លោកអ្នកកំពុងតែនៅក្នុង
- គោលដៅជីវិត
- សេវាកម្មធនាគារ ប្រចាំថ្ងៃ
- ប្រើសេវាធនាគារយើងខ្ញុំ
- កម្មវិធីពិសេស
- ជំនួយ និង ការគាំទ្រ
- តំណភ្ជាប់រហ័ស
លោកអ្នកកំពុងតែនៅក្នុង
We will be right with you.
បញ្ញត្តិ និងលក្ខខណ្ឌខាងក្រោមនេះ គឺសម្រាប់គ្រប់គ្រងគណនីរបស់អតិថិជនរបស់ធនាគារ ស៊ីអាយអិបប៊ី ភីអិលស៊ី (ធនាគារ)
១. បញ្ញត្តិ និងលក្ខខណ្ឌទូទៅ
១.១ ការបើកប្រតិបត្តិការទូទៅ និងការបិទគណនីដាក់ប្រាក់បញ្ញើ ត្រូវស្ថិតនៅក្រោមបញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ហើយដែលអាចត្រូវបានបន្ថែមវិសោធនកម្មផ្លាស់ប្តូរលុបចោល និងកែប្រែ នៅ ពេលណាមួយ តាមឆន្ទានុសិទិ្ធរបស់ធនាគារ ដោយមាន ឬមិនមានការជូនដំណឹង ហើយអតិថិជន យល់ព្រមគោរពតាម និងបន្តអនុវត្តតាមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ វិសោធនកម្មការផ្លាស់ប្តូរ ការលុបចោលនិងការកែប្រែនៃបញ្ញត្តិ និងលក្ខខណ្ណទាំងនេះ។
១.២ និយមន័យនៃគណនីដាក់ប្រាក់បញ្ញើ ត្រូវរាប់បញ្ជូលរាល់ទម្រង់ គណនីប្រាក់បញ្ញើ សន្សំ គណនីចរន្ត និងគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលជាសេវាធនាគារកំពុងផ្តល់ ឬនឹងផ្តល់ជូន អតិថិជននាពេលអនាគត ។
១.៣ អតិថិជន (ម្ចាស់គណនី) ត្រូវផ្តល់ឯកសារស្តីពីអត្តសញ្ញាណ ឬការចុះបញ្ជីដែលមាន សុពលភាព និងឯកសារផ្សេងទៀត តាមការទាមទាររបស់ធនាគារ នៅពេលណាមួយសម្រាប់ ប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើ។ អតិថិជនត្រូវធានាថា រាល់ឯកសារទាំងអស់ដែលបានផ្តល់ជូន ធនាគារត្រូវនៅមានសុពល ភាពនៅគ្រប់ពេល ។
១.៤ ការទទួលពាក្យសុំបើកគណនីប្រាក់បញ្ញើ ជាឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ ដែលរក្សា សិទិ្ធក្នុងការបដិសេធពាក្យសុំបើកគណនីនោះ ដោយមិនចាំបាច់បង្ហាញអំពីមូលហេតុ ហើយសេចក្តី សម្រេចរបស់ធនាគារ គឺជាសេចក្តីសម្រេចុងក្រោយ។
១.៥ តាមឆន្ទានុសិទិ្ធដាច់ខាតរបស់ខ្លួន ធនាគារអាចបិទគណនីដាក់ប្រាក់បញ្ញើ ដោយធ្វើការជូន ដំណឹងជាលាយលក្ខណ៍អក្សរទៅម្ចាស់គណនីនោះអំពីការបិទគណនីនោះ ហើយធនាគារមិនចាំបាច់ ផ្តល់នូវមូលហេតុណាមួយអំពីការបិទនោះទេ។ ម្ចាស់គណនីត្រូវបំពេញតាមលក្ខខណ្ឌចាំបាច់ផ្សេងៗ ដែលតម្រូវដោយធនាគារសម្រាប់ការបិទគណនី ប្រាក់បញ្ញើនោះ ប្រសិនបើមាន។
១.៦ ធនាគាររក្សាសិទ្ធិក្នុងការគិតកម្រៃសេវា សោហ៊ុយ ឬប្រាក់ពិន័យណាមួយ ដែលនឹងត្រូវបង់ ជាប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀលដែលមានតម្លៃសមមូល។
១.៧ ការដាក់ និងការដកប្រាក់បញ្ញើ អន្តរសាខាត្រូវបានអនុញ្ញាត ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌនៃ ចំនួនទឹកប្រាក់ ចំនួននៃប្រតិបត្តិការ និងកម្រៃ (បើមាន) តាមការកំណត់របស់ ធនាគារ។
១.៨ អតិថិជនត្រូវមានរាល់សេចក្តីអនុម័តយល់ព្រមចាំបាច់នានា ដែលច្បាប់តម្រូវ រួមទាំងការ អនុញ្ញាតពី អាជ្ញាធរមានសមត្ថិកិច្ចកម្ពុជា បើអាចអនុវត្តបាន សម្រាប់អនុញ្ញាតឲ្យអតិថិជនបើក រក្សា និងធ្វើប្រតិបត្តិការគណនីណាមួយនៅធនាគារ។ ធនាគារអាច ស្នើសុំឲ្យអតិថិជនផ្តល់ភស្តុតាង នៃសេចក្តីសម្រេចនោះនៅពេលណាក៏បាន ប៉ុន្តែធនាគារមិនមានកាតព្វកិច្ច បញ្ចាក់ និង/ឬផ្ទៀងផ្ទាត់ ពីភាពត្រឹមត្រូវនៃសេចក្តី្ហអនុម័តយល់ព្រមដែលបានទទួលនោះទេ។
១.៩ ធនាគាររក្សាសិទិ្ធក្នុងការស្នើសុំឲ្យអតិថិជនផ្តល់ព័ត៌មាន ឬឯកសារបន្ថែម ស្របតាមច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភារវកម្ម និង/ឬ បទប្បញ្ញតិ្តប្រហាក់ប្រហែលនេះ ដែលអនុវត្តនៅប្រទេសកម្ពុជា ហើយអតិថិជនត្រូវផ្តល់នូវព័ត៌មាន ឬឯកសារទាំងនោះភ្លាមៗ ទៅ ធនាគារនៅពេលដែលមានការស្នើសុំ។
១.១០ អតិថិជនត្រូវជូនដំណឹងទៅធនាគារ ជាលាយលក្ខណ៍អក្សរក្នុងពេលឆាប់បំផុតដែលអាច ធ្វើទៅបានអំពីការបញ្ជា ឬការផ្លាស់ប្តូរព័ត៌មាននៃកំណត់ត្រាផ្សេងៗដូចជាការផ្លាស់ប្តូរ ហត្ថលេខា /ហត្ថលេខី អាស័យដ្ឋាន ឬព័ត៌មានផ្ទាល់ខ្លួន ឬក្រុមហ៊ុន។ល។ ធនាគារមិនទទួលខុសត្រូវ ចំពោះការ ខាតបង់ ការយឺតយ៉ាវ ឬការខកខានណាមួយដែលកើតឡើង ចំពោះម្ចាស់គណនី បណ្តាលមកពីការ ផ្លាស់ប្តូរព័ត៌មានខាងលើ ឬការបញ្ជាដោយមិនបានជូន ដំណឹងឲ្យបានត្រឹមត្រូវមកធនាគារនោះទេ។
