង៖
(ក) ការខកខានរបស់អតិថិជនក្នុងការអនុលោមតាមប្រការណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។
(ខ) មូលដ្ឋានណាមួយដែលបង្ហាញពីការក្ស័យធន ឬបណ្តឹងដាក់រំលាយក្រុមហ៊ុនប្រឆាំងអតិថិជន។
(គ) ការស្លាប់ វិកលចរិត ឬអសមត្ថភាពរបស់អតិថិជន។
(ឃ) ពាក្យស្នើសុំត្រូវបានធ្វើឡើងដោយភាគីណាមួយសម្រាប់ការតែងតាំងអ្នកទទួលរក្សាទ្រព្យសម្បត្តិ។
(ង) ការអនុវត្តកាតព្វកិច្ចណាមួយនៅក្រោមបញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ក្លាយជាមិនស្របច្បាប់ ឬមិនអាចទៅរួច។
(ច) ប្រសិនបើសមតុល្យក្នុងគណនីធ្លាក់ចុះក្រោមកម្រិតអប្បបរមាដែលបានកំណត់នដោយធនាគារនានាពេលណាមួយ។
(ឆ) ធនាគារត្រូវបានជូនដំណឹង ឬបានដឹងអំពីការដាក់ទណ្ឌកម្ម តម្រូវការរបស់រដ្ឋាភិបាល ដីការតុលាការនៃយុត្តាធិការដែលពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងការប្តូររូបិយបណ្ណ័បរទេស ការប្រឆាំងការសម្អាតប្រាក់ ឬការតម្រូវទាក់ទងនឹងការប្រឆាំងនឹងការសម្អាតប្រាក់ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលហាមឃាត់ ឬ នាំអោយមិនស្របច្បាប់បើនៅតែរក្សាគណនី ឬបន្តអោយប្រើប្រាស់គណនីរបស់អ្នក។ ឬ
(ជ) ធនាគារសម្រេច ឬមានហេតុផលដើម្បីជឿថា គណនីនេះកំពុងត្រូវបានប្រើប្រាស់ដោយផ្ទាល់ ឬដោយប្រយោលសម្រាប់ ឬពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ណាមួយ (រួមទាំងការសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម ការប្រាស្រយ័ទាក់ទងជាមួយបុគ្គល ឬអង្គភាពដែលត្រូវបានទទួលទណ្ឌកម្ម (មិនថាជានាយក ឬភ្នាក់ងារ) និងឧក្រិដ្ឋកម្មពន្ធ) ។
១៣.៦ គណនីដែលគ្មានប្រតិបត្តិការក្នុងរយៈពេលដប់ពីរ (១២) ខែ ឬច្រើនជាងនេះ ត្រូវចាត់ទុកថាជាគណនីនៅស្ងៀម ឬគ្មានសកម្មភាព។ ដើម្បីដំណើរការគណនីនៅស្ងៀមឡើងវិញ ហត្ថលេខីដែលទទួលសិទ្ធិត្រូវអញ្ជើញទៅកាន់សាខាណាមួយរបស់ ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី សម្រាប់ព័ត៌មានបន្ថែម។
១៣.៧ គណនីនៅស្ងៀម ឬគ្មានសកម្មភាព ជាគណនីដែលមិនដំណើរការ ឬគ្មានសកម្មរយៈពេលដប់ (១០) ឆ្នាំជាប់ៗគ្នា គិតចាប់ពីកាលបរិច្ឆេទសកម្មភាពចុងក្រោយ នឹងត្រូវបិទដោយស្វ័យប្រវត្តិ ហើយធនាគារនឹងផ្ទេរសមតុល្យចុងក្រោយ ទៅធនាគារជាតិនៃកម្ពុជា (NBC) ជាមួយមានឯកសារយោងបទប្បញ្ញត្តិជាធរមាន។
១៤. ការធ្វើអនុប្បទាន/ការផ្ទេរ
១៤.១ លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារ និង ក្នុងលក្ខខណ្ឌដែលធនាគារកំណត់ អតិថិជនមិនត្រូវធ្វើអនុប្បទាន ផ្ទេរ ឬ ដាក់បន្ទុកទៅឱ្យតតិយជន ឬ បង្កើតជាប្រាតិភោគ ឬផលប្រយោជន៍ណាមួយឬ ធ្វើការចាត់ចែងផ្សេងទៀត ឬមានបំណងធ្វើដូច្នេះ លើប្រាក់បញ្ញើ ឬសមតុល្យណាមួយដែលមាននៅក្នុងគណនី ឬ ផ្នែកណាមួយនៃគណនីនោះឡើយ។
១៤.២ អតិថិជន ត្រូវយល់ព្រមដល់ធនាគារក្នុងធ្វើអនុប្បទាន ការផ្ទេរ ឬនវកម្ម (ទាក់ទងនឹងគណនី) ក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ និងក្រោមកិច្ចព្រមព្រៀងផ្សេងទៀតរវាងអតិថិជន និងធនាគារ។ អតិថិជនយល់ព្រមបន្ថែមទៀតថា ធនាគារមានសិទ្ធិធ្វើអនុប្បទាន ឬ ផ្ទេរសិទ្ធិ មុខងារ ផលប្រយោជន៍ អត្ថប្រយោជន៍ កាតព្វកិច្ច និងការទទួលខុសត្រូវ ណាមួយ ឬ ទាំងអស់ នៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ និងឬកិច្ចព្រមព្រៀងផ្សេងទៀតដែលពាក់ព័ន្ធ (រួមទាំងមិនកម្រិតត្រឹមការផ្ទេរអាជីវកម្ម ឬ ទ្រព្យ ការរួមបញ្ចូលគ្នា ការទិញយក ការបង្កើតឡើងវិញ ឬប្រតិបត្តិការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ដែលពាក់ព័ន្ធនឹងធនាគារ) ទៅឱ្យអ្នកទទួលផ្ទេរ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ។
១៥. គណនីដកលើសសមតុល្យ
១៥.១ អតិថិជនធានាថា គណនីមិនត្រូវដកលើសពីសមតុល្យនោះទេ ទោះជាបណ្ដោះអាសន្នក៏ដោយ លើកលែងតែមានការយល់ព្រមពីធនាគារតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ឬ តាមរយៈការព្រមព្រៀងជាមុនជាមួយធនាគារ ហើយការព្រមព្រៀមនេះ ត្រូវស្ថិតនៅក្រោមបញ្ញត្តិ និង លក្ខខណ្ឌនេះដែលអាចកំណត់ដោយធនាគារនៅពេលណាមួយ។
១៥.២ អតិថិជនត្រូវសងវិញតាមការទាមទារ រួមទាំងសមតុល្យដែលបានដកចេញណាមួយលើសពីសមតុល្យគណនី រួមទាំងការប្រាក់ និងកម្រៃសេវាពីធនាគារផ្សេងៗលើចំនួនសមតុល្យដែលបានដកចេញនោះ។ ការប្រាក់ត្រូវគណនាតាមអត្រាកំណត់ដោយធនាគារនាពេលណាមួយ ហើយការប្រាក់នោះត្រូវគណនាជាប្រចាំថ្ងៃ និងគិតនៅចុងខែនីមួយៗ ឬពេលវេលាណាមួយតាមការកំណត់របស់ធនាគារនាពេលណាមួយ។
១៥.៣ ការប្រាក់ដែលមិនទាន់បានបង់ ត្រូវបញ្ចូលទៅក្នុងចំនួនប្រាក់ដើមដែលជំពាក់នៅចុងខែនីមួយៗ ហើយចំនួនសរុបនឹងក្លាយប្រាក់ដើមថ្មីដែលជំពាក់ដើម្បីយកមកគណនាការប្រាក់ជាបន្តបន្ទាប់។
១៥.៤ ធនាគាររក្សាសិទ្ធិក្នុងការដកប្រាក់ លើចំនួនទឹកប្រាក់ដែលបានដកលើស ពីគណនីផ្សេងទៀតរបស់អតិថិជន តាមឆន្ទានុសិទ្ធិរបស់ខ្លួន តែមួយគត ។
១៦. ប្រាតិភោគសម្រាប់ការទូទាត់សង
