នៅក្នុងទំនាក់ទំនងគូស្នេហ៍ លោកអ្នកទំនងជាដឹងច្បាស់ ពីដៃគូរបស់អ្នក ទាំងការគិតក្នុងចិត្ត និងផ្នែកខាងក្រៅ ដែលរាប់តាំងពីអ្វីដែលគេចូលចិត្ត និង អ្វីដែលគេមិនចូលចិត្ត ក៏ដូចជាគោលដៅជីវិតជាដើម។ ប៉ុន្តែតើលោកអ្នកដឹងច្បាស់ ពីហិរញ្ញវត្ថុដៃគូរបស់អ្នកបានកម្រិតណា? សម្រាប់គូស្នេហ៍ភាគច្រើន ការនិយាយពីរឿងប្រាក់កាស និងបំណុល ក៏ដូចជាទម្លាប់នៃការចំណាយ និងការសន្សំ គឺមិនសូវស្រួលឡើយ។

 

 

ការស្វែងរកវិធីសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុ ដែលសាកសមសម្រាប់អ្នកទាំងពីរ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទំនាក់ទំនងស្នេហា ដែលមានភាររឹងមាំ និងភាពរីករាយ។ ប៉ុន្តែតើលោកអ្នកគួរតែចាប់ផ្តើមការសន្ទនាយ៉ាងដូចម្តេច?

 

ទាំងនេះ ជាចំណុចគួរពិចារណាមួយចំនួនដែលអាចជួយអ្នកបាន។

តើយើងគួរតែគ្រប់គ្រងទ្រព្យសម្បត្តិ មុនពេលរៀបការយ៉ាងដូចម្តេច?

How should we manage pre-wedding properties?

ទោះជាលោកអ្នកកំពុងឈានទៅរកដំណាក់កាលមួយទៀត នៃទំនាក់ទំនងគូស្នេហ៍ ឬមានគម្រោងរៀបការក៏ដោយ វាច្បាស់ណាស់ថា អ្នកទាំងពីរនឹងក្លាយជាម្ចាស់កម្មសិទ្ធិ លើទ្រព្យសម្បត្តិក្រោយរៀបការ រួមមានដីធ្លី ផ្ទះសម្បែង និងរថយន្តជាដើម។

 

ទោះបីជាយ៉ាងណាក៏ដោយ តើលោកអ្នកបានបញ្ជាក់ច្បាស់លាស់ ជាមួយដៃគូរបស់អ្នក អំពីទ្រព្យសម្បត្តិមុនពេលរៀបការហើយឬនៅ? ប្រសិនបើទ្រព្យសម្បត្តិទាំងនោះបានមកដោយប្រាក់កម្ចី តើលោកអ្នកយល់ព្រមសងផ្តាច់ ឬចូលរួមបង់រំលស់ប្រចាំខែជាមួយគ្នាដែរឬទេ? ហើយតើវានឹងក្លាយជាទ្រព្យសម្បត្តិរួម ក្រោយពេលរៀបការមែនឬទេ?

 

ដើម្បីស្មើភាពគ្នា លោកអ្នកគួរតែជជែក ចរចា និងសម្រេចចិត្តទៅតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន មុនពេលឈានទៅរកជីវិតអាពាហ៍ពិពាហ៍។ សូមចងចាំថា លោកអ្នកនឹងត្រូវរស់នៅ និងកសាងអនាគារជាមួយគ្នា អស់មួយជីវិត។

តើនរណាជាអ្នកគ្រប់គ្រងចំណូលគ្រួសារ?

ភរិយាត្រវតែគ្រប់គ្រងទាំងចំណូលរបស់គាត់ និងចំណូលរបស់ស្វាមី។ មិនប្រាកដទេ! ពេលវេលារំកិលទៅមុខ មនុស្សមានការផ្លាស់ប្តូរ ហើយរបៀបនៃការរស់នៅមានការវិវឌ្ឍ។ វាមិនសំខាន់ទេ ក្នុងការអនវត្តតាមទម្លាប់ចាស់គំរឹលនេះទេ ប្រសិនបើអ្នកទាំងពីរមិនមានផ្នត់គំនិតដូចគ្នា។ សូមកុំបង្ខំខ្លួនឯង ដើម្បីទទួលយកវប្បធម៌ ឬបង្ខំដៃគូរបស់អ្នក ឲ្យធ្វើតាមអ្នក។

 

មានក្រុមគ្រួសារកាន់តែច្រើនឡើងៗ ក្នុងប្រទេសកម្ពុជា ដែលមិនអនុវត្តរបៀបគ្រប់គ្រងហិរញ្ញវត្ថុនេះ។ ទាំងបុរស និងស្រ្តី មានសិទ្ធិស្មើគ្នា និងមានចំណូលរៀងៗខ្លួន។ ដរាបណាលោកអ្នកដឹងពីស្ថានភាពលំហូរសាច់ប្រាក់គ្រួសាររបស់អ្នក និងមានផែនការអភិវឌ្ឍន៍ចំណូលគ្រួសារសមស្រប វាគ្មានបញ្ហាចោទថា នរណាគួរតែគ្រប់គ្រងប្រាក់ចំណូលសរុបផ្តាច់មុខឡើយ។

យើងនឹងជួបប្រទះរឿងគ្រប់យ៉ាងជាមួយគ្នា ដូច្នេះយើងត្រូវដឹងច្បាស់ អំពីប្រាក់កម្ចីរៀងខ្លួន ប្រសិនបើមាន