១.១១ ម្ចាស់គណនីដែលទទួលការប្រាក់ ត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក និង/ឬ អាករ តាមការ កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា និង/ឬ អាជ្ញាធរអាណាព្យាបាលណាមួយផ្សេងទៀតនៅពេល ណាមួយ។
១.១២ គណនីដែលមិនមានប្រតិបត្តិការរយៈពេលមួយ (១) ឆ្នាំ ឬលើសពីនេះ ត្រូវចាត់ទុកថាជា គណនីនៅស្ងៀម ឬគ្មានសកម្មភាព។ ដើម្បីធ្វើឲ្យគណនីនៅស្ងៀម ឬគ្មានសកម្មភាព នេះមានដំណើរ ការឡើងវិញ អតិថិជនត្រូវធ្វើប្រតិបត្តិការលើគណនីនេះនៅសាខាដែលបានបើកគណនី ឬ សាខា ផ្សេងទៀតរបស់ធនាគារ។
១.១៣ ធនាគារអាចធ្វើការកាត់កងសមតុល្យឥណទានណាមួយ ឬ ទាំងអស់ ក្រោមគណនីណា មួយ រួមទាំងគណនីរួម និងគណនីប្រាក់បញ្ញើមានកាលកំណត់ដែលបានបើកនៅធនាគារ សម្រាប់ធ្វើ ការទូទាត់បំណុលណាមួយដែលម្ចាស់គណនីអាចមាននៅជំពាក់ ហើយមិនទាន់បានទូទាត់។
១.១៤ នៅមុនពេលដាក់ប្រាក់បញ្ញើ អតិថិជនត្រូវធានាថារាល់ព័ត៌មានចាំបាច់ ដែលតម្រូវក្នុងប័ណ្ណ ដាក់ប្រាក់បញ្ញើ ឬ ទូទាត់ប្រាក់ត្រូវតែបំពេញឲ្យត្រឹមត្រូវ។ អតិថិជនត្រូវចុះហត្ថលេខាឲ្យបានត្រឹមត្រូវ និងពេញលេញចំពោះការកោសលុប ឬ ផ្លាស់ប្តូរព័ត៌មាននៅលើប័ណ្ណដាក់ប្រាក់បញ្ញើ ឬទូទាត់ប្រាក់។ រាល់ការដាក់ប្រាក់បញ្ញើ ត្រូវធ្វើឡើងដោយបំពេញទម្រង់ស្តង់ដាដែលធនាគារផ្តល់ជូន ហើយត្រូវ បំពេញព័ត៌មានក្នុងទម្រង់នោះឲ្យបានត្រឹមត្រូវបំផុតតាមការណែនាំ។
១.១៥ ធនាគារសូមរក្សាសិទិ្ធធ្វើវិសោធនកម្ម ឬផ្លាស់ប្តូរព័ត៌មាននៅលើប័ណ្ណដាក់ប្រាក់បញ្ញើ តាម ការផ្តល់យោបល់ ក្នុងករណីដែលមានការភ័ន្តច្រឡំ ឬ ព័ត៌មានខុស។
១.១៦ ការដាក់ប្រាក់បញ្ញើណាមួយ ឬបញ្ចូលទៅក្នុងគណនី សម្រាប់បើកប្រាក់ដោយ មូលប្បទានប័ត្រ ប័ណ្ណផ្ទេរប្រៃណីយ៍ ប័ណ្ណទូទាត់សាច់ប្រាក់ រូបិយណត្តិ ប័ណ្ណសងតាមបញ្ជា ផលប័ត្រពាណិជ្ជកម្ម ឬ បញ្ជាទូទាត់ (ឧបករណ៍ទូទាត់សងប្រាក់) មានអានុភាពអនុវត្ត និងសុពលភាព តែក្នុងករណីដែលឧបករណ៍ទូទាត់សងប្រាក់នោះត្រូវបានផាត់ទាត់ និងទូទាត់យ៉ាង ត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងករណីដែលឧបករណ៍ទូទាត់សងប្រាក់នោះ ត្រូវបានបង្វិលមកវិញ ដោយមិន ត្រូវបានទូទាត់ ធនាគារត្រូវមានសិទ្ធិកាត់ទឹកប្រាក់ពីគណនីនោះ និងគិតកម្រៃ លើចំណាយណាមួយ ដែលអាចកើតមាន ពាក់ព័ន្ធនឹងការប្រមូលឧបករណ៍ទូទាត់សងប្រាក់នោះ។ ប័ណ្ណដាក់ប្រាក់បញ្ញើ ដែលធនាគារអាចចេញជូន ត្រូវចាត់ទុកជាមោឃៈ ជាស្វ័យប្រវត្តិ ដោយមិនតម្រូវឲ្យធនាគារជូន ដំណឹងទៅម្ចាស់គណនីនោះទេ។
១.១៧ ឥណទាន ប័ណ្ណឥណទាន ឬ ការទូទាត់ផ្សេងទៀតដែលធនាគារអាចទទួលយកបាន ក្រោម ទម្រង់ជាសាច់ប្រាក់ ឬ ជាមូលប្បទានប័ត្រ មិនប៉ះពាល់ដល់បណ្តឹងទាមទារសំណង ដែលកំពង់ធ្វើ ឬ មានបំណងនឹងធ្វើ ដើម្បីទាមទារចំនួនទឹកប្រាក់ដែលនៅសល់ទាំងស្រុងនោះទេ។
១.១៨ ការទាមទារ ឬ ការជូនដំណឹងទៅម្ចាស់គណនីដែលធនាគារធ្វើជាលាយលក្ខណ៍អក្សរ ហើយដែលបានផ្ញើរជូនទៅម្ចាស់គណនី ត្រូវចាត់ទុកថាបានផ្តល់ជូន ប្រសិនបើប្រគល់ជូនម្ចាស់ គណនីដោយផ្ទាល់ ឬ បន្ទាប់ពីបានផ្ញើរជូនតាមប្រៃនីយ៍ទៅអាសយដ្ឋាន ចុងក្រោយរបស់ម្ចាស់ គណនីដែលបានដឹង និងបានប្រគល់ជូនធនាគារ។
១.១៩ រាល់គណនីដែលរក្សាទុក ឬ ប្រតិបត្តិការជាមួយធនាគារ និងរាល់ឯកសារទាំងអស់ ដែលអតិថិជនមាន ដូចជាសៀវភៅសន្សំ ប័ណ្ណដាក់ប្រាក់បញ្ញើដែលចេញដោយធនាគារ មិនអាចត្រូវ បានប្រើប្រាស់ដោយម្ចាស់គណនី ជាប្រាតិភោគក្នុងទម្រង់ណាមួយបានឡើយ ទោះបីជាចុះ ឬ មិនចុះបញ្ជី ដោយមិនមានការយល់ព្រម ជាលាយលក្ខណ៍អក្សរពីធនាគារ ដែលមានឆន្ទានុសិទ្ធិ យល់ព្រម ឬ មិនយល់ព្រម ហើយធនាគារមិនចាំបាច់ ផ្តល់ហេតុផលពីការបដិសេធឡើយ។
១.២០ ការបិទគណនីណាមួយត្រូវធ្វើឡើងដោយមានវត្តមានម្ចាស់គណនីផ្ទាល់ តាមរយៈ ទម្រង់ បែបបទជាលាយលក្ខណ៍អក្សរតាមតម្រូវការរបស់ធនាគារ។
១.២១ ការដកប្រាក់តាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ត្រូវអនុលោមតាមបញ្ញត្តិ និង លក្ខខណ្ឌគ្រប់គ្រងប្រតិបត្តិការនៃកាតម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM Card)។