១៦.១ នៅពេលដែលធនាគារទទួលយក ឬ ទទួលបន្ទុក (មិនថារូបិយ ឬអរូបិយ ចម្បង ឬវត្ថុបញ្ចាំ រៀងខ្លួនឬរួមគ្នា) ចំពោះ ឬ តាមការស្នើសុំរបស់អតិថិជន និងបន្ទាប់ពីការចុះហត្ថលេខារបស់អតិថិជននូវរាល់ឯកសារ និង/ឬការចុះបញ្ជីសិទ្ធិប្រាតិភោគដែលតម្រូវដោយធនាគារ នោះអតិថិជនយល់ព្រមដោយមិនកែប្រែ និងមិនអាចតវ៉ាបានថា មូលនិធិ ប្រាក់ ប្រាតិភោគ ឬ វត្ថុមានតម្លៃផ្សេងទៀតដែលដាក់ជាមួយធនាគារដែលជាកម្មសិទ្ធិរបស់អតិថិជន នឹងក្លាយជាប្រាតិភោគចំពោះធនាគារដោយស្វ័យប្រវត្តិ។ ធនាគារត្រូវជាម្ចាស់បន្ទុកលើមូលនិធិ ប្រាក់ ប្រាតិភោគ ឬវត្ថុមានតម្លៃផ្សេងទៀត ឬផ្នែកណាមួយរបស់វត្ថុនោះ និងអាចបង្អាក់រាល់ការទូទាត់មូលប្បទានប័ត្រដោយអតិថិជន រហូតដល់ទំនួលខុសត្រូវទាំងនោះ ត្រូវបានរួចបន្ទុក។
១៦.២ អតិថិជន ធានាអះអាងថានឹងមិនបង្កើតប្រាតិភោគ ឬដាក់ទ្រព្យ និងប្រាតិភោគបញ្ចាំ ទុក ដាក់បន្ទុក ឬបញ្ចាំទ្រព្យនេះ ទៅធនាគារផ្សេងទៀតជាប្រាតិភោគសម្រាប់ធានាឥណទានណាមួយដែលផ្តល់ដល់អតិថិជន ក្នុងអំឡុងពេលនោះ អតិថិជនត្រូវជំពាក់បំណុលធនាគារ។
១៦.៣ ប្រាក់បញ្ញើ ឬផ្នែកណាមួយរបស់វាអាចមិនត្រូវបានចាត់ចែង ផ្ទេរ គិតប្រាក់ ឬជាប់ពាក់ព័ន្ធផ្សេងទៀត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារ។
១៧. ការទូទាត់សង និង សិទ្ធិប្រាតិភោគ
ធនាគារ អាចទូទាត់សមតុល្យទាំងអស់ ឬណាមួយដែលមាននៅក្នុងគណនីណាមួយ រួមទាំងគណនីរួម និង គណនីបញ្ញើមានកាលកំណត់ដែលបានបើកជាមួយធនាគារ ដើម្បីសងបំណុលណាមួយរបស់អតិថិជន ដែលអាចមានជាមួយធនាគារ ហើយដល់ការកំណត់សង ប៉ុន្តែមិនទាន់បានទូទាត់សង។
១៨. ការលើកលែង និងការទទួលខុសត្រូវ
១៨.១ ទាំងធនាគារ ឬនិយោជិត អ្នកតំណាង ឬភ្នាក់ងារណាមួយរបស់ខ្លួន មិនទទួលខុសត្រូវចំពោះសកម្មភាព ឬការមិនអនុវត្ត លើកលែងតែករណីមានការធ្វេសប្រហែស ឬការខកខានដោយចេតនារបស់ធនាគារ នោះការទទួលខុសត្រូវរបស់ធនាគារមិនត្រូវលើសពីតម្លៃផ្សារវិនិយោគ ចំពោះការធ្វេសប្រហែសធ្ងន់ធ្ងរ ឬ ការខកខានដោយចេតនានេះឡើយ។
១៨.២ ដោយមិនកំណត់ត្រឹមចំណុចទូទៅដែលបានរៀបរាប់ខាងលើ ធនាគារ មិនទទួលខុសត្រូវ ឬ ជួលជុលសំណងចំពោះការចំណាយ ការបាត់បង់ ការខូចខាត ការទទួលខុសត្រូវ ឬផលវិបាកផ្សេងទៀតដែលទទួលរងដោយ ឬកើតឡើងចំពោះអតិថិជនដោយសារ៖
(ក) ការអនុវត្តដោយសុច្ចរិតតាមការបញ្ជារបស់អតិថិជន។
(ខ) ប្រតិបត្តិការគណនីណាមួយ ត្រូវបានហាមឃាត់ ឬរងផលប៉ះពាល់ ដោយហេតុផលណាមួយដែលលើសពីការគ្រប់គ្រងរបស់ធនាគារ ។
(គ) ការបាត់បង់ ឬ ការខូចខាតដែលបណ្តាលមកពីការពន្យារពេល ឬការខកខាន ក្នុងការបញ្ជូន ឬ មធ្យោបាយទំនាក់ទំនងណាមួយ។
(ឃ) ប្រសិនបើទឹកប្រាក់ដែលបានបញ្ចូល ឬដកពីគណនី បានថយចុះដោយសារពន្ធ ការរំលោះ ឬ មិនអាចប្រើបានដោយសារការហាមឃាត់ (កើតឡើងដោយមូលហេតុណាក៏ដោយ) ក្នុងការប្តូរ ការបញ្ជា ការផ្ទេរដោយអចេតនា ការរំខាន ឬការដាក់កម្រិតដោយលក្ខណៈណាមួយ ការអនុវត្តអំណាចរបស់រដ្ឋាភិបាល ឬ យោធា សង្គ្រាម បាតុកម្ម ឬ មូលហេតុផ្សេងទៀតដែលលើសពីការគ្រប់គ្រងដោយសមហេតុផលរបស់ធនាគារ។
(ង) កើតចេញពី ឬទាក់ទងនឹងការបាត់មូលប្បទានប័ត្រ។
(ច) កើតចេញពីការក្លែងបន្លំ ការធ្វេសប្រហែស ឬកង្វះសិទ្ធិអំណាចរបស់បុគ្គលម្នាក់ លើកលែងកើតដោយសារធនាគារ និងនិយោជិតរបស់ធនាគារ។
(ឆ) កើតចេញពីការធ្វេសប្រហែស ការខកខាន ឬ ការប្រព្រឹត្តកំហុសរបស់អតិថិជន។
(ជ) ទង្វើ ឬ ការខកខានណាមួយ (រួមទាំងការធ្វេសប្រហែស ឬការប្រព្រឹត្តខុសដោយចេតនា) ឬ ការក្ស័យធន ឬការដាក់ជម្រះបញ្ជីរបស់ភ្នាក់ងារណាមួយ អ្នកតែងតាំង អ្នកឆ្លើយឆ្លង ឬ សមភាគីដែលធនាគារបាន ប្រើប្រាស់។
(ឈ) កើតឡើងដោយសារធនាគារអនុវត្តសិទ្ធិណាមួយរបស់ខ្លួនក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។ និង
(ញ) កើតឡើងពីការពន្យារពេលណាមួយពីធនាគារទាក់ទងនឹងដំណើរការអនុតវត្តសិទ្ធិប្រាតិភោគ នៅពេលរកឃើញការក្លែងបន្លំ ការសម្អាតប្រាក់ គោលបំណងប្រឆាំងហិរញ្ញប្បទានភេរវកម្ម ឬដើម្បីអនុវត្តតាមទណ្ឌកម្ម ការអនុវត្តច្បាប់ ឬបទប្បញ្ញត្តិណាមួយ។
១៨.៣ ធនាគារ មិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ឬការចំណាយដែលកើតឡើងចំពោះ ឬដោយសារអតិថិជន (មិនថាដោយសារការក្លែងបន្លំហត្ថលេខារបស់ហត្ថលេខី ការផ្លាស់ប្តូរសំណើដកប្រាក់ ឬ ហេតុផលផ្សេងទៀតក៏ដោយ) ដែលមិនមែនជាកំហុសធនាគារឡើយ។ ធនាគារ មិនទទួលខុសត្រូវចំពោះការទូទាត់លើមូលប្បទានប័ត្រដែលបានកែ និង/ឬ ក្លែងបន្លំ ដែលការកែប្រែ និង/ឬ ការក្លែងបន្លំនេះ អាចធ្វើបានដោយការប្រើប្រាស់ទឹកថ្នាំដែលអាចលុបបាន ប៊ិច ឬម៉ាស៊ីនអង្គុលីលេខ ឬឧបករណ៍ផ្សេងទៀតដែលមានមុខងារលុបភ្ជាប់មកជាមួយ ឬ ដោយការប្រើប្រាស់ម៉ាស៊ីនសសេរមូលប្បទានប័ត្រ ឬ ម៉ាស៊ីនដែលអាចធ្វើការកែប្រែ និង/ឬ ការក្លែងបន្លំមិនអាចរកឃើញយ៉ាងងាយ ឬ នៅពេលដែលការផ្លាស់ប្តូរ និង/ឬ ការក្លែងបន្លំកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អតិថិ ជន។ ប្រសិនបើធនាគារបានដកប្រាក់ពីគណនីរបស់អតិថិជន ដោយផ្អែកលើសំណើដកប្រាក់ ឬសំណើក្នុងការទូទាត់ដែលហត្ថលេខារបស់អតិថិជន ឬហត្ថលេខាអ្នកទទួលសិទ្ធិត្រូវបានក្លែងបន្លំ នោះធនាគារមិនទទួលខុសត្រូវក្នុងការបង្វិលសងប្រាក់ ឬបង់ ឬទូទាត់សងទៅអតិថិជន លើចំនួនទឹកប្រាក់ដែលបានដកនោះទេ។