We’ll soon face everything together, so let’s see if we have debts

ឥណទានបុគ្គល និងប័ណ្ណឌឥណទាន - រៀបការជាមួយនរណាម្នាក់ ប្រៀបដូចរៀបការជាមួយនឹងបំណុលរបស់គេផងដែរ។ ឥឡូវនេះ គឺជាពេលវេលាល្អ ក្នុងការពិភាក្សាអំពីបំណុលរបស់អ្នកនិងដៃគូ ហើយរៀបចំផែនការគ្រប់់គ្រងបំណុលរួមគ្នា។

 

សូមបង្ហាញភាពស្មោះត្រង់ និងបើកចំហរខ្លួនឯង ប្រសិនបើលោកអ្នកស្រឡាញ់ និងជឿទុកចិត្តគ្នា។ សូមប្រាប់អំពីទម្លាប់នៃការចំណាយ ហើយស្វែងយល់ថាតើចំណុចណាគួរកែលម្អ សម្រាប់ជីវិតគូស្នេហ៍ថ្មីថ្មោងរបស់អ្នក។

តើយើងគួរសន្សំ និងវិនិយោគប៉ុន្មាន សម្រាប់អនាគតល្អប្រសើរ?

ពិភាក្សាអំពីចំណូលរបស់អ្នក និងរបស់ដែលអ្នកចង់សន្សំលុយ ដូចជាការសន្សំ សម្រាប់​កូនៗ ការបន្តសិក្សា ឬវិស្សមកាលប្រចាំឆ្នាំ។ លោកអ្នកអាចពិភាក្សា អំពីវិធីសាស្រ្តវិនិយោគល្អបំផុត សម្រាប់អនាគតរបស់អ្នក ដូចជាការធ្វើជំនួញ ទិញទ្រព្យ និងរបស់ជាច្រើនទៀត។ សូមកុំស្ទាក់ស្ទើរ ក្នុងការពិភាក្សា និងរៀបចំខ្លួនទុកជាមុន សម្រាប់ហានិភ័យនានា ដែលអាចកើតមាន សម្រាប់ជីវិតអាពាហ៍ពិពាហ៍។

 

ការសន្ទនានេះអាចជួយលោកអ្នក និងដៃគូរបស់អ្នក ក្នុងការបង្កើតផែនការសន្សំ ដែលអាចសម្រេចគោលដៅរួមគ្នា។

តើយើងគួរបើកគណនីរួមគ្នាដែរឬទេ? តើលោកអ្នកគិតដូចម្តេចដែរ?

Should we open a joint account? What do you think?

លោកអ្នកនឹងចែករំលែករឿងគ្រប់យ៉ាងរួមគ្នា នៅពេលរៀបការហើយ ដែលក្នុងនោះរួមទាំងគណនីធនាគារផងដែរ។ ជជែកជាមួយដៃគូរបស់អ្នក ថាតើលោកអ្នកនឹងបើកគណនីរួមគ្នាដែរឬទេ ហើយទំហំទឹកប្រាក់ប៉ុន្មាន ដែលគួរដាក់ក្នុងគណនីជាមួយគ្នា។

 

ប្រសិនបើលោកអ្នកសម្រេចចិត្តបើកគណនីរួមគ្នា សូមពិភាក្សាអំពីប្រភេទគណនី ដែលសាកសមល្អបំផុត សម្រាប់អនាគតរបស់អ្នក។ លោកអ្នកអាចជ្រើសរើសគណនីរួមគ្នា ដូចជាគណនីសន្សំ និងគណនីបញ្ញើមានកាលកំណត់​ដែលផ្តល់នូវអត្រាការប្រាក់ល្អ ជាមួយនឹងធនាគារគួរឲ្យទុកចិត្ត និងមានសុវត្ថិភាពខ្ពស់ ហើយលោកអ្នកអាចដកប្រាក់វិញបាន គ្រប់ពេលមានតម្រូវការ។

តើអ្វីគឺជាផែនការអនាគតរបស់អ្នក ហើយខ្ញុំអាចជួយដល់ពួគគេយ៉ាងដូចម្តេច?

What are your future plans and how can I support them?

អាជីព អាជីវកម្ម និងហិរញ្ញវត្ថុរួមគ្នារបស់អ្នក មានទំនាក់ទំនងគ្នា ទៅវិញទៅមក។ ជជែកអំពីផែនការ និងការផ្លាស់ប្តូរផ្សេងៗ (ដូចជាការឡើងតំណែងការងារ ការពង្រីកអាជីវកម្ម ឬការផ្លាស់ប្តូរទីលំនៅ) ដែលអាចកើតឡើង នៅថ្ងៃអនាគត។ ទាំងអស់នេះនឹងជះឥទ្ធិពល ដល់ចំណូល ចំណាយ និងទម្លាប់ចំណាយរបស់អ្នក។

 

អត្ថបទនេះ នាំមកជូនដោយធនាគារ ស៊ីអាយអិមប៊ី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ធនាគារ ក្នុងការលើកកម្ពស់កម្រិតនៃការយល់ដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។ ចំណេះដឹង និងការយល់ដឹង ផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ដោយគ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ ដែលទាំងអស់នេះនឹងជួយលើកស្ទួយសុខុមាលភាពរបស់យើងទាំងអស់គ្នា។ ស្របជាមួយគ្នានេះ វាជួយសម្រេចទីសដៅរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីភាពប្រសើរឡើងរបស់អតិថិជន និងសង្គមជាតិទាំងមូល។


អ្នកប្រហែលជាអាចចូលចិត្ត

រៀបចំផែនការសម្រាប់អនាគតរបស់ខ្ញុំ