១.២២ ក្នុងករណីគណនីប្រាក់បញ្ញើមានបុគ្គលពីរ ឬច្រើន (“គណនីរួម”) បញ្ញត្តិ និងលក្ខខណ្ឌ ទាំងនេះត្រូវអនុវត្តចំពោះម្ចាស់គណនីរួមទាំងអស់ដោយសាមគ្គីគ្នា។ ម្ចាស់គណនីរួមនីមួយៗត្រូវ ទទួលខុសត្រូវជាលក្ខណៈបុគ្គលចំពោះធនាគារ នូវចំនួនទឹកប្រាក់ទាំងស្រុងរបស់ម្ចាស់ គណនីរួម ទាំងអស់។ ក្នុងករណីដែលម្ចាស់គណនីរួមណាម្នាក់ទទួលមរណៈភាព ម្ចាស់គណនីរួម ផ្សេងទៀត ជាអ្នកមានសិទ្ធិក្នុងការទទួលនូវប្រាក់ ការប្រាក់ក្នុងគណនីរួមនោះ ដោយមានការយល់ ព្រមជាមុន ពីធនាគារ និងដោយអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ដើម្បីធ្វើការផ្ទេរ ពីគណនីរួមនោះ ទៅបុគ្គលណាម្នាក់ ឬ គណនីមួយទៀត ឬ បិទគណនី ឬ ដកសាច់ប្រាក់ ចេញពីគណនីរួមនោះ ហើយដោយត្រូវទូទាត់ឲ្យអស់នូវចំនួនទឹកប្រាក់ដែលនៅជំពាក់ធនាគារ។
១.២៣ ម្ចាស់គណនី យល់ព្រមអនុញ្ញាតឲ្យធនគារ ដកចំនួនទឹកប្រាក់ ដែលបានផ្ទេរចូលគណនី របស់ខ្លួនដោយ មានការភាន់ច្រឡំ ឬ កំហុសដោយមិនចាំបាច់ទទួលបាន ការយល់ព្រមជាមុន ពីម្ចាស់គណនីឡើយ។
១.២៤ គណនីនៅស្ងៀម ឬគ្មានសកម្មភាព ដែលគ្មានសកម្មភាពរយៈពេល ១០ឆ្នាំជាប់ៗគ្នា រាប់ចាប់ពីកាលបរិច្ឆេទប្រើប្រាស់ចុងក្រោយ នឹងត្រូវបិទ ហើយចំនួនទឹកប្រាក់ដែលមានក្នុងគណនី នឹងត្រូវផ្ទេរទៅកាន់ធនាគារជាតិនៃកម្ពុជា ជាមួយនឹងឯកសារគាំទ្រដែលធនាគារ ជាតិនៃកម្ពុជា តម្រូវ។
២. គណនីប្រាក់បញ្ញើសន្សំ
២.១ ធនាគារអាចតម្រូវឲ្យដាក់ចំនួនទឹកប្រាក់អប្បបរមាដំបូង សម្រាប់បើកគណនី ប្រាក់បញ្ញើ សន្សំ និងសមតុល្យអប្បបរមា ដែលត្រូវរក្សាទុកក្នុងគណីប្រាក់បញ្ញើសន្សំនៅគ្រប់ពេល។ ធនាគារ រក្សាសិទិ្ធផ្លាស់ប្តូរលក្ខខណ្ឌតម្រូវសម្រាប់ ទឹកប្រាក់ដំបូង និងសមតុល្យ អប្បបរមាដែលត្រូវរក្សា ទុកក្នុងគណីប្រាក់បញ្ញើសន្សំ ដោយជូន ឬ មិនជូនដំណឹងជាមុន។
២.២ ការទូទាត់ការប្រាក់របស់គណនីប្រាក់បញ្ញើសន្សំ ត្រូវគណនាផ្អែកលើសមតុល្យ ដែលមាន ប្រចាំថ្ងៃ និងអត្រាការប្រាក់ធម្មតា និងគោលនយោបាយរបស់ធនាគារ ហើយការប្រាក់នោះ ត្រូវបានបញ្ចូលទៅគណនីប្រាក់បញ្ញើសន្សំជាប្រចាំនៅថ្ងៃចុងក្រោយនៃខែជារៀង រាល់ខែ ឬ នៅកាលបរិច្ចេទផ្សេងដែលកំណត់ដោយធនាគារតាមឆន្ទានុសិទ្ធិរបស់ខ្លួន។
២.៣ រាល់ប្រាក់បញ្ញើ អាចដាក់ក្នុងគណនីប្រាក់បញ្ញើសន្សំដោយមាន ឬ មិនមានសៀវភៅប្រាក់បញ្ញើ ក្នុងលក្ខខណ្ឌដែលថាការដាក់ប្រាក់នេះត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើដែលបានបំពេញត្រឹមត្រូវ។
២.៤ ការដកប្រាក់បញ្ញើអាចធ្វើបានដោយម្ចាស់គណនីផ្ទាល់តែប៉ុណ្ណោះ ដោយម្ចាស់ គណនីត្រូវផ្តល់ ឬ បង្ហាញមកធនាគារនូវឯកសារអត្តសញ្ញាណរបស់ម្ចាស់គណនី ឬសៀវភៅគណនីប្រាក់បញ្ញើសន្សំរបស់ម្ចាស់គណនី និងប័ណ្ណដកប្រាក់ដែលបានបំពេញត្រឹមត្រូវ និងឯកសារពាក់ព័ន្ធផ្សេងទៀត ដែលធនាគារអាចស្នើសុំ ដើម្បីផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ។ នៅពេលដែលម្ចាស់គណនីដកប្រាក់ទាំងអស់ពីគណនីប្រាក់បញ្ញើសន្សំ គណនីនោះត្រូវចាត់ទុកថាបានបិទ។
២.៥ រាល់ការដកប្រាក់ទាំងអស់ត្រូវអាស្រ័យលើក្រដាសរូបិយវត្ថុ ឬរូបិយបណ្ណដែលមាន តាម ឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ហើយធនាគារមិនទទួលខុសត្រូវចំពោះម្ចាស់គណនី លើអត្រាប្តូរ ប្រាក់របស់ធនាគារឡើយ។ ម្ចាស់គណនីត្រូវទទួលខុសត្រូវ រាល់ខូចខាត ឬការខាតបង់ផ្សេងៗដែល ទទួលរងទាក់ទងនឹងការប្តូរប្រាក់ ការទិញ ឬការលក់ប្រាក់ដែលធនាគារនឹងកំណត់ ហើយធនាគារ មិនទទួលខុសត្រូវចំពោះម្ចាស់គណនីឡើយ។
២.៦ ធនាគារមិនទទួលខុសត្រូវចំពោះការកត់ត្រាណាមួយ ឬចំនួនទឹកប្រាក់ដែល មិនមានក្នុង សៀវភៅគណនីប្រាក់បញ្ញើសន្សំ ដោយគ្មានហត្ថលេខារបស់បុគ្គលិក ដែលមានសិទ្ធិរបស់ធនាគារ ឬ ការបញ្ជាក់ដោយបោះពុម្ពចេញពីម៉ាស៊ីនដកប្រាក់ធនាគារឡើយ។ ម្ចាស់គណនី ត្រូវត្រួតពិនិត្យរាល់ ការបញ្ចូលទិន្នន័យនៅក្នុងសៀវភៅគណនីប្រាក់បញ្ញើសន្សំ មុនពេលចាកចេញពីធនាគារ ហើយត្រូវ ជូនដំណឹងទៅធនាគារនៅមុនពេលចាកចេញអំពីកំហុសឆ្គង ភាពមិនត្រឹមត្រូវ ឬ ភាពមិនប្រក្រតី ដែលមានក្នុងគណនី បើមិនដូច្នោះទេ រាល់ទិន្នន័យ និងកំណត់ត្រាដែលត្រូវបានបញ្ចូល ក្នុងសៀវភៅ គណនីប្រាក់បញ្ញើសន្សំ ត្រូវបានចាត់ទុកជាទិន្នន័យចុងក្រោយ ត្រឹមត្រូវ និងមានសពុលភាព។