១៩. ការផ្អាកគណនី/សេវាកម្ម
១៩.១ ធនាគាររក្សាសិទ្ធិតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារក្នុងការផ្អាក និង/ឬបង្កកប្រតិបត្តិការ និង/ឬបិទ និង/ឬបង្កកគណនីអតិថិជន និង/ឬ សេវាកម្មណាមួយ ឬទាំងអស់នៅពេលនោះ និងសម្រាប់អំឡុងពេលណាមួយ នៅពេលធនាគារយល់ឃើញថាសាកសម រួមទាំងមិនកម្រិតត្រឹមស្ថានភាព ដូចខាងក្រោម៖
(ក) ធនាគារទទួលបានការបញ្ជាជាលាយលក្ខណ៍អក្សរពីម្ចាស់គណនី ឬហត្ថលេខីដែលទទួលការអនុញ្ញាតណាម្នាក់ ដើម្បីផ្អាកប្រតិបត្តិការ ទោះបីជាអ្នកទទួលសិទ្ធិលើគណនីតម្រូវឱ្យមានហត្ថលេខី ២ នាក់ ឬច្រើនជាងនេះក៏ដោយ។
(ខ) ធនាគារទទួលបានការបញ្ជាផ្ទុយគ្នា ពីភាគីហត្ថលេខីគណនី ឬអភិបាល ឬដៃគូណាម្នាក់របស់ម្ចាស់គណនី ទោះជាអភិបាល ឬដៃគូនោះ ជា ឬ មិនមែនជាហត្ថលេខីគណនីក៏ដោយ។
(គ) (ក្នុងករណីគណនីក្រុមហ៊ុន) ធនាគារត្រូវបានជូនដំណឹង ឬដឹងអំពីជម្លោះណាមួយរវាងអភិបាលក្រុមហ៊ុន និង/ឬហត្ថលេខីដែលទទួលសិទ្ធិចំពោះគណនី។
(ឃ) ធនាគារត្រូវបានជូនដំណឹង ឬដឹងអំពីបណ្តឹង ការស្នើសុំ ឬដំណោះស្រាយ ឬការតែងតាំងអ្នកទទួលរក្សាទ្រព្យសម្បត្តិ ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិតែងតាំងដោយតុលាការ ដើម្បីប្រកាសថាអ្នកក្ស័យធន ឬជម្រះបញ្ជី ឬ រំលាយ។
(ច) ធនាគារត្រូវបានជូនដំណឹងអំពីបញ្ជារឹបអូស(garnishee)សមតុល្យគណនីរបស់អ្នក។
(ឆ) ធនាគារត្រូវបានជូនដំណឹង ឬបានដឹងអំពីករណីណាមួយដែលមានចែងក្នុងប្រការ ១៤.៥។ ឬ
(ជ) ធនាគារត្រូវបានជូនដំណឹងពីអាជ្ញាធររដ្ឋាភិបាល ឬស្ថាប័ននីតិប្រតិបត្តិផ្សេងទៀត។
១៩.២ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ការចំណាយ ឬ ការរអាក់រអួលណាមួយ រួមទាំងការខូចខាតដោយផ្ទាល់ ដោយប្រយោល ដោយចៃដន្យ ដោយពិសេស ផលវិបាក ការដាក់ទណ្ឌកម្ម ឬ ការបាត់បង់សេដ្ឋកិច្ច ការបាត់បង់ប្រាក់ចំណូល ឬប្រាក់ចំណេញ ការបាត់បង់ប្រាក់សន្សំដែលរំពឹងទុក ឬ អាជីវកម្មដែលទទួលរង ឬកើតឡើងដោយអ្នក ឬបុគ្គលណាម្នាក់ ដោយសារធនាគារបានផ្អាកប្រតិបត្តិការ និង/ឬបិទគណនីរបស់អ្នក និង/ឬ សេវាកម្មណាមួយ ឬទាំងអស់ ឬអនុវត្តសិទ្ធិណាមួយនៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬ ភាពអសមត្ថភាពរបស់អ្នកក្នុងការចូលប្រើសេវាកម្មណាមួយដែលបានផ្តល់ឱ្យអ្នក ទោះបីជាធនាគារបានណែនាំ ឬបានប្រាក់ពីលទ្ធភាពដែលនឹងអាចបាត់បង់ ឬ ការខូចខាត ដែលការខាតបង់ ឬការបាត់បង់ទាំងអស់នេះត្រូវបានបដិសេធយ៉ាងច្បាស់លាស់ក៏ដោយ។
២០. សំណង
២០.១ អតិថិជនត្រូវផ្តល់ពីសំណងដល់ធនាគារ មន្ត្រី និយោជិត អ្នកទទួលសិទ្ធិ និង ភ្នាក់ងាររបស់ខ្លួន លើសំណងខូចខាតពេញលេញជាមូលដ្ឋាន កើតចេញពីការទាមទារ សំណងខូចខាត នីតិវិធីតុលាការ បណ្តឹង ដំណើរការនីតិវិធី បទបញ្ជា ការខាតបង់ (ដោយផ្ទាល់ ឬជាផលវិបាក) ការខូចខាត កម្រៃ និង ការចំណាយ (រាប់បញ្ចូលទាំងកាតព្វកិច្ចពន្ធ ពន្ធ និងអាករ និង ថ្លៃសេវាផ្លូវច្បាប់សំណងខូចខាតពេញលេញជាមូលដ្ឋាន) និង ទំនួលខុសត្រូវផ្សេងទៀតគ្រប់រូបភាព ឬ តាមរបៀបណាមួយក៏ដោយដែលកើតឡើង ដែលធ្វើឲ្យធនាគារត្រូវរក្សារ ឬទទួលរងដោយផ្ទាល់ ឬដោយប្រយោលនៅពេលអនុវត្ត ប្រតិបត្តិតាម ឬអនុវត្តដោយបង្ខំលើបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬក្នុងកិច្ចព្រមព្រៀងផ្សេងទៀត រួមទាំងនិងមិនកម្រិតត្រឹម៖
(ក) ប្រតិបត្តិការគណនីណាមួយរបស់អតិថិជន;
(ខ) ការផ្តល់សេវា និង/ឬផលិតផលណាមួយដោយធនាគារដល់អតិថិជន។
(គ) ធនាគារធ្វើតាមការបញ្ជាដកប្រាក់ និង/ឬ ការបញ្ជាទូទាត់ណាមួយរបស់អតិថិជន។
(ឃ) ដោយហេតុផលថាធនាគារដើរតួជាធនាគារភ្នាក់ងារប្រមូល បានយោងលើ ឬធានាលើបិដិ្ឋលេខ ឬឯកសារ ទូទាត់ប្រាក់មូលប្បទានប័ត្រ វិក្កយបត្រ លិខិតសន្យា រូបិយាណត្តិ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀតដែលផ្តល់ដោយអតិថិជនសម្រាប់ទូទាត់ និងគ្រប់ករណីទាំងអស់ ហើយការយោង ឬ ការធានាដោយធនាគារនេះ ត្រូវចាត់ទុកថាបានអនុវត្តតាមសំណើរជាក់លាក់របស់អតិថិជន។
(ង) ធនាគារបានទទួល យោងលើ និងឈប់ធ្វើសកម្មភាពតាមការបញ្ជាដែលបានផ្តល់ ឬបានអះអាងថាបានផ្តល់ឲ្យពីអតិថិជន ឬ បុគ្គលណាម្នាក់ដែលអះអាងថាជាមេធាវីរបស់អតិថិជន ដោយមិនគិតពីកាលៈទេសៈដែលចេញការបញ្ជានោះ ឬ ប្រភេទប្រតិបត្តិការ និងទោះបីជាមានកំហុស ការយល់ច្រឡំ ការក្លែងបន្លំ ឬកង្វះភាពច្បាស់លាស់ក្នុងការផ្តល់ឱ្យ ទទួលបាន ឬ ខ្លឹមសារនៃការបញ្ជា រួមទាំងនៅពេលធនាគារជឿជាក់ដោយស្មោះត្រង់ថាការបញ្ជា ឬព័ត៌មានដែលផ្តល់ឱ្យធ្វើឡើងលើសសិទ្ធិអំណាចរបស់អតិថិជន ឬ នៅពេលដែលធនាគារជឿថាការធ្វើតាមការបញ្ជាបែបនេះនឹងនាំឱ្យមានការបំពានកាតព្វកិច្ច ឬ ច្បាប់ណាមួយអនុវត្តចំពោះធនាគារ និង ជាធរមានដែលនាំអោយមានការពិន័យ។
(ង) ការខកខានរបស់អតិថិជនក្នុងការទូទាត់ ឬ សងទៅធនាគារតាមតម្រូវការលើចំនួនទឹកប្រាក់ដែលជំពាក់ ធនាគារ (រួមទាំងការប្រាក់ទាំងអស់ដែលបង្គរ)។
(ឆ) ការបំពានរបស់អតិថិជនលើប្រការណាមួយ ឬ ច្រើនលើបញ្ញត្តិ និងលក្ខខណ្ឌនេះ។
(ជ) ការអនុវត្តដោយបង្ខំដោយធនាគារ (រួមទាំងសិទ្ធិនៃការលក់ ការទូទាត់ ការទូទាត់ឡើងវិញ ឬការអនុវត្តដោយបង្ខំលើដំណើរនីតិវិធី) ក្រោម ឬពាក់ព័ន្ធបញ្ញត្តិ និង លក្ខខណ្ឌនេះ និង/ឬគណនីនេះ។
(ឈ) ធនាគារប្រើប្រព័ន្ធ ឬមធ្យោបាយទំនាក់ទំនង ឬការបញ្ជូនណាមួយ ក្នុងការអនុវត្តការបញ្ជារបស់អតិថិជន ដែលនាំឱ្យបាត់បង់ ពន្យារពេល ខូចទ្រង់ទ្រាយ ឬស្ទួនការបញ្ជានេះ។
(ញ) រាល់ការបាត់ លួច ឬការក្លែងបន្លំ សៀវភៅមូលប្បទានប័ត្រ មូលប្បទានប័ត្រ សៀវភៅគណនី កាត ប័ណ្ណប្រាក់បញ្ញើមានកាលកំណត់ លេខអត្តសញ្ញាណផ្ទាល់ខ្លួន ឬការជូនដំណឹង ឬលេខកូដសំគាល់ផ្សេងទៀតដែលទាក់ទងនឹងគណនី និងការចេញជាថ្មី ឬការជំនួសមកវិញនូវឯកសារខាងលើណាមួយដោយធនាគារ។
(ដ) ការផ្លាស់ប្តូរច្បាប់ជាធរមាន បទប្បញ្ញត្តិ ឬសារាចររបស់រដ្ឋាភិបាលណាមួយទាក់ទងនឹងប្រការណាមួយនៃបញ្ញត្តិ និង លក្ខខណ្ឌនេះ ឬកិច្ចព្រមព្រៀងផ្សេងទៀតរវាងធនាគារ និងអតិថិជន។
(ឋ) សកម្មភាព ឬការសម្រេចចិត្តណាមួយដែលធ្វើឡើងដោយធនាគារសម្រាប់គោលបំណងនៃការអនុលោមតាម ឬដែលធនាគារយល់ថាចាំបាច់ ឬគួរចាំបាច់ ទាក់ទងនឹងការដាក់ទណ្ឌកម្មណាមួយ តម្រូវការរបស់រដ្ឋាភិបាល ដីការបស់តុលាការនៃយុត្តាធិការពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស ការតម្រូវទាក់ទងនឹងការប្រឆាំងនឹងការសម្អាតប្រាក់ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត។ និង
(ឌ) ធនាគារបានយោងលើការប្រកាស និង/ឬការធានាអះអាងណាមួយ (រាប់បញ្ចូលទាំងមិនកម្រិតត្រឹម ការប្រកាស ឬការធានាអះអាងណាមួយដែលទាក់ទងនឹងពន្ធ បទល្មើសធ្ងន់ធ្ងរ ឬ FATCA របស់សហរដ្ឋអាមេរិក) ដែលធ្វើឡើងដោយអតិថិជននៅក្នុងពាក្យស្នើសុំបើកគណនីណាមួយ លិខិតស្នើសុំ បញ្ញត្តិ និងលក្ខខណ្ឌនេះ និង/ឬ ព័ត៌មាន និង/ឬឯកសារផ្សេងទៀតទាំងអស់ដែលបានដាក់ជូន ឬផ្តល់ដោយ ឬក្នុងនាមអតិថិជនមកកាន់ធនាគារ។
២១. ទំនាក់ទំនង
២១.១ អតិថិជនត្រូវផ្តល់ឱ្យធនាគារនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរព័ត៌មានណាមួយរបស់អតិថិជនដោយអនុលោមតាមបញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ។
២១.២ រាល់សេចក្តីថ្លែងការណ៍ ការជូនព័ត៌មាន ការបញ្ជាក់ ការជូនដំណឹង ការទាមទារ និងការឆ្លើយឆ្លងផ្សេងទៀតទាំងអស់របស់ធនាគារក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ('ការឆ្លើយឆ្លង') ត្រូវបញ្ជូនជូនអតិថិជនតាមរយៈ៖
(ក) (ករណីអតិថិជនជារូបវ័ន្តបុគ្គល) ការបញ្ជូនដោយផ្ទាល់ដៃចំពោះអតិថិជន (ឬ តំណាងផ្ទាល់ខ្លួនរបស់អតិថិជន) ឬ (ពេលដែលអតិថិជនជាក្រុមហ៊ុន ឬក្រុមហ៊ុនសហកម្មសិទ្ធិ) ជូនចំពោះមន្ត្រី ឬ ដៃគូរបស់អតិថិជនណាមួយ ផ្ទាល់។
(ខ) ដោយផ្ញើទៅកាន់អតិថិជន ឬទៅមន្ត្រី ឬទៅដៃគូរបស់អតិថិជនណាមួយ (ករណីបើមាន) តាមអាសយដ្ឋានចុងក្រោយរបស់អតិថិជនផ្តល់មកធនាគារ។ ឬ
(គ) ផ្ញើតាមរយៈសារអេឡិចត្រូនិច ទូរលេខ ឬទូរសារ តាមមធ្យោបាយដូចបានរៀបរាប់ខាងលើ ទៅកាន់អ៊ីមែល ទូរលេខ ឬទូរសាររបស់អតិថិជន ដែលមានចុងក្រោយជាមួយធនាគារ។ ការឆ្លើយឆ្លងត្រូវចាត់ទុកថាត្រូវបានទទួល នៅថ្ងៃបានទទួលដោយផ្ទាល់ដៃ ប្រសិនបើបញ្ជូនដោយផ្ទាល់ ឬនៅពេលផ្ញើរចេញតាមសារអេឡិចត្រូនិច ទូរលេខ ឬទូរសារ ឬនៅថ្ងៃបន្ទាប់ពីការផ្ញើ ប្រសិនបើផ្ញើតាមប្រៃសណីយ៍។
២១.៣ អតិថិជនអនុញ្ញាតដោយគ្មានលក្ខខណ្ឌ និងយល់ព្រមឲ្យធនាគារ កត់ត្រា រាល់ទំនាក់ទំនង និង/ឬការបញ្ជាក់ណាមួយ រួមទាំងមិនកម្រិតត្រឹមការទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬ ឧបករណ៍ទំនាក់ទំនងផ្សេងទៀតដែលកំណត់ដោយធនាគារនាពេលណាមួយតាមការយល់ឃើញថាសមស្រប និង តាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់។
២២. ការលះបង់
ការខកខាន ឬការពន្យារពេលដោយធនាគារក្នុងការអនុវត្ត ឬការអនុវត្តដោយបង្ខំនូវសិទ្ធិ ឬជម្រើសណាមួយរបស់ធនាគារ ក្រោមបញ្ញត្តិ និង លក្ខខណ្ឌនេះ មិនចាត់ទុកជាការលះបង់ ការកម្រិត ការប៉ះពាល់ ឬការខូតខាតសិទ្ធិរបស់ធនាគារក្នុងការចាត់វិធានការ ឬអនុវត្តសិទ្ធិណាមួយរបស់ខ្លួនចំពោះអតិថិជននោះទេ ឬ ចាត់ទុកជាទំនួលខុសត្រូវរបស់ធនាគារចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងនោះដែរ។
២៣. ស្វ័យភាពនៃបញ្ញត្តិ
ប្រសិនបើប្រការណាមួយ ឬច្រើននៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ មិនស្របច្បាប់ ឬមិនអាចអនុវត្តបាន ក្រោមច្បាប់ជាធរមានណាមួយ នោះសុពលភាព ភាពស្របច្បាប់ និងការអនុវត្តនៃប្រការដទៃទៀតក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ នឹងមិនប៉ះពាល់ និងខូចខាតឡើយ។
២៥. ប្រធានសក្តិ