២.៧ ម្ចាស់គណនីត្រូវធ្វើការជូនដំណឹងជាលាយលក្ខអក្សរជាបន្ទាន់ទៅធនាគារ ក្នុងករណី សៀវភៅគណនីប្រាក់បញ្ញើសន្សំត្រូវបានលួច ឬបាត់បង់។ ធនាគារមិនទទួលខុស ត្រូវចំពោះការខាត បង់ណាមួយ ដែលកើតមានដល់ម្ចាស់គណនី ប្រសិនបើបុគ្គលដែលគ្មានការអនុញ្ញាតទទួលបាននូវ សៀវភៅគណនីប្រាក់បញ្ញើសន្សំ ហើយក្លែងបន្លំដកប្រាក់នូវចំនួនណាមួយ ដែលជាកម្មសិទ្ធិរបស់ ម្ចាស់គណនី មុនពេលដែលធនាគារ ទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីការបាត់បង់ សៀវភៅបញ្ញើសន្សំ។ ធនាគារ នឹងគិតកម្រៃសម្រាប់ការផ្តល់នូវសៀវភៅគណនីប្រាក់បញ្ញើសន្សំថ្មី ក្នុងលក្ខខណ្ឌដែលម្ចាស់គណនីបានចុះហត្ថលេខាត្រឹមត្រូវលើលិខិតធានាសំណង។
២.៨ ការផ្តល់សៀវភៅគណនីប្រាក់បញ្ញើសន្សំថ្មី នឹងត្រូវធ្វើនៅសាខា ដែលបានបើកគណនីប្រាក់ បញ្ញើសន្សំ នោះតែប៉ុណ្ណោះ។
២.៩ ប្រសិនបើម្ចាស់គណនីមានបំណងចង់បិទគណនីប្រាក់បញ្ញើសន្សំរបស់គាត់ គាត់ត្រូវមាន វត្តមានដោយផ្ទាល់នៅធនាគារ ដោយបង្ហាញនូវឯកសារបញ្ជាក់អត្តសញ្ញាណ សៀវភៅគណនីប្រាក់ បញ្ញើសន្សំ និងបំពេញេទម្រង់បែបបទស្នើសុំបិទគណនី។ ធនាគារមិនទទួលការបិទគណនី ដោយ អតិថិជនជូនដំណឹងតាមរយៈទូរស័ព្ទ អ៊ីម៉ែល ឬ ទម្រង់ផ្សេងទេ។
២.១០ កម្រៃសេវានឹងត្រូវគិតចំពោះគណនីប្រាក់បញ្ញើសន្សំ ដែលត្រូវបានស្នើសុំបិទក្នុងអំឡុងរយៈ ពេល ៦ (ប្រាំមួយ)ខែ ក្រោយពីកាលបរិច្ចេទបើកគណនីនោះ។
៣. គណនីចរន្ត
៣.១ ធនាគារអាចតម្រូវឲ្យដាក់ចំនួនទឹកប្រាក់អប្បបរមាដំបូង សម្រាប់បើកគណនីចរន្តថ្មី។ មិន មានសមតុល្យអប្បបរមាដែលត្រូវរក្សាក្នុងគណនីចរន្តទេ ហើយគណនីចរន្តនេះ គឺជាគណនីបញ្ញើ ដែលមិនទទួលបានការប្រាក់ទេ លើកលែងតែមានការចែងផ្សេងពីនេះ។ ការដាក់ប្រាក់បញ្ញើនីមួយៗ ត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើក្នុងទម្រង់ដូចដែលបាន កំណត់។
៣.២ ពាក្យស្នើសុំសៀវភៅមូលប្បទានប័ត្រត្រូវធ្វើក្នុងទម្រង់ដែលធនាគារបានកំណត់។ ម្ចាស់ គណនីត្រូវទទួលយកសៀវភៅមូលប្បទានប័ត្រដោយខ្លួនឯងផ្ទាល់នៅធនាគារ ឬផ្ញើរជូនទៅដល់ អាសយដ្ឋានដែលបានផ្តល់ដោយម្ចាស់គណនី។ ការស្នើសុំសៀវភៅមូលប្បទានបត្រ័បន្ទាប់អាចធ្វើ បានតាមរយៈការបំពេញទម្រង់ស្នើសុំដែលមានក្នុង សន្លឹកសៀវភៅមូលប្បទានបត្រ័ លុះត្រាតែ គណនីអ្នកស្នើសុំត្រូវបានពិនិត្យត្រឹមត្រូវ។ ការទទួល យកសៀវភៅមូលប្បទានបត្រ័ដោយតតិយជន អាចអនុញ្ញាតទៅបាន លុះត្រាតែមានការណែនាំជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។
៣.៣ មូលប្បទានប័ត្រសម្រាប់ប្រតិបត្តិការគណនីចរន្ត នឹងត្រូវផ្តល់ជូនដោយធនាគារ។ រាល់ការ ទូទាត់មូលប្បទានប័ត្រនៅសាខាធនាគារដែលគណនីបានបើក អាចធ្វើទៅបាន ដោយប្រើប្រាស់ មូលប្បទានប័ត្រដែលធនាគារផ្តល់ឲ្យតែប៉ុណ្ណោះ។ ការប្រើប្រាស់ម៉ាស៊ីនវាយអក្សរដោយ អេឡិចត្រូនិច អគ្គីសនី និងទឹកខ្មៅដែលអាចលុប បានសម្រាប់សរសេរលើមូលប្បទានបត្រ័ គឺមិនត្រូវបានអនុញ្ញាតនោះទេ។ ធនាគារមិនទទួលខុសត្រូវចំពោះការខូចខាត ដែលបណ្តាលមកពី ការប្រើប្រាស់ម៉ាស៊ីន វាយអក្សរដោយអេឡិចត្រូនិច អគ្គិសនី និងទឹកខ្មៅដែលអាចលុបបាននៅ លើមូលប្បទានប័ត្រឡើយ។
៣.៤ ម្ចាស់គណនីត្រូវរក្សាទុករាល់មូលប្បទានប័ត្រនៅកន្លែងដែលមានសុវត្ថិភាពគ្រប់ពេល។ ម្ចាស់គណនីត្រូវជូនដំណឹងទៅធនាគារដោយលាយលក្ខជាអក្សរជាបន្ទាន់ ប្រសិនបើមូលប្យទានប័ត្រ ណាមួយបានបាត់។ ធនាគារមិនទទួលខុសត្រូវក្នុងការខាតបង់ ឬ ខូចខាតកើតមានឡើងដល់ម្ចាស់ គណនី ដែលបណ្តាលមកពីការដកប្រាក់ដោយក្លែងបន្លំណាមួយ ឬ ដោយភាពធ្វេសប្រហែសរបស់ ម្ចាស់គណនីមុនពេលធនាគារទទួលបានការជូនដំណឹងជាលាយ លក្ខណ៍អក្សរពីការបាត់ មូលប្បទានប័ត្រឡើយ។
៣.៥ ប្រសិនបើម្ចាស់គណនីចេញមូលប្បទានបត្រ័ចំនួនច្រើន ឬ ការបញ្ជាឲ្យទូទាត់ចំនួនច្រើន ចេញពីគណនីចរន្ត ហើយចំនួនទឹកប្រាក់បូកសរុបបញ្ចូលគ្នានៃមូលប្បទានប័ត្រ ឬ ការបញ្ជាឲ្យទូទាត់ នោះលើសសមតុល្យដែលមានក្នុងគណនី ឬ ការព្រមព្រៀងមុនជាមួយធនាគារ ធនាគារមានសិទ្ធិប្រើ ប្រាស់មូលនិធិដែលមានសម្រាប់ទូទាត់មូលប្បទានប័ត្រ ឬ ការបញ្ជាឲ្យទូទាត់ចំពោះមូលប្បទាន័ត្រ ណាដែលយកមកបង្ហាញស្នើសុំទូទាត់មុន ដោយមិនគិតអំពីកាលបរិចេ្ឆទ ចុះលើមូលប្បទានប័ត្រ ឬ ការបញ្ជាទូទាត់ឡើយ។
៣.៦ ការទូទាត់មូលប្បទានប័ត្រជាសាច់ប្រាក់នៅអន្តរសាខា ដោយម្ចាស់គណនីចរន្តជារូបវន្ត បុគ្គល ត្រូវបានអនុញ្ញាត ប្រសិនបើគណនីនោះ មានសមតុល្យគ្រប់គ្រាន់ក្នុងការដក និងបង់កម្រៃ សេវាផ្សេងៗសំរាប់ការទូទាត់ដែលធនាគារកំណត់។
៣.៧ ការជូនដំណឹងអំពីគោលបំណងបញ្ឃប់ការទូទាត់មូលប្បទានប័ត្រ ត្រូវធ្វើឡើងជាលាយ លក្ខអក្សរក្នុងទម្រង់បែបបទ និងខ្លឹមសារដែលធនាគារបានកំណត់ ហើយលិខិតជូនដំណឹងនេះ ត្រូវរួមមានព័ត៌មានលម្អិតដូចជា លេខមូលប្បទានប័ត្រ លេខគណនី ចំនួនទឹកប្រាក់ ឈ្មោះអ្នកដែល ត្រូវទូទាត់ និងកាលបរិច្ឆេទ។ ធនាគារនឹងកត់ត្រា ឬ ជូនដំណឹងទៅអតិថិជនចំពោះការទប់ស្កាត់ ទូទាត់មូលប្បទានប័ត្រក្នុងគណនីចរន្ត បន្ទាប់ពីបានទទួលនូវការជូន ដំណឹងឲ្យបញ្ឈប់ការទូទាត់ជា លាយលក្ខណ៏អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។ ធនាគារមិនទទួលខុសត្រូវ ឬសងចំពោះការខូចខាត របស់ម្ចាស់គណនី ដែលបណ្តាលមក ពីការធ្វេសប្រហែសណាមួយ ការមិនទទួលបានលិខិតជូន ដំណឹង ឬ ការគ្រប់គ្រងរបស់ធនាគារក្នុងការបញ្ឈប់ការទូទាត់នោះទេ។ ធនាគារមិនទទួលយក នូវរាល់ការបញ្ជារឲ្យបញ្ឈប់ការទូទាត់មូលប្បទានប័ត្រដែលផ្តល់ដំណឹងមក ធនាគារដោយផ្ទាល់មាត់ តាមទូរស័ព្ទ តេឡិច ឬ តេឡេក្រាមឡើយ លើកលែងតែមានការ បញ្ជារឲ្យបញ្ឈប់ការទូទាត់នោះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៏អក្សរពីម្ចាស់ គណនីភ្លាមៗក្រោយពេលបញ្ជាដោយផ្ទាល់មាត់។ ធនាគារមិនទទួលខុសត្រូវ ទោះបីក្នុង កាលៈទេសៈណាក៏ដោយ សម្រាប់ការខាតបង់ដែលកើតមាន ចំពោះម្ចាស់គណនី ទាក់ទងនឹង ការជូនដំណឹងបញ្ឃប់ការទូទាត់ដោយផ្ទាល់មាត់ ទូរសព័្ទ តេឡិច ឬ តេឡេក្រាម ដែលគ្មានការបញ្ចាក់ ជាលាយលក្ខណ៏អក្សរពីម្ចាស់គណនី។ ធនាគាររក្សារសិទិ្ធក្នុងការ គិតកម្រៃសេវាដោយឆន្ទានុសិទ្ ធិរបស់ខ្លួន ដើម្បីបញ្ឈប់ការទូទាត់នីមួយៗ និងរៀងរាល់លើក។
៣.៨ ធនាគារនឹងបញ្ជូនមូលប្បទានប័ត្រនោះទៅឲ្យអ្នកស្នើសុំទូទាត់វិញ ដោយផ្តល់ ឬ មិនចាំបាច់ ផ្តល់មូលហេតុក្នុងករណីមូលប្បទានប័ត្រនោះមិនអាចទូទាត់បាន។ ធនាគារនឹងមិនទទួលខុសត្រូវ ចំពោះអ្នកចេញមូលប្បទានប័ត្រ អ្នកទទួល ឬ តតិយជនក្នុងករណីមូលប្បទានប័ត្រគ្មានសំវិធានធន ឡើយ។ ធនាគាររក្សាសិទិ្ធក្នុងការពិន័យចំពោះ មូលប្បទានប័ត្រគ្មានសំវិធានធន តាមឆន្ទានុសិទ្ធិតែ មួយគត់របស់ខ្លួន។
៣.៩ ប្រតិបត្តិការដកប្រាក់អាចធ្វើទៅបានដោយអាស្រ័យលើលក្ខខណ្ឌ និងមូលនិធិក្នុងគណនី ចរន្តនោះ។ ធនាគាររក្សាសិទ្ធិក្នុងការបិទគណនីចរន្ត និង/ឬ មូលប្បទានប័ត្រគ្មានសំវិធានធន ប្រសិន បើគណនីនោះមានសំវិធានធនមិនគ្រប់គ្រាន់ ហើយចេញមូលប្បទានប័ត្រ ដោយផ្អែកលើវិធាន គ្រប់គ្រងមូលប្បទានប័ត្រគ្មានសំវិធានធន។
៣.១០ លើកលែងមានការកំណត់ផ្សេង ចំពោះវិធានរបស់ធនាគារដែលគ្រប់គ្រង សេវាធនាគារតាម ប្រព័ន្ធអ៊ីនធើណេត របាយការណ៏គណនីនឹងត្រូវផ្តល់ជូនរៀងរាល់មួយខែម្តង ដែលម្ចាស់គណនីអាច មកទទួលយកនៅសាខា ដែលបានបើកគណនី លើកលែងតែមាន ការណែនាំផ្សេងដោយធនាគារ។ ម្ចាស់គណនីត្រូវត្រួតពិនិត្យមើលប្រតិបត្តិការ ដែលបានកត់ត្រានៅក្នុងរបាយការណ៏ និងជូនដំណឹង មកធនាគារវិញ ប្រសិនបើមានកំហុសណាមួយ ភាពមិនប្រក្រតីភាពខុសគ្នា ការទាមទារ ឬ ការដក ប្រាក់ដោយគ្មានការអនុញ្ញាតណាមួយ។ ប្រសិនបើធនាគារមិនបានទទួលនូវការជូនដំណឹងជា លាយលក្ខអក្សរ អំពីកំហុសឆ្គង ឬ ភាពមិនត្រឹមត្រូវទាក់ទងនឹងការដកប្រាក់ ឬ ដាក់ប្រាក់ដែលមាន កត់ត្រានៅក្នុងរបាយការណ៏ ក្នុងអំឡុងពេល១៤ (ដប់បួន)ថ្ងៃ បន្ទាប់ពីថ្ងៃចុងក្រោយនៃខែ ដែលរបាយការណ៏នោះចេញ ធនាគារត្រូវសន្មត់ថាម្ចាស់គណនីយល់ព្រមនូវការកំណត់ត្រា ក្នុង របាយការណ៏នោះថាមានភាពត្រឹមត្រូវទាំងប្រតិបត្តិការ និងកាលបរិច្ឆេទ។