ធនាគារអាចផ្អាកប្រតិបត្តិការគណនី និង/ឬសេវាកម្មណាមួយ ឬទាំងអស់ ប្រសិនបើឥទ្ធិពលនៃប្រធានសក្តិ រួមមានមិនកម្រិតត្រឹម សង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ កុបកម្ម ការដកហូត ការបង្កក ការផ្អាក ឬការដាក់ការត្រួតពិនិត្យការផ្លាស់ប្តូរ ច្បាប់ បទប្បញ្ញត្តិ ឬការរឹតបន្តឹងផ្សេងទៀតដោយរដ្ឋាភិបាល (ទទួលស្គាល់ ឬមិនទទួលស្គាល់) ឬ អាជ្ញាធរផ្សេងទៀត ឬ បុគ្គលជាក់ស្តែងដែលគ្រប់គ្រងលើធនាគារ គ្រោះមហន្តរាយ ឬលក្ខខណ្ឌណាមួយ សកម្មភាពទាមទារបស់បុគ្គលិក កុំព្យូទ័រមិនដំណើរការ ឬ ការបំផ្លិចបំផ្លាញ ឬហេតុផលផ្សេងទៀតណាមួយក៏ដោយ ដែលអាចធ្វើអោយកំណត់ត្រាអតិថិជនរបស់ធនាគារ គណនី ឬសេវាកម្មរបស់ធនាគារ ត្រូវបានបាត់ ឬមិនអាចចូលប្រើប្រាស់បាន ឬ បានរារាំងដល់ការប្រើប្រាស់គណនី ឬសេវាកម្មទាំងនោះ។
២៥. ដីកាបង្កក
២៥.១ រាល់សាច់ប្រាក់ សមតុល្យក្នុងគណនី ទ្រព្យសម្បត្តិ ទ្រព្យ ដែលរក្សាទុក ឬរក្សានៅក្នុងគណនីក្រោមបញ្ញតិ និង លក្ខខណ្ឌនេះមិនអាចត្រូវ៖
(ក) ចាត់ចែង ទូទាត់ ផ្ទេរ ដក បិទ ដកចេញពីគណនី។ និង
(ខ) ធ្វើទំនាក់ទំនង ឬ ធ្វើប្រតិបត្តិការក្នុងលក្ខណៈណាមូយដោយអតិថិជន ('ការហាមឃាត់') ក្នុងករណីដែលធនាគារត្រូវបានជូនដំណឹង ឬ ទទួលបានដីកាចេញពីតុលាការក្នុងប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតដែលធនាគារមានប្រតិបត្តិការអាជីវកម្ម ('ដីការបស់តុលាការ') ដែលចែងពីលក្ខខណ្ឌតម្រូវឲ្យអតិថិជន និង/ឬភ្នាក់ងារ និង/ឬបុគ្គលិករបស់ខ្លួន (មិនថាមាន ឬមិនមានឈ្មោះក្នុងដីការបស់តុលាការ) គោរពតាមក្នុងការហាមឃាត់មួយ ឬច្រើន។
២៥.២ ការហាមឃាត់នេះ ត្រូវបញ្ចប់បាន លុះត្រាតែធនាគារបានទទួលដីការបស់តុលាការបន្ថែមទៀងក្នុងការបញ្ចប់ ឬលុបចោលការហាមឃាត់នោះ។
២៥.៣ រាល់ឯកសារ ឧបករណ៍អាចជួញដូរបាន មូលប្បទានប័ត្រ សំណើ និងការបញ្ជា ករណីបើអាច ត្រូវបានផ្តល់សម្រាប់ការទូទាត់ ការដកប្រាក់ ការលើក ផ្ទេរ ការដកចេញ ឬការអនុវត្តកក្នុងទម្រង់ប្រតិបត្តិការណាមួយ ឬប្រតិបត្តិការផ្សេងទៀតក្នុងគណនី នឹងត្រូវបដិសេធ និងប្រគល់ត្រលប់វិញដោយធនាគារ ក្នុងអំឡុងពេលរង់ចាំការបញ្ឈប់ការហាមឃាត់។
២៦. ការអនុញ្ញាតយល់ព្រមសម្រាប់ការត្រួតពិនិត្យឥណទាន
អតិថិជនបញ្ជាក់ថាធនាគារត្រូវបានអនុញ្ញាតឱ្យផ្ទៀងផ្ទាត់ និង/ឬធ្វើការត្រួតពិនិត្យណាមួយ និង/ឬទទួលបានព័ត៌មាន និង/ឬការបញ្ជាក់ណាមួយ អំពីអតិថិជន និង/ឬបុគ្គល រូបវន្តបុគ្គលណាម្នាក់ និង/ឬអង្គភាពណាមួយ ជាមួយ ឬ ពីភ្នាក់ងារឥណទាន និង/ឬទីភ្នាក់ងារផ្សេងទៀត និង/ឬ ពីស្ថាប័នហិរញ្ញវត្ថុណាមួយ ដែលធនាគារចាត់ទុកថាសមស្រមសម្រាប់គោលបំណងណាមួយ។
២៧. វិសោធនកម្មបញ្ញត្តិ និងលក្ខខណ្ឌ
២៧.១ ធនាគាររក្សាសិទ្ធិក្នុងការបន្ថែម ឬ កែប្រែប្រការណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌនេះនៅពេលណាមួយ និងផ្តល់ការជូនដំណឹងជូនអតិថិជនជាមុនយ៉ាងហោចណាស់ សាមសិប (៣0) ថ្ងៃ មុនការកែប្រែប្រួលណាមួយដែលទាក់ទងនឹងថ្លៃសេវា និងកម្រៃសេវា ព្រមទាំងទំនួលខុសត្រូវ និង កាតព្វកិច្ចរបស់អតិថិជន មុននឹងការបន្ថែម ឬ ការកែប្រែនោះមានប្រសិទ្ធិភាពអនុវត្ត។ កាតព្វកិច្ចក្នុងការផ្តល់ការជូនដំណឹងជាមុនដល់អតិថិជន មិនត្រូវបានអនុវត្តទេ ប្រសិនបើការកែប្រែបន្ថែម ឬ ការកែប្រែតម្រូវអោយមានប្រសិទ្ធិភាពភ្លាម ឬ ប្រសិនបើវាសក្តិសមនឹងមិនចាំបាច់ជូនដំណឹងជាមុន និងត្រូវបានអនុញ្ញាតទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
២៧.២ វិសោធនកម្មទាំងអស់នឹងមានប្រសិទ្ធភាព និងចងភ្ជាប់លោក/លោកស្រី ចាប់ពីកាលបរិច្ឆេទដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងរបស់ធនាគារ។ ការជូនដំណឹងជាមុនអាច ត្រូវបានផ្តល់ជូនអតិថិជនដោយលិខិតជូនដំណឹងពីការកែប្រែ ឬ ការចេញសំណុំបញ្ញត្តិ និង លក្ខខណ្ឌដែលបានកែប្រែនៅសាខាធនាគារ ឬ របោះផ្សាយក្នុងគេហទំព័ររបស់ធនាគារ កាសែត ឬប្រព័ន្ធផ្សព្វផ្សាយណាមួយ។ បន្ទាប់ពីការចេញ ឬបោះផ្សាយនេះ ធនាគារចាត់ទុកថាអ្នកទទួលបានការជូនដំណឹងអំពីកែប្រែបញ្ញត្តិ និងលក្ខខណ្ឌនេះហើយ។
២៧.៣ ប្រសិនបើអតិថិជនមិនទទួលយកការន្ថែម និង/ឬការកែប្រែបញ្ញត្តិ និង លក្ខខណ្ឌនេះទេ អតិថិជនត្រូវបញ្ឈប់ការធ្វើប្រតិបត្តិការភ្លាម និងបិទគណនីជាមួយធនាគារបាន។ ប្រសិនបើអតិថិជនធ្វើប្រតិបត្តិការគណនី បន្ទាប់ពីការជូនដំណឹងនេះ ធនាគារចាត់ទុកថា អតិថិជនបានយល់ព្រមលើការបន្ថែម និង/ឬការកែប្រែផ្លាស់ប្តូរនេះដោយឯកឯង។
២៨. សិទ្ធិភាគីទីបី
បុគ្គល ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងណាមួយដែលគ្រប់គ្រងដោយបញ្ញត្តិ និងលក្ខខណ្ឌនេះ មិនមានសិទ្ធិទាមទារអនុវត្ត ឬ ទទួលយកអត្ថប្រយោជន៍ពីប្រការនៃបញ្ញត្តិ និងលក្ខខណ្ឌនេះឡើយ។ ទោះបីជាមានកំណត់ក្នុងប្រការណាមួយនៃបញ្ញត្តិ និង លក្ខខណ្ឌនេះក៏ដោយ ការយល់ព្រមពីភាគីទីបីណាមួយ មិនតម្រូវឱ្យមានដើម្បីការកែប្រែ (រួមទាំងការលើកលែង ឬ ទំនួលខុសត្រូវដែលបានព្រមព្រៀងណាមួយ) ឬ ដើម្បីបញ្ចប់បញ្ញត្តិ និង លក្ខខណ្ឌណាមួយឡើយ។
២៩. ការប្រើប្រាស់សេវាពីខាងក្រៅ (Outsourcing)
ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់សេវាពីខាងក្រៅ ឬ ធ្វើកិច្ចសន្យាបន្តផ្នែកណាមួយនៃប្រតិបត្តិការរបស់ធនាគារទៅឱ្យភាគីទីបី (រួមទាំងភាគីដែលផ្តល់សេវានៅក្រៅប្រទេសកម្ពុជា) តាមលក្ខខណ្ឌដែលធនាគារយល់ឃើញថាសមស្របតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់។ ប្រតិបត្តិការនេះ ត្រូវរួមបញ្ចូលទាំងមិនកម្រិតត្រឹម ប្រតិបត្តិការលើការទូទាត់មូលប្បទានប័ត្រ ការបង្កើត ការថែរក្សា និងការរក្សាទុកឯកសារ និងកំណត់ត្រា ការផលិតកាតនិងការផ្ញើចេញ និង ការផ្ញើចេញឧបករណ៍សុវត្ថិភាព និងលេខកូដអត្តសញ្ញាណអ្នកប្រើប្រាស់។
៣០. ពន្ធ
៣០.១ អ្នកនឹងទទួលខុសត្រូវចំពោះកាតព្វកិច្ចសារពើពន្ធរបស់អ្នក ហើយធានាថាអ្នក និងគណនីរបស់អ្នក ត្រូវគោរពតាមច្បាប់ពន្ធដារនៃយុត្តាធិការពាក់ព័ន្ធដែលអ្នកស្នាក់នៅ មានទីលំនៅ ឬជាបុគ្គលជាប់ពន្ធ។
៣០.២ អ្នកទទួលស្គាល់ថា ធនាគារមិនផ្តល់ការប្រឹក្សាផ្នែកពន្ធ និងយល់ព្រមថាអ្នកគួរស្នើសុំប្រឹក្សាយោបល់ពីអ្នកជំនាញពន្ធដារនៅក្នុងយុត្តាធិការពន្ធរបស់អ្នកដែលស្នាក់នៅ។
៣០.៣ អ្នកយល់ព្រមផ្តល់ភ្លាមនូវច្បាប់ចម្លងនៃឯកសារពាក់ព័ន្ធណាមួយ (រួមទាំងឯកសារបន្ថែម ឬឯកសារដទៃផ្សេងទៀត) តាមការរបស់ធនាគារ។ នៅពេលណាដែលតម្រូវដោយនិយតករក្នុងស្រុក ឬក្រៅប្រទេស ឬអាជ្ញាធរពន្ធដារ អ្នកបានយល់ដឹង និងយល់ព្រមថា ធនាគារអាចទាមទាឱ្យ ផ្តល់ឯកសារ និង/ឬទម្រង់បែបបទបន្ថែមពីអ្នក ដែលអ្នក ឬ បុគ្គលតំណាងសិទ្ធិ និង/ឬអភិបាលរបស់អ្នក (ប្រសិនបើមាន) ត្រូវចុះហត្ថលេខា និង/ឬ ម្ចាស់ភាគហ៊ុន ម្ចាស់ភាគហ៊ុនចុងក្រោយ និង/ឬអភិបាលរបស់អ្នក (ក្នុងករណីដែលអាចអនុវត្តបាន) ត្រូវស្ថិតនៅក្រោមការតម្រូវរបស់យុត្តាធិការពាក់ព័ន្ធនោះ ។
៣០.៤ អ្នកធានាថាអ្នកមិនមានចេតនាប្រព្រឹត្ត ឬ ត្រូវបានផ្តន្ទាទោសពីឧក្រិដ្ឋកម្មពន្ធធ្ងន់ធ្ងរណាមួយ ហើយធានាថាអ្នកមិន ប្រព្រឹត្តដោយចេតនា រឺត្រូវបានផ្តន្ទាទោសពីឧក្រិដ្ឋកម្មពន្ធធ្ងន់ធ្ងរណាមួយឡើយ។
៣១. ច្បាប់ស្តីពការអនុលោមតាមច្បាប់ពន្ធលើគណនីបរទេសរបស់សហរដ្ឋអាមេរិក (FATCA)
៣១.១ អ្នក ត្រូវគោរពតាមកាតព្វកិច្ចរាយការណ៍ FATCA កាត់ទុក និងតម្រូវការផ្សេងទៀតណាមួយ (រួមទាំងការផ្តល់ឯកសារផ្សេងៗដែលចាំបាច់) ដែលធនាគារចាត់ទុកថាចាំបាច់ ឬ ចង់បានទាក់ទងនឹង FATCA នៅពេលណាមួយ (រួមទាំងការកែប្រែ ឬការអនុវត្តឡើងវិញបទបញ្ញតិដែលកំពុងមានជាធរមាន) ហើយធនាគារមានសិទ្ធិក្នុងការកាត់ទុក និងទូទាត់ពីគណនីរបស់អ្នក តាមតម្រូវការរបស់និយ័តករក្នុងស្រុក ឬក្រៅប្រទេស ដែលតម្រូវដោយនិយ័តករ ឬអាជ្ញាធរពន្ធដារ យោងតាមច្បាប់ជាធរមាន បទប្បញ្ញត្តិ គោលការណ៍ណែនាំ និង / ឬកិច្ចព្រមព្រៀងជាមួយនិយ័តករ ឬអាជ្ញាធរ ឬសារាចរណែនាំដែលអាចអនុវត្តបាន។
៣១.២ ទោះបីជាមានកំណត់ក្នុងបញ្ញត្តិ និង លក្ខខណ្ឌនេះក៏ដោយ អ្នកត្រូវតែជូនដំណឹងមកធនាគារក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃប្រតិទិននៃការកែប្រែនូវព័ត៌មានរបស់អ្នក និងផ្តល់ឯកសារ ឬព័ត៌មានទាំងអស់តាមការស្នើសុំពីធនាគារក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំ។
៣១.៣ ធនាគារ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់ ក្នុងការបង្កក/ផ្អាក/បិទគណនី ឬ ប្រតិបត្តិការរបស់អ្នក ឬទំនាក់ទំនងជាមួយធនាគារ ឬ ធ្វើសកម្មភាពផ្សេងទៀតដែលធនាគារចាត់ទុកថាសមរម្យនៅពេលណាមួយ ប្រសិនបើអ្នកមិនគោរពតាមកាតព្វកិច្ចរបស់អ្នកកំណត់ក្នុងប្រការ ៣១.១ និង/ឬប្រការ ៣១.២ ខាងលើ។
៣២. ច្បាប់ជាធរមាន និងយុត្តាធិការ
បញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ត្រូវគ្រប់គ្រង និងបកស្រាយគ្រប់ទិដ្ឋភាពទាំងអស់ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក្នុងការអនុវត្តបញ្ញត្តិ និងលក្ខខណ្ឌនេះ ធនាគារមានសេរីភាពក្នុងការដាក់ផ្តួចផ្តើមបណ្តឹង ឬដំណើរការនីតិវិធី ឬសកម្មភាពណាមួយប្រឆាំងនឹងអតិថិជនក្នុងប្រទេសកម្ពុជា ឬ នៅកន្លែងផ្សេងទៀតតាមធនាគារថាសមស្រប ហើយអតិថិជនយល់ព្រមថា នៅពេលណាដែលបណ្តឹង ឬដំណើរការនីតិវិធីធ្វើឡើងក្នុងប្រទេសកម្ពុជា អតិថិជនត្រូវដាក់ជូនយុត្តាធិការនៃតុលាការនៃព្រះរាជាណាចក្រកម្ពុជាគ្រប់បញ្ហាដែលទាក់ទងនឹងកាតព្វកិច្ច និងទំនួលខុសត្រូវរបស់អតិថិជន ដែលកើតឡើងក្រោម បញ្ញត្តិ និងលក្ខខណ្ឌនេះ។
III. លក្ខខណ្ឌបន្ថែមសម្រាប់គណនីជាក់លាក់
៣៣. គណនីចរន្ត
៣៣.១ ធនាគារអាចតម្រូវឲ្យដាក់ទឹកប្រាក់ដំបូងដើម្បីបើកគណនីចរន្តថ្មី និងត្រូវមានសមតុល្យអប្បបរមារក្សាក្នុងគណនីចរន្តនោះ។ គណនីចរន្តនេះ គឺជាគណនីបញ្ញើដែលមិនទទួលបានការប្រាក់ទេ លើកលែងតែមានការចែងផ្សេងពីនេះ។ ការដាក់ប្រាក់បញ្ញើនីមួយៗត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើក្នុងទម្រង់ដែលបានកំណត់។