៣.១១ ធនាគាររក្សាសិទ្ធិក្នុងការកំណត់កម្រៃសេវាពាក់កណ្តាលឆ្នាំម្តង ព្រមទាំងកម្រៃសេវាសម្រាប់ ការផ្តល់សៀវភៅមូលប្បទានប័ត្រ និងការបិទគណនីចរន្ត។
៣.១២ ការបិទគណនីចរន្ត ត្រូវធ្វើឡើងដោយម្ចាស់គណនីជាលាយលក្ខណ៏អក្សរ តាមទម្រង់ បែបបទពីធនាគារ។ ធនាគារមិនទទួលយកការជូនដំណឹងអំពីការបិទគណនីចរន្ត ដោយផ្ទាល់មាត់ តាមទូរស័ព្ទេ តេឡិច អ៊ីម៉ែល ឬ តេឡេក្រាម។ រាល់មូលប្បទានប័ត្រដែលនៅសល់ទាំងអស់ គឺជាកម្មសិទ្ធិរបស់ធនាគារ ក្រោយពេលបិទគណនីចរន្ត។ មូលប្បទានប័ត្រដែលមិនទាន់ប្រើប្រាស់ ទាំងអស់ត្រូវបញ្ជូនមកធនាគារវិញភ្លាម។
៤ គណនីប្រាក់បញ្ញើមានកាលកំណត់
៤.១ ធនាគារត្រូវបញ្ជាក់អំពីចំនួនទឹកប្រាក់អប្បបរមាសម្រាប់បញ្ញើមានកាលកំណត់ និង រយៈពេលតម្កល់ប្រាក់ ព្រមទាំងរក្សាសិទិ្ធក្នុងការផ្លាស់ប្តូរចំនួនទឹកប្រាក់អប្បបរមានៃប្រាក់បញ្ញើ និងរយៈពេលតម្កល់នៅពេលណាមួយនាពេលអនាគត តាមឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ។
៤.២ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានបញ្ជាក់ដោយប័ណ្ណដាក់ប្រាក់ បញ្ញើដែលមាន ហត្ថលេខា បញ្ជាក់របស់បុគ្គលិកធនាគារ ហើយប័ណ្ណនោះមិនមែនជា ឯកសារបញ្ជាក់កម្មសិទិ្ធ នោះទេ។
៤.៣ ការប្រាក់របស់គណនីបញ្ញើមានកាលកំណត់ គឺស្ថិតនៅក្នុងអត្រា ដែលបានឯកភាពគ្នារវាង ធនាគារ និងម្ចាស់គណនី នឹងត្រូវទូទាត់ជូនម្ចាស់គណនី ស្របតាមការអនុវត្តរបស់ធនាគារជា ធរមាន។
៤.៤ ការដកប្រាក់ផ្នែកណាមួយ មុនកាលកំណត់នឹងត្រូវចាត់ទុកជាការដកប្រាក់មុនការិយបរិច្ឆេទ ដកប្រាក់។
៤.៥ ការដកប្រាក់បញ្ញើមានកាលកំណត់ អាចធ្វើបានតែនៅសាខាធនាគារ ដែលបានរក្សាទុក បញ្ញើមានកាលកំណត់ប៉ុណ្ណោះ។ ត្រូវធ្វើការជូនដំណឹងក្នុងរយៈពេល ៣១ (សាមសិបមួយ) ថ្ងៃមុន ចំពោះប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ៣ ខែ ឬ លើសពីនេះ។
៤.៦ ធានាគារមិនធ្វើការទូទាត់ការប្រាក់ ចំពោះរាល់ការដកប្រាក់មុនកាលកំណត់ ហើយដកមុន រយៈ ៣(បី) ខែក្រោយពេលដាក់ប្រាក់បញ្ញើឡើយ។ ការទូទាត់ការប្រាក់នឹងត្រូវបានទូទាត់តាម ឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារដោយផ្អែកលើប្រាក់បញ្ញើ មានកាលកំណត់សម្រាប់រយៈពេល យ៉ាងតិចបំផុត ៦ និង១២ ខែ ហើយបានបំពេញចំនួនខែនៃបញ្ញើនោះ។
៤.៧ ការដកប្រាក់បញ្ញើមានកាលកំណត់មុនរយៈពេលកំណត់ នោះគណនីនឹងត្រូវបានបិទ។
៤.៨ រាល់ប្រាក់បញ្ញើមានកាលកំណត់ ដែលដល់កាលបរិច្ឆេទកំណត់មិនបានដក ត្រូវបន្តជាថ្មី ដោយស្វ័យប្រវត្តិ ដោយផ្អែកតាមរយៈពេលកំណត់ និងអត្រាការប្រាក់ដែលធនាគារកំណត់ នៅពេល បន្តជាថ្មីនោះ លើកលែងតែមានការកំណត់ផ្សេងក្នុងពាក្យស្នើសុំបើកគណនីប្រាក់បញ្ញើមានកាល កំណត់។
៥ គណនីរួម
៥.១ នៅពេលដែលគណនីមួយមានបុគ្គលពីរនាក់ ឬច្រើនជាងនេះ (“គណនីរួម”) បញ្ញត្តិ និង លក្ខខណ្ឌទាំងនេះត្រូវអនុវត្តចំពោះគ្រប់ម្ចាស់គណនីរួមដោយសាមគ្គីគ្នា។ ម្ចាស់គណនីរួមនីមួយៗ ត្រូវទទួលខុសត្រូវរៀងៗខ្លួន លើចំនួនទឹកប្រាក់ទាំងអស់ សម្រាប់ការធ្វើប្រតិបត្តិការណាមួយ ដែលពាក់ព័ន្ធនឹងគណនីរួម។ ចំពោះសំណើបន្ថែម ឬ ការផ្លាស់ប្តូរម្ចាស់គណនីរួមណាម្នាក់ ត្រូវធ្វើ ឡើងជាលាយលក្ខណ៏អក្សរ និងចុះហត្ថលេខាត្រឹមត្រូវដោយម្ចាស់គណនីទាំងអស់។ លិខិតស្នើសុំ នេះត្រូវបញ្ជាក់អំពីមូលហេតុ និងសមតុល្យនៃគណនីរហូតមកទល់កាលបរិច្ឆេទស្នើសុំ។
៥.២ លក្ខខណ្ឌនៃប្រតិបត្តិការសម្រាប់គណនីរួមអាចធ្វើតាមទម្រង់ណាមួយដូចខាងក្រោម៖
- ម្ចាស់គណនីរួមណាម្នាក់ក៏បាន
- ម្ចាស់គណនីរួមទាំងអស់ ឬ
- ម្ចាស់គណនីពីរនាក់ ឬ ម្ចាស់គណនីច្រើនជាងនេះ ក្នុងចំណោមម្ចាស់គណនីរួមទាំងអស់
ទម្រង់នៃប្រតិបត្តិការដែលបានជ្រើសរើសត្រូវបានកត់ត្រានៅក្នុងទម្រង់បែបបទដែលធនាគារកំណត់។
៥.៣ បន្ទាប់ពីគណនីរួមត្រូវបានបើក លក្ខខណ្ឌប្រតិបត្តិការនៃគណនីរួម អាចផ្លាស់ប្តូរលុះត្រាតែ មានការយល់ព្រមពីម្ចាស់គណនីរួមទាំងអស់នោះ។ ធនាគារមិនមានកាតព្វកិច្ចធ្វើការកែប្រែណាមួយ លើគណនីរួមតាមការបញ្ជា/ណែនាំពីម្ចាស់គណនីរួម ណាម្នាក់ ឬ ខ្លះៗនោះទេ។ ការបិទគណនី រួមនេះ ត្រូវមានការយល់ព្រមពីម្ចាស់គណនីទាំងអស់។