៣៣.២ ពាក្យស្នើសុំសៀវភៅមូលប្បទានប័ត្រ ត្រូវជាលាយលក្ខណ៍អក្សរ ឬ ក្នុងទម្រង់ដែលធនាគារបានកំណត់។ សៀវភៅមូលប្បទានប័ត្រ នឹងត្រូវផ្ញើជូនទៅអាសយដ្ឋានរបស់ម្ចាស់គណនីដែលផ្តល់មកធនាគារ ករណីដែលរាល់ព័ត៌មានតម្រូវទាំងអស់បានបំពេញ និងប្រមូលដោយផ្ទាល់ដោយធនាគារ។ ការស្នើសុំសៀវភៅមូលប្បទានបត្រ័បន្ទាប់អាចធ្វើបានតាមរយៈការពិនិត្យសន្លឹកមូលប្បទានបត្រ័ដែលនៅសល់នៅក្នុងសៀវភៅមូលប្បទានបត្រ័ និង ដំណើការគណនីអ្នកស្នើសុំ។ តតិយជនអាចទទួលយកសៀវភៅមូលប្បទានបត្រ័បាន បើមានអាចការបញ្ជាជាលាយលក្ខណ៍អក្សរពីម្ចាស់គណនី។
៣៣.៣ មូលប្បទានប័ត្រសម្រាប់ប្រតិបត្តិការគណនីចរន្ត នឹងត្រូវផ្តល់ជូនដោយធនាគារ។ រាល់ការទូទាត់មូលប្បទានប័ត្រនៅសាខាធនាគារដែលគណនីបានបើក អាចធ្វើទៅបាន តាមរយៈការប្រើប្រាស់មូលប្បទានប័ត្រដែលធនាគារផ្តល់ឲ្យតែប៉ុណ្ណោះ។ ការប្រើប្រាស់ម៉ាស៊ីនវាយអក្សរអេឡិចត្រូនិច/អគ្គីសនី និង ទឹកប៊ិចដែលអាចលុបបាន មិនអនុញ្ញាតប្រើដើម្បីសរសេរលើមូលប្បទានប័ត្របានឡើយ។ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីនវាយអក្សរអេឡិចត្រូនិច/អគ្គិសនី និងទឹកប៊ិចដែលអាចលុបបានឡើយ។
៣៣.៤ ប្រសិនបើម្ចាស់គណនីចេញមូលប្បទានប័ត្រមួយចំនួន ឬ ចេញការបញ្ជាឲ្យទូទាត់មួយចំនួន ពីគណនីចរន្ត ហើយចំនួនទឹកប្រាក់បូកសរុបបញ្ចូលគ្នាលើមូលប្បទានប័ត្រទាំងអស់ ឬ ការបញ្ជាឲ្យទូទាត់ទាំងអស់ មានចំនួនលើសសមតុល្យដែលមានក្នុងគណនី ឬ ចំនួនដែលបានព្រមព្រៀងមុនជាមួយធនាគារ ធនាគារមានសិទ្ធិប្រើប្រាស់មូលនិធិដែលមានសម្រាប់ទូទាត់មូលប្បទានប័ត្រ ឬ ការបញ្ជាឲ្យទូទាត់ដែលស្នើសុំទូទាត់មកធនាគារមុនគេ ដោយមិនគិតអំពីកាលបរិចេ្ឆទ ចុះលើមូលប្បទានប័ត្រ ឬ ការបញ្ជាទូទាត់នោះឡើយ។
៣៣.៥ ការទូទាត់មូលប្បទានប័ត្រជាសាច់ប្រាក់នៅអន្តរសាខាដោយម្ចាស់គណនីចរន្តជារូបវន្តបុគ្គល ត្រូវបានអនុញ្ញាត ប្រសិនបើគណនីនោះមានសមតុល្យគ្រប់គ្រាន់សម្រាប់ការទូទាត់ និងសម្រាប់បង់កម្រៃសេវាផ្សេងៗដែលកំណត់ដោយធនាគារ។
៣៣.៦ ការជូនដំណឹងអំពីការបញ្ឃប់ការទូទាត់មូលប្បទានប័ត្រ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរក្នុងទម្រង់បែបបទ និង ខ្លឹមសារដែលកំណត់ដោយធនាគារ ហើយលិខិតជូនដំណឹងនេះត្រូវបញ្ចូលព័ត៌មានលម្អិតដូចជា លេខមូលប្បទានប័ត្រ លេខគណនី ចំនួនទឹកប្រាក់ ឈ្មោះអ្នកដែលត្រូវទូទាត់ និងកាលបរិច្ឆេទ។ ធនាគារនឹងកត់ត្រា ឬ ជូនដំណឹងទៅអតិថិជនចំពោះការទប់ស្កាត់ទូទាត់មូលប្បទានប័ត្រក្នុងគណនីចរន្ត បន្ទាប់ពីទទួលបានការជូនដំណឹងឲ្យបញ្ឈប់ការទូទាត់ជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់របស់ម្ចាស់គណនី ដែលបណ្តាលមកពីការខាកខានជូនដំណឹង ឬ មិនបានទទួលបានលិខិតជូនដំណឹងមកធនាគារក្នុងការបញ្ឈប់ការទូទាត់នោះទេ។ ធនាគារ មិនទទួលយកនូវរាល់ការបញ្ជាឲ្យបញ្ឈប់ការទូទាត់មូលប្បទានប័ត្រដែលផ្តល់ មកធនាគារដោយផ្ទាល់មាត់ តាមរយៈទូរស័ព្ទ ទូរសារ (telex) ឬ តេឡេក្រាមឡើយ លើកលែងតែការបញ្ជានោះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីភ្លាម បន្ទាប់ពីផ្តល់ការបញ្ជាខាងលើនេះ។ ទោះបីក្នុង កាលៈ ទេសៈណាក៏ដោយ ធនាគារមិនទទួលខុសត្រូវលើការខាតបង់កើតឡើងចំពោះម្ចាស់គណនី ទាក់ទងនឹងការបញ្ជាបញ្ឈប់ការទូទាត់មូលប្បទានប័ត្រធ្វើឡើងដោយផ្ទាល់មាត់ ទូរសព័្ទ ទូរសារ (telex) ឬ តេឡេក្រាហ្វិកឡើយ។ ធនាគាររក្សាសិទិ្ធក្នុងការគិតកម្រៃសេវាចំពោះរាល់ការបញ្ឈប់ការទូទាត់ និងរៀងរាល់លើក តាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់នៅពេលណាមួយ ។
៣៣.៧ នៅពេលដែលមូលប្បទានប័ត្រចេញដោយគ្មានទឹកប្រាក់គ្រប់គ្រាន់ ធនាគារ នឹងបញ្ជូន (មិនមានកាតព្វកិច្ច) មូលប្បទានប័ត្រទៅឲ្យអ្នកស្នើសុំទូទាត់វិញដោយផ្តល់ ឬ មិនចាំបាច់ផ្តល់មូលហេតុបាន។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះអ្នកចេញមូលប្បទានប័ត្រ អ្នកទទួល ឬ តតិយជន ក្នុងករណីមូលប្បទានប័ត្រគ្មានទឹកប្រាក់គ្រប់គ្រាន់ឡើយ។ ធនាគារ រក្សាសិទិ្ធក្នុងការពិន័យចំពោះមូលប្បទានប័ត្រចេញដោយគ្មានទឹកប្រាក់គ្រប់គ្រាន់ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួននៅពេលណាមួយ ។
៣៣.៨ ការដកប្រាក់ពីគណនីចរន្តអាចធ្វើទៅបាន លុះត្រាមានគណនីនោះមានទឹកប្រាក់គ្រប់គ្រាន់។ ធនាគាររក្សាសិទិ្ធក្នុងការបិទគណនី និង/ឬ បដិសេដមិនទូទាត់មូលប្បទានប័ត្រ ប្រសិនបើគណនីនោះ ត្រូវបានចុះក្នុងបញ្ជី ឬចំណាត់ថ្នាក់ជាគណនីមានមូលប្បទានប័ត្រគ្មានទឹកប្រាក់គ្រប់គ្រាន់ ស្របតាមបញ្ញតិដែលគ្រប់គ្រងមូលប្បទានប័ត្រគ្មានទឹកប្រាក់មិនគ្រប់គ្រាន់របស់ធនាគារ។
៣៣.៩ ធនាគាររក្សាសិទ្ធិក្នុងការកំណត់កម្រៃសេវារៀងរាល់ពាក់កណ្តាលឆ្នាំម្តង ព្រមទាំងកំណត់កម្រៃសេវាក្នុងការផ្តល់សៀវភៅមូលប្បទានប័ត្រ និងការបិទគណនីចរន្ត។
៣៣.១០ ការបិទគណនីចរន្តត្រូវធ្វើឡើងតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ ហើយធនាគារមិនទទួលយកការបញ្ជាដែលបញ្ជូនដោយផ្ទាល់មាត់ តាមទូរស័ព្ទេ ទូរសារ (telex) សារអេឡិចត្រូនិច ឬ តេឡេក្រាមឡើយ។ រាល់មូលប្បទានប័ត្រដែលនៅសល់ទាំងអស់ គឺជាកម្មសិទ្ធិរបស់ធនាគារ ក្រោយពេលបិទគណនីចរន្ត មូលប្បទានប័ត្រដែលមិនទាន់ប្រើប្រាស់ទាំងអស់ត្រូវបញ្ជូនមកធនាគារវិញភ្លាម។