៥.៤ ករណីដែលម្ចាស់គណនីរួមណាម្នាក់ទទួលមរណៈភាព ក្ស័យធន ឬ មានបញ្ហាស្មារតី សមតុល្យឥណទានក្នុងគណនីរួមនោះអាចត្រូវបានទូទាត់ទៅម្ចាស់គណនីរួមដែលនៅរស់ ស្របតាម (ប្រសិនបើតម្រូវ) ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។
៦. សំណងការខូចខាត
៦.១ ម្ចាស់គណនីយល់ព្រមដោយគ្មានលក្ខខណ្ឌ និងគ្មានការកែប្រែ ក្នុងការធានា សងដល់ ធនាគារ ចំពោះរាល់ការទាមទារ ការស្នើសុំបណ្តឹង ការទទួលខុសត្រូវ ការខូចខាត ការចំណាយ ការខាតបង់ និងសោយហ៊ុយគ្រប់ប្រភេទ ដែលធនាគារអាចទទួលរងទាក់ទងនឹងឥណទានធនាគារ ណាមួយ ឬ ប្រាក់កម្ចី ឬ ការផ្គត់ផ្គង់ ការផ្តល់សេវាធនាគារណាមួយសម្រាប់ម្ចាស់គណនី ចំពោះ មូលប្បទានប័ត្រ ឬ ឧបករណ៍ទូទាត់ផ្សេងណាមួយរបស់ម្ចាស់គណនី ឬ គណនីណាមួយរបស់ ម្ចាស់គណនី (បំណុលរបស់ធនាគារ) និងត្រូវទូទាត់ទៅធនាគារតាមការស្នើសុំ នូវចំនួនទឹកប្រាក់ទាំង អស់ដែលធនាគារទាមទារ ឬ ធនាគារអាចទូទាត់ ឬ ទទួលខុសត្រូវទូទាត់ ដោយមូលហេតុ ឬ មានភាពពាក់ព័ន្ធនឹងបំណុលរបស់ធនាគារ។
៦.២ ធនាគារអាចទូទាត់ភ្លាមៗនូវទឹកប្រាក់ណាមួយ និង ទាំងអស់ដែលបានទាមទារ ឬ ដែល ធនាគារត្រូវទូទាត់ ទាក់ទងនឹងបំណុលរបស់ធនាគារ ដោយមិនចាំបាច់មានសំអាងណាមួយ ឬ ការសម្រេចពីម្ចាស់គណនីឡើយ ហើយធនាគារមិនមានកាតព្វកិច្ចសួរបញ្ចាក់ថាតើ ការទាមទារ ណាមួយត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ឬ អត់នោះទេ ទោះបីជាម្ចាស់គណនីបានជំទាស់លើ សុពលភាពនៃការទាមទារក៏ដោយ ហើយម្ចាស់គណនីត្រូវយល់ព្រមលើការទាមទារមកលើធនាគារ និងការទូទាត់ដែលធនាគារបានធ្វើ ថានឹងចងកាតព្វកិច្ចម្ចាស់គណនី។ ចំនួនទឹកប្រាក់ដែលធនាគារ បានទូទាត់ត្រូវកាត់ចេញពីគណនីប្រាក់បញ្ញើណាមួយ ដោយរួមទាំងគណនីរួម និងគណនីប្រាក់បញ្ញើ មានកាលកំណត់ដែលម្ចាស់គណនីមាននៅធនាគារ។
៦.៣ ម្ចាស់គណនីយល់ព្រម និងអនុញ្ញាតឲ្យធនាគារចែកចាយទៅបុគ្គលណាក៏ដោយ ទំាងក្នុង និងក្រៅប្រទេសកម្ពុជា រួមទាំងតែមិនកំណត់ត្រឹម ក្រុមហ៊ុននៅក្នុងគ្រុបរបស់ធនាគារ ព្រមទាំង ក្រុមហ៊ុនក្នុងគ្រុបស៊ីអាយអឹមប៊ីគ្រុបហ៊ូលឌឹងប៊ឺហាត (CIMB Group Holdings Berhad) ដែលជាក្រុមហ៊ុនហ៊ូលឌីងតែមួលគត់របស់ធនាគារ (ក្រុមហ៊ុនគ្រុប) ទោះបីជាក្រុមហ៊ុនគ្រុប នោះស្ថិតនៅក្នុង ការធ្វើសកម្មភាពអាជីវកម្ម ចុះបញ្ជី ឬ បានបង្កើតឡើងនៅក្នុង និងក្រៅប្រទេស កម្ពុជាក៏ដោយ នូវព័ត៌មានណាមួយដែលទាក់ទងទៅនឹងម្ចាស់គណនី អាជីវកម្មរបស់ម្ចាស់គណនី និង/ឬ គណនីធនាគាររបស់ម្ចាស់គណនីសម្រាប់គោលបំណងខាងលើនេះ បើធនាគារយល់ឃើញ ថាសមស្រប ឬ ត្រឹមត្រូវ។ ការចែកចាយព័ត៌មានទៅក្រុមហ៊ុនគ្រុប ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការលក់ ការប្រគល់ ការចែកចាយនូវផលិតផល និងសេវាហិរញ្ញវត្ថុត្រូវធ្វើឡើង សម្រាប់សម្រួល ប្រតិបត្តិការអាជីវកម្ម និងការលក់ផលិតផលច្រើនប្រភេទបញ្ចូលគ្នា និងគោលបំណងផ្សេងទៀត របស់ធនាគារ និង/ឬក្រុមហ៊ុនគ្រុប។
៧. បញ្ញត្តិ និងលក្ខខណ្ឌផ្សេងទៀត
៧.១ សិទ្ធិរបស់ធនាគារក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ គឺជាសិទ្ធិរបស់ធនាគារ ដែលបន្ថែម លើសិទ្ធិផ្សេងទៀតដែលធនាគារមាន។ ប្រសិនបើបញ្ញត្តិ និងលក្ខខណ្ឌណាមួយ ឬ បញ្ញត្តិនៃកិច្ច ព្រមព្រៀងណាមួយជាមួយម្ចាស់គណនី ខុសច្បាប់ ឬ មិនអាចអនុវត្តបានបញ្ញត្តិ និងលក្ខខណ្ឌ ដែលខុសច្បាប់ ឬ មិនអាចអនុវត្តបានទាំងនោះ មិនប៉ះពាល់ដល់បញ្ញត្តិ និងលក្ខខណ្ឌផ្សេងៗ ទៀតឡើយ។
៧.២ ធនាគារមានសិទ្ធិឃាត់ទុកជាប្រាតិភោគ នូវទ្រព្យសម្បត្តិ ប្រាក់ ឬ ទ្រព្យរបស់ម្ចាស់គណនី ឬ ទ្រព្យដែលបានដាក់ឲ្យធនាគារកាន់កាប់ ឬ គ្រប់គ្រងដើម្បីថែរក្សាទុក ឬ ផ្សេងពីនេះបាន។
៧.៣ ការព្រមព្រៀងពន្យាពេល ឬ ការខកខាន ឬ ការពន្យាពេលណាមួយរបស់ធនាគារ ក្នុងការ អនុវត្តសិទិ្ធអំណាច ឬ ការទាមទារជួសជុលការខូចខាត ឬ ការអនុវត្តផ្នែកណាមួយនៃសិទ្ធិ អំណាចណាមួយ មិនត្រូវបានចាត់ទុកជាការបោះបង់ចោលសិទ្ធិ អំណាច ឬ ការទាមទារជួសជុល ការខូចខាតនោះឡើយ ឬ មិនត្រូវបានចាត់ទុកជាការផ្អាកការអនុវត្តសិទ្ធិ អំណាចនោះទេ។ សិទិ្ធ អំណាច និងការទាមទារជួសជុលការខូចខាតផ្សេងៗរបស់ធនាគារ ត្រូវតែនៅមានអានុភាព និងបន្ត អនុវត្តដោយពេញលេញ រហូតដល់សិទិ្ធអំណាចទាំងនោះត្រូវបានបោះបង់ចោលដោយជាក់លាក់ ជា លាយលក្ខណ៍អក្សរដែលបានចុះហត្ថលេខាដោយធនាគារ។
៧.៤ ក្នុងករណីដែលបំណុលកើតឡើងដល់ធនាគារនៅពេលណាមួយ ម្ចាស់គណនីយល់ព្រម បោះបង់នូវសិទ្ធិទាមទារណាមួយរបស់ខ្លួន (អភ័យឯកសិទិ្ធ) ចំពោះទ្រព្យសម្បត្តិ ទ្រព្យសកម្ម ឬ ទ្រព្យអសកម្ម ផ្អែកតាមការអនុវត្តច្បាប់ ឬ នីតិវិធី ផ្សេងៗ ឬ សាលក្រមតុលាការ ឬ សេចក្តីសម្រេច មជ្ឈត្តករ។
៧.៥ ប្រសិនបើការទូទាត់ណាមួយដែលម្ចាស់គណនីជំពាក់ធនាគារ ត្រូវជាប់ពន្ធកាត់ទុក ឬ កាត់ កង នោះម្ចាស់គណនី ត្រូវបង់ទៅធនាគារ នូវចំនួនប្រាក់បន្ថែមលើចំនួនប្រាក់កាត់ទុក ឬ កាត់កងនោះ ដើម្បីឲ្យប្រាកដថា ធនាគារបានទទួលនូវចំនួនប្រាក់ទូទាត់ដែលជំពាក់នោះ។ ធនាគារ មានសិទិ្ធរក្សាទុកចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់ដែលម្ចាស់គណនីជំពាក់ធនាគារតែម្តង ដោយ មិនបញ្ជូលចំនួនទឹកប្រាក់ត្រូវកាត់ទុក និងកាត់កងនោះទេ។
៧.៦ បំណុលរបស់ម្ចាស់គណនីចំពោះធនាគារ នឹងមិនត្រូវបានប៉ះពាល់ ដោយសារការផ្លាស់ប្តូរ ការបង្កើត ឬ លក្ខន្តិកៈផ្លូវច្បាប់របស់ម្ចាស់គណនីទេ ហើយបំណុលទាំងនោះ នឹងនៅចងកាតព្វកិច្ច អ្នកបន្តសិទ្ធិពីអ្នកតំណាងរបស់ម្ចាស់គណនីនោះផងដែរ។
៧.៧ ម្ចាស់គណនីមិនត្រូវផ្ទេរ ឬ ធ្វើអនុប្បទានសិទ្ធិ ឬ កាតព្វកិច្ចផ្សេងៗដែល ទំនាក់ទំនងនឹង គណនីណាមួយ ឬ កិច្ចព្រមព្រៀងផ្សេងណាមួយ ឬ ប្រតិបត្តិការដែលបានធ្វើឡើងដោយ និង រវាងម្ចាស់គណនី និងធនាគារចំពោះភាគីណាមួយផ្សេងទៀត ដោយគ្មានការយល់ ព្រម លាយលក្ខណ៍អក្សរពីធនាគារបានឡើយ។ ធនាគារមានឆន្ទានុសិទ្ធិក្នុងការយល់ព្រម ដោយមិនចាំ បាច់ផ្តល់នូវមូលហេតុចំពោះការបដិសេធនោះ ឡើយ។
៧.៨ ករណីមានភាពមិនស្របគ្នា រវាងបញ្ញត្តិ និងលក្ខខណ្ឌជាភាសាអង់គ្លេស និងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសត្រូវយកជាគោល។
៧.៩ លើកលែងតែមានការព្រមព្រៀងជាពិសេសដោយឡែករវាងធនាគារ និងម្ចាស់គណនី បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទប្បញ្ញត្តិនៃ ព្រះរាជាណាចក្រ កម្ពុជា។ ម្ចាស់គណនីត្រូវយល់ព្រមដោយគ្មានលក្ខខណ្ឌថា ក្នុងករណីមានវិវាទដែលកើតឡើង ពាក់ព័ន្ធនឹងបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬ កិច្ចព្រមព្រៀងផ្សេងទៀតណាមួយរវាងធនាគារ និងម្ចាស់គណនី ឬ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ឬ ហិរញ្ញវត្ថុផ្សេងទៀតណាមួយរវាងធនាគារ និងម្ចាស់គណនី វិវាទនោះត្រូវបញ្ជូល និងដោះស្រាយដោយតុលាការកម្ពុជា តាមជម្រើសតែមួយគត់ របស់ធនាគារ។ សម្រេចណាមួយរបស់តុលាការត្រូវតែជាសេចក្តីសម្រេចចងកាតព្វកិច្ច និង ចុងក្រោយ។ ការចំណាយផ្សេងៗរួមទាំងការចំណាយពាក់ព័ន្ធកិច្ចការច្បាប់លើការដោះស្រាយវិវាទ ត្រូវតែជាបន្ទុករបស់ម្ចាស់គណនី។
៧.១០ ម្ចាស់គណនីទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនូវរាល់ព័ត៌មានដែលបានផ្តល់ឲ្យធនាគារ។ ធនាគារមិនទទួលខុសត្រូវចំពោះផលវិបាកនានាដែលកើតមានឡើងពីការភាន់ច្រឡំ និង/ឬព័ត៌មានមិនត្រឹមត្រូវដែលម្ចាស់គណនីផ្តល់ឲ្យធនាគារឡើយ។
ខ្ញុំ/យើងខ្ញុំ ទទួលស្គាល់ថា ខ្ញុំ/យើងខ្ញុំបានទទួល និងបានអាននូវរាល់បញត្តិ និងលក្ខខណ្ឌគ្រប់គ្រង រាល់ប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើដែលចេញដោយ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និង សូមធ្វើការបញ្ជាក់ពីការព្រមព្រៀងរបស់ខ្ញុំ/យើងខ្ញុំចំពោះបញ្ញត្តិ និងលក្ខខណ្ឌគ្រប់គ្រងប្រតិបត្តិការ គណនីដាក់ប្រាក់បញ្ញើនេះ។
តំណលីងនេះ ត្រូវបានផ្តល់ជូន សម្រាប់ភាពងាយស្រួលរបស់លោកអ្នកតែប៉ុណ្ណោះ ហើយមិនត្រូវបានចាត់ទុក ឬ បកស្រាយថា មានការយល់ព្រម ឬ ការផ្ទៀងផ្ទាត់ លើតំណលីងគេហទំព័រ ឬ មាតិកាទាំងអស់នោះ ដោយធនាគារ ស៊ីអាយអិមប៊ី ឡើយ។
ធនាគារ ស៊ីអាយអិមប៊ី មិនធានា ចំពោះរាល់ទិន្នន័យ និង ព័ត៌មាន នៅលើគេហទំព័រ ដែលលោកអ្នកនឹងចូលទៅកាន់នេះឡើយ។
តើលោកអ្នកមានបំណងដំណើរការដែរឬទេ?