៣៤ គណនីបញ្ញើមានកាលកំណត់
៣៤.១ ធនាគារត្រូវកំណត់ចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ និង រយៈពេលបញ្ញើប្រាក់ ព្រមទាំងរក្សាសិទិ្ធក្នុងការកែប្រែចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ និង រយៈពេលបញ្ញើ នៅពេលណាមួយ តាមឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ។
៣៤.២ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានបញ្ជាក់ដោយប័ណ្ណដាក់ប្រាក់បញ្ញើដែលមានហត្ថលេខាបញ្ជាក់របស់បុគ្គលិកធនាគារដែលទទួលបានសិទ្ធិចុះហត្ថលេខា ហើយប័ណ្ណនោះមិនមែនជាឯកសារបញ្ជាក់កម្មសិទិ្ធនោះទេ។
៣៤.៣ ការប្រាក់ក្នុងអត្រាកំណត់ដោយការឯកភាពរវាងធនាគារ និងម្ចាស់គណនី នឹងត្រូវទូទាត់ជូនម្ចាស់គណនី ស្របតាមការអនុវត្តធម្មតារបស់ធនាគារ។
៣៤.៤ ការដកប្រាក់ដោយផ្នែក មុនកាលកំណត់បញ្ញើ នឹងត្រូវចាត់ទុកជាការដកប្រាក់មុនការិយបរិច្ឆេទដកប្រាក់។
៣៤.៥ ការដកប្រាក់បញ្ញើមានកាលកំណត់ អាចធ្វើបានតែនៅសាខាធនាគារដែលបានរក្សាទុកបញ្ញើមានកាលកំណត់ប៉ុណ្ណោះ។ ចំពោះការដកប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៣ ខែ ឬ លើសពីនេះ ត្រូវមានការជូនដំណឹងជាមុនក្នុងរយៈពេល ៣១ (សាមសិបមួយ) ថ្ងៃ ។
៣៤.៦ ធនាគារ មិនធ្វើការទូទាត់ការប្រាក់ ចំពោះរាល់ការដកប្រាក់មុនកាលកំណត់ មុនរយៈពេល ៣(បី) ខែក្រោយពេលដាក់ប្រាក់បញ្ញើឡើយ។ ការទូទាត់ការប្រាក់ នឹងត្រូវបានទូទាត់តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ដោយផ្អែកលើចំនួនខែដែលបានប្រាក់បញ្ញើ ចំពោះប្រាក់បញ្ញើដែលបានដាក់សម្រាប់រយៈពេលយ៉ាងតិចបំផុត ៦ និង១២ ខែ នោះ។
៣៤.៧ គណនីបញ្ញើមានកាលកំណត់នឹងត្រូវបានបិទ ប្រសិនបើមានការដកប្រាក់បញ្ញើមុនរយៈពេលកំណត់ ។
៣៤.៨ រាល់ប្រាក់បញ្ញើមានកាលកំណត់ ដែលមិនបានដកនៅពេលដល់ការិយបរិច្ឆេទកំណត់ នឹងត្រូវបន្តជាថ្មីដោយស្វ័យប្រវត្តិសម្រាប់រយៈពេលដដែល និង ក្នុងអត្រាការប្រាក់ដែលធនាគារកំណត់នៅពេលបន្តជាថ្មី លើកលែងតែមានការកំណត់ផ្សេងក្នុងពាក្យស្នើសុំបើកគណនីប្រាក់បញ្ញើមានកាលកំណត់។
៣៥ គណនីចរន្តរូបិយប័ណ្ណបរទេស ('FCCA') និង គណនីបញ្ញើមានកាលកំណត់រូបិយប័ណ្ណបរទេស ('FCFD')
៣៥.១ ការដាក់ប្រាក់ និង ដកប្រាក់ជារូបិយប័ណ្ណបរទេស អាចធ្វើបានអាស្រ័យលើការមានរូបិយប័ណ្ណបរទេសនោះ និងការជូនដំណឹងទាន់ពេលវេលាមកកាន់ធនាគារ។
៣៥.២ អ្នកបានដឹងពីហានិភ័យដែលពាក់ព័ន្ធនៃអត្រាប្តូរប្រាក់ ក្នុងគណនីប្រាក់បញ្ញើរូបិយប័ណ្ណបរទេស និង គណនីរូបិយ ប័ណ្ណបរទេស ។ ជាពិសេស អ្នកត្រូវបានណែនាំថា៖
(ក) ប្រាក់ចំណូលលើប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស គឺអាស្រ័យលើអត្រាប្តូរប្រាក់នៅពេលដល់ការិយបរិច្ឆេទកំណត់ ឬនៅពេលដកប្រាក់ ទៅតាមករណីនីមួយ។ និង
(ខ) ការផ្លាស់ប្តូរអត្រាប្តូរប្រាក់មកវិញ អាចធ្វើឲ្យបាត់បង់ការប្រាក់ទាំងស្រុង និងកាត់បន្ថយចំនួនប្រាក់ដើម។
៣៥.៣ ធនាគារ មិនទទួលខុសត្រូវ ចំពោះការថយចុះតម្លៃមូលនិធិដោយសារសារពើពន្ធ ឬការប្រែប្រួលតម្លៃរូបិយប័ណ្ណ ឬការរំលោះ ឬមិនមានមូលនិធិសម្រាប់ដកនៅពេលណា ឬនៅការិយបរិច្ឆេទ ករណីបើមាន បណ្តាលមកពីការរឹតបន្តឹងលើការប្តូរ ការស្នើសុំ ការផ្ទេរដោយអចេតនា ការបង្អាក់ ឬការរឹតបន្តឹងសកម្មភាពណាមួយ ការអនុវត្តអំណាចរបស់រដ្ឋាភិបាល ឬយោធា សង្រ្គាម កូដកម្ម ឬ មូលហេតុផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់ធនាគារ។ លើសពីនេះទៀត:
(ក) ប្រសិនបើប្រទេសដើមដែលចេញរូបិយប័ណ្ណបានដាក់កម្រិតឲ្យចេញប្រើប្រាស់ ឥណទាន ឬផ្ទេរមូលនិធិនោះធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់ឱ្យអ្នកនូវមូលនិធិចូលក្នុងគណនីនោះទេ ទោះបីជាតាមវិធីទូទាត់ ឬសាច់ប្រាក់ជារូបិយប័ណ្ណដែលពាក់ព័ន្ធ ឬរូបិយប័ណ្ណផ្សេងទៀតក៏ដោយ។
៣៥.៤ អ្នកទទួលស្គាល់ថា អនុសាសន៍ ឬ ព័ត៌មានណាមួយដែលផ្តល់ជូនអ្នកពីធនាគារទាក់ទងនឹងអត្រាប្តូររូបិយប័ណ្ណ បរទេស និង ឥរិយាបថអត្រា (trends) អាចមានភាពមិនត្រឹមត្រូវ មិនពេញលេញ ឬមិនបានផ្ទៀងផ្ទាត់ ហើយ ធនាគារ មិនធ្វើការអះអាង ទទួលខុសត្រូវ ឬ ធានាណាមួយ និងធនាគារ មិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ឬពេញលេញនៃអនុសាសន៍ ឬ ព័ត៌មានណាមួយឡើយ។
៣៥.៥ អ្នកយល់ព្រមថា ហានិភ័យ និងការចំណាយទាំងអស់ដែលកើតចេញពីការប្តូររូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀត នឹងត្រូវទទួលខុសត្រូវដោយអ្នកផ្ទាល់ ហើយការចំណាយនោះ នឹងត្រូវបានដកចេញពីគណនីអ្នក។
តំណលីងនេះ ត្រូវបានផ្តល់ជូន សម្រាប់ភាពងាយស្រួលរបស់លោកអ្នកតែប៉ុណ្ណោះ ហើយមិនត្រូវបានចាត់ទុក ឬ បកស្រាយថា មានការយល់ព្រម ឬ ការផ្ទៀងផ្ទាត់ លើតំណលីងគេហទំព័រ ឬ មាតិកាទាំងអស់នោះ ដោយធនាគារ ស៊ីអាយអិមប៊ី ឡើយ។
ធនាគារ ស៊ីអាយអិមប៊ី មិនធានា ចំពោះរាល់ទិន្នន័យ និង ព័ត៌មាន នៅលើគេហទំព័រ ដែលលោកអ្នកនឹងចូលទៅកាន់នេះឡើយ។
តើលោកអ្នកមានបំណងដំណើរការដែរឬទេ?